ក្រសួងកសិកម្ម ត្រៀមគ្រាប់ពូជស្រូវ ២ ០០០តោន ទុកជួយកសិករដែលប៉ះពាល់ដោយគ្រោះធម្មជាតិ

  • 2021-09-08 04:14:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅក្នុងឆ្នាំ២០២១ រាជរដ្ឋាភិបាល តាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជា (ប.ស.ប.ក) បានត្រៀមបម្រុងគ្រាប់ពូជស្រូវ​ស្រាលមិនប្រកាន់រដូវជារូបវ័ន្តចំនួន ២ ០០០តោន និងគ្រាប់ពូជបន្លែ និងដំណាំរួមផ្សំផ្សេងៗទៀតចំនួន ២៥តោន ទុកសម្រាប់ធ្វើអន្តរាគមន៍ជួយសង្គ្រោះប្រជាកសិករដែលរងផលប៉ះពាល់ និងខូចខាតដោយគ្រោះធម្មជាតិ។ នេះបើ​តាម​តាម​ការ​ឲ្យ​ដឹង​ពីលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី ៧ ខែ កញ្ញា ឆ្នាំ២០២១។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានអគ្គនាយកដ្ឋានកសិកម្មជាសេនាធិការ មានភារកិច្ចចាត់ចែងផលិតគ្រាប់ពូជដំណាំ នៅតាមកសិដ្ឋាន ស្ថានីយកសិកម្ម និងសហការជាមួយក្រុមហ៊ុនឯកជន និងសហគមន៍កសិកម្ម ផងដែរ ដើម្បីធានានូវបរិមាណ និងគុណភាព ថែរក្សា និងចាត់ចែងដឹក ជញ្ជូនគ្រាប់ពូជទៅដល់គោលដៅឲ្យបានទាន់ពេលវេលា។

បច្ចុប្បន្ន នាយកដ្ឋានដំណាំស្រូវ បានត្រៀមគ្រាប់ពូជស្រូវចំនួន ២ ០០០តោន ដោយធ្វើការវេចខ្ចប់ ២៥គ.ក្រ/បាវ សរុបមានចំនួន ៨០ ០០០បាវ និងកំពុងរក្សាទុកនៅក្នុងឃ្លាំងរបស់អគ្គនាយកដ្ឋានកសិកម្ម។ បានត្រៀមគ្រាប់ពូជបន្លែ និងដំណាំរួមផ្សំបានចំនួន ១២មុខ ស្មើនឹង ២៥តោន និងវេចខ្ចប់យ៉ាងត្រឹមត្រូវជាកញ្ចប់តូចៗចំនួន ៥៩៥ ០០០កញ្ចប់ ក្នុងនោះមាន៖ ពោតដំណើប សណ្តែកកួរ ផ្ទីស ស្ពៃខៀវ ស្ពៃចង្កឹះ ននោង ត្រកួន ល្ពៅ ត្រប់វែង ត្រប់ក្រាំងរមាស ត្រឡាច និងប៉េងប៉ោះ ដោយគ្រាប់ពូជទាំងអស់បានរក្សាទុកនៅស្ថានីយផលិតពូជបន្លែក្បាល កោះ (ខេត្តកណ្តាល)។

ព័ត៌មានបន្ថែម ៖ សូមអញ្ជើញទាក់ទងទៅលោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ ដែលមានលេខទូរស័ព្ទ ០១៧៩៥៩៧២៧។

ប្រភព៖ ហ្វេសបុក លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

អត្ថបទថ្មី
;