រដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី ជំរុញឱ្យពិភពលោក គាំទ្ររបបតាលីបង់នៅអាហ្វហ្គានីស្ថាន
- 2021-08-20 08:15:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី ជំរុញឱ្យពិភពលោក គាំទ្ររបបតាលីបង់នៅអាហ្វហ្គានីស្ថាន
ចន្លោះមិនឃើញ
លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន បាននិយាយថា ពិភពលោកគួរតែណែនាំ និងគាំទ្រដល់របបដឹកនាំថ្មីនៅអាហ្វហ្គានីស្ថាន របស់ក្រុមតាលីបង់ ជាជាងការដាក់សម្ពាធ។ លោកថ្លែងដូច្នេះ ក្នុងជំនួបពិភាក្សាតាមទូរសព្ទជាមួយរដ្ឋមន្រ្តីការបរទេសអង់គ្លេស លោក ដូមីនីក រ៉ាអាប់ នៅថ្ងៃទី១៩ សីហា ២០២១។
បើតាមលោក វ៉ាង យី ឱ្យដឹងថា ស្ថានភាពនៅអាហ្វហ្គានីស្ថាន នៅតែបន្តអស្ថិរភាព និងមិនប្រាកដប្រជា។ «សហគមន៍អន្តរជាតិ គួរតែលើកទឹកចិត្ត និងណែនាំដល់របបដឹកនាំថ្មី ក្នុងផ្លូវវិជ្ជមាន ជំនួសឱ្យការបន្ថែមសម្ពាធ ដែលវានឹងជួយដល់ការស្តារស្ថិរភាពស្ថានភាព»។
លោកបន្ថែមទៀតថា សហគមន៍អន្តរជាតិមិនគួរយកអាហ្វហ្គានីស្ថាន ធ្វើជាសមរភូមិទីលាននយោបាយនោះទេ ប៉ុន្តែគួរតែគោរពដល់ឯករាជ្យ និងឆន្ទៈរបស់ប្រជាជនអាហ្វហ្គានីស្ថាន។
គួរកត់សម្គាល់ដែរថា មុនវាយឈ្នះកងទ័ពរដ្ឋាភិបាលអាហ្វហ្គានីស្ថានចូលកាន់កាប់ក្រុងកាប៊ុល នៅថ្ងៃទី១៥សីហា ពោលគឺកាលពីថ្ងៃទី២៨ កក្កដា មេដឹកនាំតាលីបង់ លោក Mullah Abdul Ghani Baradar បានជួបជាមួយលោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន នៅក្រុងធានជីង ប្រទេសចិន ដែលបង្ហាញពីទំនាក់ទំនងដ៏ល្អរវាងភាគីទាំងពីរ។
ក្នុងជំនួបពិភាក្សានោះ លោក វ៉ាង យី បានលើកឡើងថា ក្រុមតាលីបង់គឺជាយោធា និងកម្លាំងនយោបាយដ៏សំខាន់មួយក្នុងប្រទេសអាហ្វហ្គានីស្ថាន ហើយលោករំពឹងថា ក្រុមតាលីបង់នឹងដើរតួនាទីដ៏សំខាន់ក្នុងដំណើរការសន្តិភាព ផ្សះផ្សារជាតិ និងការកសាងប្រទេសឡើងវិញ៕