បើអត់មាន​វ៉ាក់សាំងចិន តើពេលនេះ​កម្ពុជាចាក់បានប៉ុន្មាននាក់? សម្តេចតេជោបញ្ជាក់បែបនេះ

  • 2021-09-13 02:23:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 21

ចន្លោះមិនឃើញ


សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​អះអាង​ថា បើមិនមាន​វ៉ាក់សាំងចិនទេ មកដល់ពេលនេះ​គឺកម្ពុជាចាក់វ៉ាក់សាំង​ជូនដល់ប្រជាជន​យ៉ាងច្រើនណាស់​ បានត្រឹម ២លាននាក់ប៉ុណ្ណោះ។ ការថ្លែងនេះ ធ្វើឡើង​ក្នុង​ពិធីប្រគល់-ទទួល ពហុកីឡដ្ឋានជាតិមរតកតេជោ កាលពី​ថ្ងៃទី១២ កញ្ញា ២០២១។

ថ្លែងចំពោះមុខ​រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី សម្តេចតេជោ បាន​លើកឡើងយ៉ាងដូច្នេះថា៖ «វ៉ាក់សាំង បើសិន​ជាខ្ញុំមិនច្រលំទេ បើកុំមានចិនជួយផ្តល់ កុំមានចិនជួយផ្គត់ផ្គង់ មកដល់ពេលនេះច្រើនណាស់ កម្ពុជាចាក់បាន ២លាននាក់។ ប៉ុន្តែ​ឥឡូវនេះ សូមជម្រាបជូន យប់នេះអាចដល់ ១១លានកន្លះដែលបានចាក់។ ក្នុង១១លានកន្លះនេះ មានអ្នកចាក់ដូសទី៣ ប្រមាណ ៨០ម៉ឺននាក់​រួចស្រេចទៅហើយ។ ហើយកូនក្មេង ១លាន ៦សែននាក់​រួចស្រេចទៅហើយ»។

សម្តេចបន្តថា «នៅទូទាំងពិភពលោក កម្ពុជាតែមួយគត់ ដែលមានវ៉ាក់សាំងស្រោច​នៅរាជធានី​។ សូម្បីតែទីក្រុងប៉េកាំង ប្រហែលជាពេលនេះ​មិនទាន់​ចាក់បាន ៩៩% នៃ​ប្រជាជន ប៉ុន្តែនៅភ្នំពេញ ស្រោចវ៉ាក់សាំងយកតែម្តង»។

យោង​តាមរបាយការណ៍​អ្នកចាក់វ៉ាក់សាំងនៅកម្ពុជា បង្ហាញថា គិតពីថ្ងៃទី១០កុម្ភៈ ដល់ ១២ កញ្ញា ២០២១ កម្ពុជា​បានចាក់វ៉ាក់សាំង​ដល់មនុស្សចំនួនជាង ១១,៤៤លាននាក់ ស្មើនឹង ៧១,៥៤% នៃ​ប្រជាជនសរុប ១៦លាននាក់។ ក្នុងនោះអ្នកចាក់គ្រប់ដូស មានចំនួនជាង ៩,៥១លាននាក់ និង​អ្នកចាក់បានដូសទី៣ ចំនួនជាង ៧៦,៧១ម៉ឺននាក់៕

;