ផ្លូវជាតិលេខ៤៨ ទៅកោះកុង៖ ចំណុច​អន្ទង់អាំង និង​ចំណោតតាតៃ នឹងត្រូវ​សង់​ដល់ ៤គន្លង

  • 2021-08-23 07:33:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាព្រឹក​ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ នៅទីស្តីការក្រសួង លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាគម្រោងសាងសង់ និងលើកកម្រិតគុណភាពផ្លូវ ជាតិលេខ៤៨ ក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ ដោយមានការចូលរួមដោយផ្ទាល់ និង តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក តំណាងក្រុមហ៊ុនសាងសង់ តំណាង ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងភាគីពាក់ព័ន្ធផងដែរ។

ផ្លូវនេះមានប្រវែងសរុប១៤៨ គីឡូម៉ែត្រ ចាប់ពីចំការហ្លួង ស្រុកស្រែអំបិល ដល់ ក្រុងខេមរភូមិន្ទ ខេត្ត កោះកុង ក្នុងនោះប្រវែង១២២,៩ គីឡូម៉ែត្រមានចំនួនពីរគន្លង និង​ប្រវែង២៥,១គីឡូម៉ែត្រមាន​ចំនួន ០៤ គន្លង​លើទីតាំងចំនួនបួនគឺ៖

១). ប្រវែង១២គីឡូម៉ែត្រ (គ.ម ០+០០០- គ.ម ១២+០០០)

២). ប្រវែង៣,៤ គីឡូម៉ែត្រ (គ.ម ៥៧+៧០០ - គ.ម ៦១+១០០) ចំណុចអន្ទង់អាំង និងជាកន្លែងប្តូរខ្សែ ផ្លូវថ្មីទី១(Realignment)

៣). ប្រវែង៤,២គីឡូម៉ែត្រ (គ.ម ១២៤+៤០០ - គ.ម ១២៨+៦០០)ចំណុច ចំណោតតាតៃ និងជាកន្លែង ប្តូរ ខ្សែផ្លូវថ្មីទី២(Realignment)

និង៤). ប្រវែង៥,៥ គីឡូម៉ែត្រ(គ.ម ១៤២+៥០០ - គ.ម ១៤៨+០៣៨) ទទឹងផ្លូវ១១ម៉ែត្រ(ពីរគន្លង) ១៨,៥ម៉ែត្រដល់ ២១,៥ម៉ែត្រ(បួនគន្លង) ក្រាលបេតុង កៅស៊ូ(AC) (កម្រាស់ ០៧សង់ទីម៉ែត្រ ) បេតុងសរសៃដែក(២៥សង់ទីម៉ែត្រ) ត្រង់ផ្លូវប្រសព្វ។

ជាងនេះទៅទៀត ផ្លូវនេះមានការកែសម្រួលចំណុចផ្លូវប្រសព្វចំនួន០៥កន្លែង ១). ចំការហ្លួង ២). ស្រែអំបិល ៣). ផ្លូវបំបែកចូលទៅគីរីសាគរ ៤). ផ្លូវបំបែកចូលទៅទំនប់វារីអគ្គីសនី ៥).ផ្លូវបំបែកចូលទៅ ព្រលានយន្តហោះ សាងសង់ស្ពានថ្មីចំនួន០៤កន្លែង (ប្រវែង១១៣ម) ប្រព័ន្ធបង្ហូររំដោះទឹក លូមូលបេតុង ១៤០កន្លែង(ថ្មី១៥កន្លែង និងពង្រីក១២៥កន្លែង) លូប្រអប់ ១៥កន្លែង(ថ្មី ៣កន្លែង និងពង្រីក ១២កន្លែង) បំពាក់គ្រឿងបរិក្ខារសុវត្ថិភាពចរាចរណ៍ ការកំណត់ល្បឿន៨០គីឡូម៉ែត្រ/ម៉ោង (តំបន់ទំនាប ឬផ្លូវត្រង់) ៦០គីឡូម៉ែត្រ/ម៉ោង (តំបន់ខ្ពង់រាប ឬផ្លូវកោង) រយៈពេលសាងសង់ចំនួន៣២ខែ គ្រោងចាប់ផ្តើមសាង សង់នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១។

គម្រោងសាងសង់ផ្លូវនេះគ្រោងចំណាយទឹកប្រាក់សរុបប្រមាណ ៧៨ ៣៩៨ ៧៤១,៥៣ ដុល្លារអាមេរិក ក្នុងនោះ៖ តម្លៃគម្រោងសាងសង់ចំនួន ៥៩ ១៤៦ ៧៤១,៥៣ ដុល្លារអាមេរិក តម្លៃសិក្សានិងត្រួតពិនិត្យ គម្រោងចំនួន៦ ០០០ ០០០ដុល្លារអាមេរិក ក្រោមមូលនិធិនៃកិច្ចសហប្រតិបតិ្តការអភិវឌ្ឍន៍សេដ្ឋកិច្ច (The Economic Development Cooperation Fund-EDCF) នៃសាធារណរដ្ឋកូរ៉េ ថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជាចំនួន ១៣ ២៥២ ០០០ ដុល្លារអាមេរិកសម្រាប់ការងារដោះស្រាយផល ប៉ះពាល់ ដោះមីន និងគ្រឿងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ការគ្រប់គ្រងគម្រោង និងពន្ធអាករ សាងសង់ដោយ ក្រុមហ៊ុនសាងសង់កូរ៉េ ILSUNG & HANIL Joint Venture និងត្រួតពិនិត្យបច្ចេកទេសក្រុមហ៊ុន ទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture។

