តាកែវ និង​ពោធិ៍សាត់ ស្ថិតក្នុងចំណោម​ខេត្តដែល​ទទួលភ្ញៀវទេសចរច្រើនជាងគេ នៅសប្តាហ៍ទី២ខែនេះ

  • 2021-09-14 02:09:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តាមរបាយការណ៍របស់ក្រសួងទេសចរណ៍ដែលទទួលបានពីគ្រប់មន្ទីរទេសចរណ៍រាជធានី-ខេត្ត បានឱ្យដឹងថា ក្នុងសប្ដាហ៍ទី២ នៃខែកញ្ញា (ថ្ងៃទី១១-១២) នៅទូទាំងប្រទេស កម្ពុជាទទួលបានភ្ញៀវទេសចរសរុបចំនួន ៦៣ ៤២១ នាក់ ក្នុងនោះមានភ្ញៀវជាតិ ៦២ ៤៦២ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៩៥៩ នាក់។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖

  • រាជធានីភ្នំពេញ៖ ១៨ ៨៤៦ នាក់

  • ខេត្តកំពត៖ ១៥ ៧២១ នាក់

  • ខេត្តកែប៖ ៧ ៥៧០ នាក់

  • ខេត្តតាកែវ៖ ៣ ៧៣៦ នាក់

  • ខេត្តព្រះសីហនុ៖ ៣ ៣៨៤ នាក់

  • ខេត្តពោធិ៍សាត់៖ ៣ ២៥៨ នាក់។

ទឹកធ្លាក់ថ្មដា (រូបថត៖ រដ្ឋបាលខេត្តពោធិ៍សាត់)
លោក​រដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា តួលេខនេះមានការកើនឡើង ២៤,២៥% ធៀបនឹងសប្តាហ៍កន្លងទៅ។ ជាការវាយតម្លៃបឋម ចរន្តភ្ញៀវទេសចរ​ផ្ទៃក្នុងនៅមិនទាន់មានចំនួនច្រើននៅឡើយទេ ខណៈរាជធានី-ខេត្តមួយចំនួននៅបន្តដាក់ចេញវិធានការរដ្ឋបាលដាច់ដោយឡែក ក្នុងការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ១៩។

លោក​បានបន្តទៀត​ថា មន្ទីរទេសចរណ៍ដែលជាសេនាធិការឲ្យរដ្ឋបាលរាជធានី-ខេត្តបាននិងកំពុងជំរុញការផ្សព្វផ្សាយ និងចុះអនុវត្តយ៉ាងសកម្មនូវវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីស្តង់ដាអប្បបរមា (SOP) ដែលក្រសួងទេសចរណ៍បានដាក់ឲ្យអនុវត្តកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១កន្លងមក នៅតាមមូលដ្ឋានអាជីវកម្មស្នាក់នៅ ភោជនីយដ្ឋាន រមណីយដ្ឋាន សហគមន៍ទេសចរណ៍ និងគោលដៅទេសចរណ៍នានា ដើម្បីធានាការបើកដំណើរការមូលដ្ឋានអាជីវកម្មក្នុងគន្លងប្រក្រតីភាពថ្មី ប្រកបដោយសុវត្ថិភាពពីជំងឺកូវីដ-១៩ និងធានាបាននូវគុណភាពសេវាកម្មប្រកបដោយភាពពេញចិត្ត។

ជាងនេះទៀត ក្រសួងទេសចរណ៍​ក៏បានដាក់ចេញ​សារាចរណែនាំ ដើម្បីគ្រប់គ្រងចរន្តភ្ញៀវទេសចរ និងការពង្រឹងគុណភាពផលិតផលទេសចរណ៍ សម្រាប់ថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌផងដែរ៕

អត្ថបទ៖ ក្រសួងទេសចរណ៍

អត្ថបទថ្មី
;