អាមេរិក ជួយសម្ត័ន្ធមិត្តឥណ្ឌូ-ប៉ាស៊ីហ្វិក ឱ្យទទួលបាននាវាមុជទឹកដើរដោយនុយក្លេអ៊ែរ
- 2021-09-16 03:24:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាមេរិក ជួយសម្ត័ន្ធមិត្តឥណ្ឌូ-ប៉ាស៊ីហ្វិក ឱ្យទទួលបាននាវាមុជទឹកដើរដោយនុយក្លេអ៊ែរ
ចន្លោះមិនឃើញ
អាមេរិក នឹងជួយអូស្ត្រាលីឱ្យទទួលបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអែ៊រមួយ ដែលជាផ្នែកមួយក្នុងការជួយដល់សម្ព័ន្ធមិត្តយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិក។ នាវាមុជទឹកនេះ នឹងប្រើប្រាស់បច្ចេកវិទ្យារបស់អាមេរិក និងអង់គ្លេស។
ការប្រកាសខាងលើនេះ ធ្វើឡើងក្នុងកិច្ចប្រជុំតាមអនឡាញរវាងប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន នាយករដ្ឋមន្រ្តីអូស្ត្រាលី លោក ស្កុត ម៉ូរីសុន និងនាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន។ ប៉ុន្តែវាអាចនឹងធ្វើឱ្យប៉ះពាល់ដល់បារាំង ដែលកំពុងព្យាយាមចរចាក្នុងការលក់នាវាមុជទឹកឱ្យអូស្ត្រាលី តម្លៃរាប់ពាន់លានដុល្លារ។
ដៃគូ ៣ប្រទេសនេះ (អាមេរិក អង់គ្លេស អូស្ត្រាលី) ដែលហៅកាត់ថា AUKUS គឺជាជំហានថ្មីមួយទៀតក្នុងប្រវត្តិសាស្រ្តរបស់ក្រុងវ៉ាស៊ីងតោន ដែលផ្តោតលើបញ្ហាតំបន់ ដែលជាកន្លែងប្រឈមនឹងឥទ្ធិពលរបស់ចិន។ នេះបើតាមការបញ្ជាក់របស់មន្រ្តីអាមេរិកមួយរូប ដែលមិនបញ្ចេញឈ្មោះ។
មន្រ្តីរូបនោះ លើកឡើងថា ប្រទេសប្រជាធិបតេយ្យទាំង៣ នឹងរួមគ្នាផ្តោតលើ cyber, AI, បច្ចេកវិទ្យា quantum និងសមត្ថភាពក្រោមសមុទ្រ។ ក្នុងនោះគំនិតផ្តួចផ្តើមដំបូងរបស់ AUKUS នឹងគាំទ្រអូស្ត្រាលីឱ្យទទួលបាននាវាមុជទឹកដើរដោយនុយក្លេអ៊ែរ ប៉ុន្តែមិនមែនជាអាវុធនុយក្លេអ៊ែរនោះទេ៕