ផ្លូវនេះគឺជាផ្នែកមួយនៃផ្លូវហាយវ៉េអាស៊ាន១២៣ (ASEAN Highway 123) ដែលភ្ជាប់ប្រទេសកម្ពុជា ទៅព្រះរាជាណាចក្រថៃឡង់ដ៏ និងភ្ជាប់ពីភាគខាងកើតនៃឧបទ្វីបឥណ្ឌូចិន ទៅភាគខាងលិចនៃឧបទ្វីប ឥណ្ឌូចិន ត្រង់ក្រុងដាវ៉េ(Dawai) ប្រទេសភូមា។ តាមបណ្តោយផ្លូវជាតិលេខ៤៨នេះមានតំបន់សេដ្ឋកិច្ច ពិសេស(SEZ) ចំនួន០៤កន្លែង៖ ១). តំបន់សេដ្ឋកិច្ចពិសេសកោះកុង(Koh Kong SEZ) ២). តំបន់ សេដ្ឋកិច្ចពិសេសស៊ួយ ឆេង (Suoy Chheng SEZ) ៣). តំបន់សេដ្ឋកិច្ចពិសេសគិរីសាគរកោះកុង (Kirisakor Koh Kong SEZ) និង៤). តំបន់សេដ្ឋកិច្ចពិសេសរតនា(Ratana SEZ) ព្រមទាំងមានតំបន់ ទេសចរណ៍គិរីសាគរផងដែរ។

ថ្លែងទៅកាន់អង្គពិធីនាឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដែលបានផ្តល់ប្រាក់កម្ចីដើម្បីស្តារ និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៤៨ ក្រោមឥណទានប្រាក់កម្ចីរបស់សាធារណរដ្ឋកូរ៉េ (EDCF) និងបានសំណូមពរឱ្យក្រុមហ៊ុនសាងសង់អនុវត្ត គម្រោងសាងសង់ផ្លូវនេះប្រកបដោយគុណភាពខ្ពស់ ស្របតាមលក្ខខណ្ឌនៃកិច្ចសន្យាសាងសង់ និងតាម បទដ្ឋាបច្ចេកទេស ជាពិសេសត្រូវតាមដាន និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសនៃការសាងសង់ ឱ្យបាន ខ្ជាប់ខ្ជួនដើម្បីធានាថាផ្លូវនេះមានគុណភាពរឹងមាំ និងអាចប្រើប្រាស់ជាប់បានយូរអង្វែង។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកក៏បានផ្ដាំផ្ញើឱ្យក្រុមសាងសង់ និងក្រុមហ៊ុនត្រួតពិនិត្យ បច្ចេកទេសសាងសង់ ត្រូវយកចិត្តទុកដាក់សាងសង់ដោយឈរលើគោលការណ៍គុណភាពជាចម្បង និង ត្រូវស្រោចទឹកឱ្យបានជាប្រចាំដើម្បីកុំឱ្យរំខាន និងប៉ះពាល់ដល់សុខភាពអ្នកធ្វើដំណើរ និងបងប្រជាពល រដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវនោះ និងត្រូវធានាថាគ្មានគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវនេះ តាមរយៈ ការបំពាក់ផ្លាកសញ្ញាចរាចរណ៍ឱ្យបានគ្រប់គ្រាន់ និងមានភ្លើងបំភ្លឺនៅពេលយប់ផងដែរ។

គួរកត់សម្គាល់ថា៖ គម្រោងលើកកម្រិតគុណផ្លូវជាតិលេខ៤៨នេះ នឹងផ្តល់អត្ថប្រយោជន៍សំខាន់ៗដូច តទៅ៖ ១). ធ្វើឱ្យប្រសើរឡើងនូវចរាចរណ៍របស់អ្នកដំណើរតាមរយៈការកាត់បន្ថយពេលវេលា និងថ្លៃធ្វើ ដំណើរនិងដឹកជញ្ជូន ២). បង្កើនការធានាសុវត្ថិភាពចរាចរណ៍ក្នុងការធ្វើដំណើរតាមរយៈបំពាក់គ្រឿង បរិក្ខារសុវត្ថិភាពគ្រប់គ្រាន់ និងកែសម្រួលកាំកំណោង និងចំណោតខ្លាំងរបស់ផ្លូវ ៣). ជំរុញសក្តានុពល តំបន់ទេសចរណ៍ ៤). បង្កើនការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់ជាពិសេសជាមួយប្រទេសជិតខាង៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

អត្ថបទថ្មី
;