សញ្ញាល្អនៃការបើកភ្នំពេញធម្មតាឡើងវិញ រួមទាំងសាលារៀន និងទេសចរណ៍
- 2021-09-02 04:01:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សញ្ញាល្អនៃការបើកភ្នំពេញធម្មតាឡើងវិញ រួមទាំងសាលារៀន និងទេសចរណ៍
ចន្លោះមិនឃើញ
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានឱ្យដឹងថា ការស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋ និងការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខណ្ឌទាំង១៤ សហការជាមួយនឹងអនុគណៈកម្មការទាំង៣ បានធ្វើឱ្យការឆ្លងរីករាលដាលជំងឺកូវីដ១៩ មានការថយចុះយ៉ាងខ្លាំង។ ការថ្លែងនេះ ក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសំឡេង ( Video Conference )ជាមួយអាជ្ញាធរខណ្ឌទាំង១៤ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ ដើម្បីរិះរកគ្រប់មធ្យោបាយឈានទៅរកការកាត់ផ្តាច់ឱ្យបាននូវការរីករាលដាលនៃជំងឺកូវីដ១៩ ពិសេស មេរោគបំប្លែងខ្លួនថ្មីប្រភេទដែលតា (Delta)។
ការថយចុះនេះជាសញ្ញាដ៏ល្អមួយក្នុងការបើករាជធានីភ្នំពេញទៅជាធម្មតាឡើងវិញ ទាំងវិស័យទេសចរណ៍និងសាលារៀន ស្របទៅតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន។
បើតាមលោក ឃួង ស្រេង ពីមុនមានអ្នកជំងឺកូវីដ១៩ កើតមានច្រើន ចំណែកអ្នកស្លាប់ដោយជំងឺកូវីដ១៩ បានថយចុះពី ៣០នាក់ មកនៅត្រឹម ៦នាក់ឬ២នាក់ប៉ុណ្ណោះ ក្នុង១ថ្ងៃ។
ក្នុងឱកាសនោះដែរ លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ក៏បានមានប្រសាសន៍បញ្ជាក់ឱ្យដឹងផងដែរថា រាជធានីភ្នំពេញ បានឈានទៅរកភាពល្អប្រសើរហើយ បើមើលទៅលើលទ្ធផលនៃការឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល២ទៅ៣សប្តាហ៍ចុងក្រោយនេះ ពោលគឺក្នុងចំនួនមនុស្ស១៨៩៨នាក់ដែលត្រូវយកសំណាក រកឃើញមានវិជ្ជមានកូវីដ១៩ ចំនួនតែ២៨នាក់ប៉ុណ្ណោះ ស្មើនឹង ៣,៥៦ ភាគរយ ក្នុងនោះមានប្រភេទ ដែលតា ចំនួន១១នាក់ស្មើនឹង១,៤៨ភាគរយ៕