កម្ពុជាមានសត្វត្មាតសរុបទាំងអស់ចំនួន ១២១ក្បាល ក្នុងនោះត្មាតផេះច្រើនជាងគេ
- 2021-09-02 06:59:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជាមានសត្វត្មាតសរុបទាំងអស់ចំនួន ១២១ក្បាល ក្នុងនោះត្មាតផេះច្រើនជាងគេ
ចន្លោះមិនឃើញ
ថ្ងៃទី៤ ខែកញ្ញា ឆ្នាំនេះគឺជាទិវាលើកកម្ពស់ការយល់ដឹងសត្វត្មាតអន្តរជាតិ! ជារៀងរាល់ឆ្នាំ នៅថ្ងៃសៅរ៍សបា្តហ៍ទី១ នៃខែកញ្ញា ត្រូវបានកំណត់ថាជាទិវាជាទិវាលើកកម្ពស់ការយល់ដឹងសត្វត្មាតអន្តរជាតិ។
ក្រសួងបរិស្ថានដោយសហការជាមួយក្រសួងស្ថាប័ននិងអង្គការជាដៃគូនឹងប្រារព្ធទិវាលើកកម្ពស់ការយល់ដឹងសត្វត្មាតអន្តរជាតិ តាមរយៈការរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីការអភិរក្សសត្វត្មាតនិងផលប៉ះពាល់ពីការបំពុលសត្វត្មាត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១។ ការប្រារព្ធទិវាលើកកម្ពស់ ការយល់ដឹងសត្វត្មាតអន្តរជាតិនេះ ដែលត្រូវបានមន្ត្រីជាន់ខ្ពស់នៃក្រសួងបរិស្ថានមានជំនឿថា នឹងផ្តល់ចំណេះដឹងទូលំទូលាយអំពីសត្វត្មាត និងជំរុញឱ្យមានការចូលរួមកាន់តែសកម្មបន្ថែមទៀតពីសំណាក់សាធារណជនក្នុងការការពារនិងអភិរក្សសត្វត្មាតដែលជាប្រភេទសត្វកម្រ។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថានបានថ្លែងថា ឆ្នាំ២០២១ នេះគឺជាលើកទី៦ ហើយដែលកម្ពុជាបានប្រារព្ធទិវាលើកកម្ពស់ការយល់ដឹងសត្វត្មាតអន្តរជាតិ។ កម្ពុជាបាន ចូលរួមប្រារព្ធទិវានេះលើកដំបូងនៅឆ្នាំ ២០១៦ ខណៈទិវានេះត្រូវបានគេប្រារព្ធធ្វើឡើងតាំងពីឆ្នាំ ២០០៦ មកម៉្លេះ។
លោករដ្ឋលេខាធិការ បានថ្លែងថា ពិភពលោកទាំងមូលបានប្រារព្ធឡើងដើម្បីលើកកម្ពស់ការយល់ដឹងអំពីតួនាទីអេកូឡូស៊ីរបស់សត្វត្មាត ស្ថានភាពនិងការគំរាមកំហែងនានាទៅលើសត្វត្មាត ព្រមទាំងអំពាវនាវឱ្យមានការចូលរួមក្នុងកិច្ចការពារសត្វត្មាតដែលជាប្រភេទបក្សីកម្រ និងជិតផុតពូជ។
ក្នុងការប្រារព្ធទិវាលើកកម្ពស់ការយល់ដឹងសត្វត្មាតអន្តរជាតិនេះ ក្រសួងបរិស្ថាន និងស្ថាប័នព្រមទាំងអង្គការដៃនៃក្រុមអភិរក្សសត្វត្មាតកម្ពុជា បានធ្វើការផ្សព្វផ្សាយនូវសារនិងរូបភាពទាក់ទងនឹងសត្វត្មាត នៅតាមបណ្តាញទំនាក់ទំនងសង្គម និងការរៀបចំសិក្ខាសាលាដើម្បីចែករំលែកព័ត៌មាន ចំណេះដឹង អប់រំផ្សព្វផ្សាយអំពីសត្ចត្មាត ការអភិរក្ស និងជំរុញឱ្យមានការចូលរួមបន្ថែមពីសាធារណជន។
កម្ពុជាត្រូវបានគេដឹងថា មានសត្វត្មាតចំនួនបីប្រភេទ គឺត្មាតភ្លើង ត្មាតត្នោត និងត្មាតផេះ។ លទ្ធផលនៃការរាប់ចំនួនសត្វត្មាតថ្នាក់ជាតិដោយក្រុមការងារអភិរក្សសត្វត្មាត កម្ពុជា គិតត្រឹមខែមិថុនា ឆ្នាំ២០២១ បានបង្ហាញថា កម្ពុជាមានសត្វត្មាតសរុបទាំងអស់ចំនួន ១២១ក្បាល ក្នុងនោះមានត្មាតភ្លើង ២០ ក្បាល ត្មាតផេះ ៦៦ ក្បាល និងត្មាតត្នោត ៣៥ ក្បាល។ តាមមន្ត្រីជំនាញ ចាប់ពីពាក់កណ្តាល ឆ្នាំ២០១៤ រហូតដល់បច្ចុប្បន្ន ចំនួនសត្វត្មាតទាំងបីប្រភេទមានចន្លោះពី ១២០ ទៅ ១៤០ ក្បាល។
សមាជិកស្នូលនៃក្រុមអភិរក្សសត្វត្មាតកម្ពុជា (CVWG) រួមមានក្រសួងបរិស្ថាន (MoE) ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ(MAFF) មជ្ឈមណ្ឌលអង្គរសម្រាប់អភិរក្សជីវៈចម្រុះ (ACCB) អង្គការជីវិតធម្មជាតិនៅកម្ពុជា (BirdLife in Cambodia) អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ (WWF) ក្រុមហ៊ុនRising Phoenix និងសមាជិកសាមញ្ញរួមមាន សមាគមមគ្គុទ្ទេសក៍បក្សីកម្ពុជា(CBGA) សំ វាសនា ខន់សឺវេសិនធួរ (SVC) និងមជ្ឈមណ្ឌលអភិរក្សជីវៈចម្រុះ (CBC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៕
ប្រភព៖ ក្រសួងបរិស្ថាន