សាលារៀន ជាកន្លែងប្រមូលផ្តុំក្នុងការផ្លាស់ប្តូរទម្លាប់ ផ្នត់គំនិត និងឥរិយាបថរបស់កុមារ និងយុវជនចំពោះបរិស្ថាន

  • 2021-09-10 02:41:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


«សាលារៀន និងគ្រឹះស្ថានអប់រំជាកន្លែងប្រមូលផ្តុំមានលក្ខណៈ ងាយ ស្រួលក្នុងការបញ្រ្ជាបចំណេះដឹងនិងចំណេះធ្វើក្នុង ចំណោមកុមារ សិស្សានុសិស្ស និងយុវជន ផ្លាស់ប្តូរទម្លាប់ ផ្នត់គំនិត និងឥរិយាបថពួកគេចំពោះអនាម័យ និងបរិស្ថាន»។ នេះគឺជាថ្លែងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ នៅក្នុងកម្មវិធីប្រគល់ជ័យ​លាភីមេដាយមាសសាលាមេត្រីបរិស្ថានជូនដល់សាលាបឋមសិក្សាវត្តចែង ស្ថិតនៅក្នុងភូមិវត្តចែង ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។

លោក នេត្រ ភក្ត្រា បានមានប្រសាសន៍ថាសាលាវត្តចែងបានទទួលនូវជ័យលាភីមេដាយមាសក្នុងការប្រកួតប្រជែងសាលាមេត្រីបរិស្ថាននេះគឺបង្ហាញពីកិច្ចខិតខំប្រឹង ប្រែង និងគំនិតច្នៃប្រឌិតខ្ពស់ និងភាពជាអ្នកដឹកនាំរបស់ថ្នាក់ដឹកនាំសាលាដោយមានការចូលរួមគាំទ្រពីសិស្សានុសិស្ស មាតាបិតា សហគមន៍ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ជាពិសេសរដ្ឋបាលខេត្តបាត់ដំបងដែលបានចូលរួមគាំទ្រអនុវត្តនូវគោលនយោបាយពាក់ព័ន្ធនឹងវិស័យបរិស្ថាន។

លោករដ្ឋលេខាធិការបានថ្លែងថា ការខិតខំ ប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធ ឥឡូវនេះបានទទួលផ្លែផ្កាគឺការទទួលបានជ័យលាភីមេដាយមាសសាលាមេត្រី បរិស្ថានដែលនេះជាមោទកភាពរបស់ខេត្តបាត់ដំបង និង ជាការទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងរួមគ្នាលើការ កសាងថ្នាលបណ្តុះ​បណ្តាល​ធនធានមនុស្សប្រកបដោយ គុណភាព មានមេត្រីភាពបរិស្ថាន និងផាសុកភាព។

លោក នេត្រ ភក្ត្រា បានថ្លែងថា សាលាមេត្រីភាពបរិស្ថាន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យមានការផ្លាស់ប្តូរ ឥរិយាបថលើបរិស្ថាន និងបានចូលរួមអប់រំបណ្តុះស្មារតី ស្រឡាញ់ និងគោរពបរិស្ថានកាន់តែខ្លាំងឡើងក្នុង ចំណោមប្រជាជន និងក្តាប់នូវមោទកភាពជាតិ គុណភាពបរិស្ថាននិងនិរន្តរភាពបរិស្ថានត្រូវបានធានា ស្របនឹងគោលដៅរបស់រាជរដ្ឋាភិបាលប្រែក្លាយកម្ពុជាពីប្រទេស ដែលមានចំណូលមធ្យមកម្រិតទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោករដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា ការប្រឡងប្រណាំងសាលាមេត្រីបរិស្ថានគឺជាគំនិតផ្តួចផ្តើមដ៏សំខាន់ និងជាយន្តការមួយដ៏មានសារៈសំខាន់ក្នុងចំណោមយន្តការ និងវិធានការជាច្រើនទៀតដែលក្រសួងបរិស្ថាន និងភាគីពាក់ព័ន្ធទាំងអស់បានខិតខំជំរុញអនុវត្តជាបន្តបន្ទាប់សំដៅធ្វើឱ្យប្រសើរឡើងនូវកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព។

លោកបានលើកឡើងថា ការប្រឡងប្រណាំងសាលាមេត្រីបរិស្ថាននឹងជាផ្នែកមួយនៃការចូលរួមអនុវត្តគោលនយោ បាយជាតិភូមិឃុំសង្កាត់មានសុវត្ថិភាពលើចំណុចទី៦ ដែលលើកឡើងអំពីភូមិឃុំសង្កាត់ត្រូវតែ«មានអនាម័យល្អ សោភ័ណភាព និងបរិស្ថានល្អ»ដែលសំដៅលើការមានវិធានការក្នុងការគ្រប់គ្រង ថែរក្សា និងការពារធនធានធម្មជាតិ និងបរិស្ថាន អនាម័យក្នុងភូមិឃុំសង្កាត់ប្រកបដោយប្រសិទ្ធភាព ជាពិសេសយន្តការដោះ ស្រាយសំរាម ធ្វើឱ្យភូមិឃុំសង្កាត់មានសោភ័ណភាព និងផាសុកភាព។ ជាមួយគ្នានេះ រៀបចំឱ្យមានការបញ្ជ្រាបការអប់រំដល់ប្រជាពលរដ្ឋអំពីច្បាប់ គោលការណ៍ និងវិធានការនានាស្តីពីការថែរក្សាបរិស្ថាន រួមទាំងវិធីសាស្ត្រ នៃការរក្សាសុខភាព អនាម័យ សុវត្ថិភាពចំណីអាហារជាដើម។

ការប្រឡងប្រណាំងសាលាមេត្រីបរិស្ថាន ត្រូវបានរៀបចំឡើងរៀងរាល់ ២ ឆ្នាំម្តង ហើយនៅឆ្នាំ២០២១ នេះជាលើកទី៣ ហើយដែលក្រសួងបរិស្ថាននិងក្រសួងអបើរំ យុវជន និងកីឡាបានរៀបចំការប្រកួតប្រជែងនេះឡើង ដោយបានជ្រើសរើសនូវសាលាបឋមសិក្សា និងមធ្យមសិក្សាពីតាមខេត្តនានាដែលចូលក្នុងលក្ខណៈវិនិច្ឆ័យនៃសាលាមេត្រីបរិស្ថាន៕

;