សោកស្តាយ! វ៉ាក់សាំងបារាំង ត្រូវអតិថិជន​លុបកុងត្រាចោលបាត់

  • 2021-09-13 08:48:28
  • ចំនួនមតិ 27 | ចំនួនចែករំលែក 58

ចន្លោះមិនឃើញ


ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​បារាំង Valneva បាន​ប្រកាស​នៅថ្ងៃទី១៣កញ្ញានេះថា រដ្ឋាភិបាល​អង់គ្លេស​បាន​លុបចោល​កិច្ចព្រមព្រៀង​ទិញ​វ៉ាក់សាំងកូវីដ១៩ពីខ្លួនហើយ។

អង់គ្លេស​បានចោទក្រុមហ៊ុនថា បាន​បំពាន​កាតព្វកិច្ច​ក្រោមកិច្ចព្រមព្រៀង​ផ្គត់ផ្គង់វ៉ាក់សាំងនេះ ប៉ុន្តែក្រុមហ៊ុន Valneva បាន​ច្រានចោល។

គួរដឹងថា អង់គ្លេស បាន​បញ្ជាទិញ​វ៉ាក់សាំង Valneva ចំនួន១០០លានដូស សម្រាប់ឆ្នាំ​២០២១-២០២២។

បើតាមក្រុមហ៊ុន Valneva បង្ហាញថា ក្នុងកិច្ចព្រមព្រៀងនេះ គឺ​រដ្ឋាភិបាល​អង់គ្លេស​មានសិទ្ធិ​លុបចោលវិញបាន ។ «Valneva បាន​ខិតខំ​ធ្វើការបំផុត ក្នុងកិច្ចសហការ​ជាមួយ​រដ្ឋាភិបាលអង់គ្លេស ដោយរួមមាន​ការ​វិនិយោគ​ធនធាន​ដ៏សំខាន់ និង​ប្រឹងប្រែងឆ្លើយតប​សម្រាប់​ការផលិតវ៉ាក់សាំង​ប្រឆាំង​នឹង​វីរុស​បំប្លែងថ្មី»។

​ក្រុមហ៊ុនបារាំងនេះ បន្ថែម​ថា ខ្លួន​នឹង​ប្តេជ្ញាបន្ត​អភិវឌ្ឍវ៉ាក់សាំង​ និង​បង្កើតកិច្ចប្រឹងប្រែង​ជាមួយ​អតិថិជន​ដ៏មានសក្តានុពលដទៃទៀត ដើម្បី​ធានាថា វ៉ាក់សាំងអកម្មរបស់ខ្លួននេះ អាចត្រូវបាន​ប្រើប្រាស់​ក្នុងការប្រយុទ្ធ​នឹង​ជំងឺរាតត្បាត។

ការ​ចាក់​សាកល្បង​របស់​វ៉ាក់សាំង Valneva ​ក្នុងដំណាក់កាលទី១ និងទី២ ដែលបានបង្ហាញ​កាលពីចុងខែសីហា ឱ្យដឹងថា វ៉ាក់សាំង​នេះមានប្រសិទ្ធភាព​ជាង ៨០%។ វាអាចរក្សាទុកក្នុងសីតុណ្ហភាពពី ២ ទៅ ៨អង្សារសេ។ ចំណែក​លទ្ធផល​នៃការចាក់សាកល្បង​ដំណាក់កាលទី៣ ត្រូវបានរំពឹងថា នឹងចេញផ្សាយ​បង្ហាញ​នាខែក្រោយ៕

ប្រភព៖ France24

;