កម្ពុជា ស្នើថៃ ៦ចំណុចក្នុងជួបពិភាក្សាការងារដើម្បីពង្រឹងកិច្ចសហការវិស័យទេសចរណ៍
- 2021-08-20 09:21:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជា ស្នើថៃ ៦ចំណុចក្នុងជួបពិភាក្សាការងារដើម្បីពង្រឹងកិច្ចសហការវិស័យទេសចរណ៍
ចន្លោះមិនឃើញ
លោក សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយលោក Phiphat Ratchakitprakarn រដ្ឋមន្ត្រីទេសចរណ៍ និងកីឡានៃព្រះរាជាណាចក្រថៃ ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហការលើវិស័យទេសចរណ៍កម្ពុជា-ថៃ ក្នុង និងក្រោយដំណាក់កាលជំងឺកូវីដ-១៩។ ជំនួបពិភាក្សានេះ ធ្វើឡើងកាលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។
លោក សុខ សុក្រឹត្យា ក៏បានជម្រាបភាគីថៃ ពីការខិតខំប្រឹងប្រែងរបស់ រាជ រដ្ឋាភិបាលក្នុងការស្តារហេដ្ឋារចនាសម្ព័ន្ធបម្រើឲ្យវិស័យទេសចរណ៍ធម្មជាតិ អេកូទេសចរណ៍ និងទេសចរណ៍តំបន់ឆ្នេរ សម្រាប់ត្រៀមទទួលភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ជាពិសេស ជនជាតិថៃ ដែលនឹងអញ្ជើញមកទស្សនាកម្ពុជានាពេលដ៏ខ្លីខាងមុខ បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩ ស្រាកស្រាន្ត។ លោក សុខ សុក្រឹត្យាក៏បានស្នើសុំភាគីថៃ ដូចខាងក្រោម៖
១- បង្កើនការផ្តល់អាហារូបករណ៍ទេសចរណ៍ដល់មន្ត្រីទេសចរណ៍កម្ពុជា
២- ជំរុញផ្នែកឯកជនថៃចូលរួម ATF 2022 នៅខេត្តព្រះសីហនុឲ្យបានច្រើន
៣- បង្កើនកិច្ចសហការក្នុងការរៀបចំកញ្ចប់ទស្សនកិច្ចរួមគ្នាសម្រាប់ទេសចរបរទេស
៤- ជំរុញចលនាទេសចរណ៍បើកបរឆ្លងដែន (Self Driving-Tour)
៥- ជំរុញការអនុវត្តក្របខណ្ឌកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ACMEC លើការប្រើប្រាស់ទិដ្ឋាការទោល (Single Visa) សម្រាប់ទេសចរបរទេសនៃប្រទេសទី៣ មកទស្សនាកម្ពុជា និងថៃ
៦- បង្កើនការផ្សព្វផ្សាយគោលដៅដៅទេសចរណ៍ ព្រះរាជាណាចក្រពីរ គោលដៅតែមួយ (Two Kingdoms One Destination) ។
លោក សុខ សុក្រឹត្យាក៏បានស្នើសុំឱ្យអ្នកសារពត៌មានថៃ ជួយបង្កើនការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា និងវេទិកាទេសចរណ៍អាស៊ាន (ATF 2022) ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២២ ទៅកាន់ព្រះរាជាណាចក្រថៃ និងបណ្តាប្រទេសជាមិត្តទាំងក្នុង និងក្រៅតំបន់។ ជាការឆ្លើយតប ក្រុមអ្នកសារព័ត៌មានខាងលើ បានសន្យាជួយកម្ពុជាក្នុងការបន្តផ្សព្វផ្សាយពី សម្បត្តិវប្បធម៌ និងសក្តានុពលទេសចរណ៍ដ៏ល្អឯករបស់កម្ពុជាឱ្យកាន់តែទូលំទូលាយថែមទៀត៕
ប្រភព៖ ក្រសួងទេសចរណ៍