ក្រុមហ៊ុន​ថា មិនបាន​លួចដឹកប្រេងពីកម្ពុជាទេ និង​សោកស្តាយ​ចំពោះ​អាជ្ញាធរ​ឥណ្ឌូណេស៊ី​ដែល​ចាប់​កប៉ាល់ខ្លួន

  • 2021-08-26 08:41:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន World Tankers Management ដែលជាប្រតិបត្តិករ​កប៉ាល់ដឹកប្រេង MT Strovolos បានច្រានចោល​ការចោទប្រកាន់​ថា មិនបាន​លួចដឹកប្រេងចេញ​ពីកម្ពុជានោះទេ និង​បង្ហាញ​ការសោកស្តាយ​ចំពោះ​អាជ្ញាធរ​ឥណ្ឌូណេស៊ី​ដែលចាប់​កប៉ាល់​ខ្លួន។

សេចក្តីថ្លែងការណ៍​របស់​ក្រុមហ៊ុន​លើកឡើងថា៖ «យើងបានសោកស្តាយ​ចំពោះ​របាយការណ៍​ដែល​ថា សមាជិកនាវិក​មួយ​ចំនួន​ត្រូវបានឃុំខ្លួន​ដោយ​អាជ្ញាធរ​ឥណ្ឌូណេស៊ី ខណៈ​នាវិក​មួយ​ចំនួន​ទៀត ត្រូវជាប់គាំងលើ​កប៉ាល់​ មិនអាចចុះគោកបាន»។

ក្រុមហ៊ុននេះ អះអាងថា កប៉ាល់ MT Strovolos បាន​ដឹកប្រេង​ប្រហែល ៣០ម៉ឺនបារ៉ែល ក្នុងតំបន់អប្សរា កាលពីថ្ងៃទី២១ឧសភា ក្រោម​កិច្ចព្រមព្រៀង​ជួល​ដោយ​ក្រុមហ៊ុនរុករក​ប្រេង KrisEnergy។

World Tankers រៀបរាប់​ថា ក្រុមហ៊ុន KrisEnergy មិន​បានបង់ថ្លៃជួល ហើយបាន​បញ្ចប់​នូវសេវាកម្មរបស់​ខ្លួន ស្របពេល​ជាមួយគ្នានោះ កប៉ាល់ MT Strovolos ត្រូវបាន​បញ្ជូនទៅប្រទេស​ថៃ ដើម្បីប្តូរនាវិក និងចាក់សាំង ប៉ុន្តែ​ត្រូវ​បរាជ័យ។ កប៉ាល់ ក៏​បន្ត​ដំណើរ​ទៅកាន់​ក្រុងកំពង់ផែ​ Batam ប្រទេស​ឥណ្ឌូណេស៊ី ដើម្បីផ្លាស់ប្តូរនាវិក ប៉ុន្តែក៏ត្រូវចាប់ឃាត់ដោយ​អាជ្ញាធរ​ឥណ្ឌូណេស៊ី​តែម្តង។

បើតាម​លោក ជៀប សួរ អគ្គនាយក​នៃអគ្គនាយកដ្ឋាន​ប្រេងកាត បាន​ប្រាប់ AFP ថា ក្រុមហ៊ុន KrisEnergy បាន​រាយការណ៍​មករាជរដ្ឋាភិបាល​កម្ពុជា​ថា កប៉ាល់ MT Strovolos បាន​លួចប្រេងឆៅ​ប្រហែល ២៩ម៉ឺនបារែល។

លោកបន្ថែមថា ប្រទេស​កម្ពុជា និង​ឥណ្ឌូណេស៊ី កំពុងធ្វើការជាមួយគ្នា ដើម្បីយកប្រេងនោះមកវិញ។

ទ័ព​ជើងទឹក​ឥណ្ឌូណេស៊ី បាន​ចាប់​ឃាត់កប៉ាល់ MT Strovolos កាលពីថ្ងៃទី២៥ សីហាម្សិលមិញ។ ពួកគេនិយាយថា កប៉ាល់នេះ បាន​ចាកចេញពីកោះសូម៉ាត្រា នៅថ្ងៃទី២៧ កក្កដា ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​កម្ពុជា បាន​ផ្តល់សញ្ញាក្រហម​ទៅប៉ូលិសអន្តរជាតិអាំងទែប៉ូល ដើម្បីតាមចាប់នាវាខាងលើ។

ទ័ពជើងទឹកបញ្ជាក់​ថា កប៉ាល់នេះ បាន​បិទប្រព័ន្ធកំណត់អត្តសញ្ញាណ ហើយ​ដាក់យុថ្កាខុស្បាប់​ក្នុងដែន​ទឹកនៃកោះ Batam។ «ទ័ពជើងទឹក​ឥណ្ឌូណេស៊ី មិនស្ទាក់ស្ទើរ​ក្នុងការចាត់វិធានការ​ប្រឆាំង​នឹងឧក្រិដ្ឋកម្ម​ណាមួយ​នៅលើអធិបតេយ្យ​របស់ខ្លួននោះទេ»៕

ប្រភព៖ France24

;