ទស្សនាវីដេអូព្រលានយន្តហោះភ្នំពេញថ្មី ដែល​កំពុង​សាងសង់បាន ២៥ភាគរយ

  • 2021-09-16 07:04:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ព្រលានយន្ដហោះភ្នំពេញថ្មី សម្រេចការសាងសង់បានប្រមាណ២៥ភាគរយហើយ ខណៈដែលក្រុមការងារបាននិងកំពុងពន្លឿនការសាងសង់ ដោយមិនមានឧបសគ្គរាំងស្ទះឡើយ បើទោះបីជាក្នុងបរិបទកូវីដ១៩ និងមានជំនន់ទឹកភ្លៀងយ៉ាងណាក្តី។

លោក ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានមានប្រសាសន៍ថា ចំពោះដំណើរការនៃការសាងសង់ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញថ្មី មិនមានបញ្ហាចោទណាមួយគួរឱ្យព្រួយបារម្ភនោះឡើយ ទោះបីកម្ពុជាកំពុងទទួលរងការរំខាន ដោយជំងឺកូវីដ១៩ក្ដី ក៏ដំណើរការប្រព្រឹត្តិទៅយ៉ាងរលូន ហើយម្យ៉ាងវិញ ទៀតចំពោះបញ្ហាទឹកជំនន់ ដែលកើតឡើងក្នុងខេត្តកណ្ដាល ក៏មិនផ្ដល់ផលប៉ះពាល់ដល់ការសាងសង់ព្រលានយន្ដហោះថ្មីដែរ។

លោក​បន្តថា ការសាងសង់នឹងបញ្ចប់រួចរាល់ក្នុងឆ្នាំ២០២៣ខាងមុខនេះ ដោយសារតែក្រុមអ្នកជំនាញបានខិតខំសាងសង់ទាំងយប់ទាំងថ្ងៃ ដោយបានបន្ថែម គ្រឿងចក្រ កម្មករ ធ្វើយ៉ាងណាឱ្យរួចរាល់តាមកិច្ចសន្យាដំណាក់កាលទី១ ក្នុងឆ្នាំ២០២៣ខាងមុខ នេះជាដាច់ខាត ខណៈដែលរហូតមកដល់ពេលនេះការសាងសង់សម្រេចបានប្រមាណ២៥ ភាគរយហើយ ។

«ចំពោះវឌ្ឍនភាពនៃការអនុវត្តន៍គម្រោងសាងសង់អាកាសយានដ្ឋានភ្នំពេញថ្មីនៅក្នុងខេត្តកណ្តាលនេះ គិតមកដល់ថ្ងៃទី៣០ខែ០៨ គឺក្រុមហ៊ុនបានសម្រេចលទ្ធផលជាង២៥ ភាគរយហើយ បើទោះជាមានផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ១៩ គឺក្រុមហ៊ុនមានផលប៉ះពាល់បន្តិចបន្តួចដែរ ក៏ប៉ុន្តែក្រុមហ៊ុនអាចគ្រប់គ្រងបាន ហើយអាចដោះស្រាយបាននូវរាល់បញ្ហានៃការរីករាលដាលនេះ ដោយមិនធ្វើឱ្យប៉ះពាល់ដល់វឌ្ឍនភាពនៃការសាងសង់ អាកាសយានដ្ឋាននេះឡើយ »។

បើតាម​លោកអនុរដ្ឋលេខាធិការ នៅពេលដែលព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីសាងសង់រួចរាល់ហើយនោះ ព្រលាននេះ នឹងជួយលើកមុខមាត់ប្រទេសកម្ពុជា ទាំងវិស័យអាកាសចរណ៍ ទាំងវិស័យពាក់ព័ន្ធផ្សេងៗជាច្រើនទៀត ជាពិសេសរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ។

សូមបញ្ជាក់ថា ក្រុមហ៊ុនសាងសង់ព្រលានយន្តហោះកម្ពុជា (CAIC) គឺជាក្រុមហ៊ុនចម្រុះបង្កើតឡើងរួមគ្នាដោយ ក្រុមហ៊ុន OCIC និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជាក្នុងឆ្នាំ២០១៨ ក្រោមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីធ្វើការងារសាងសង់ព្រលានយន្តភ្នំពេញថ្មី ដែលស្ថិតនៅចម្ងាយ២០គីឡូម៉ែត្រពីរាជធានីភ្នំពេញ លើផ្ទៃដីសរុប២៦០០ហិកតា ហើយគម្រោងសាងសង់មាន៣ដំណាក់កាល ។ ការងារ សាងសង់សម្រាប់ដំណាក់កាលទី១នេះ ត្រូវបានក្រុមហ៊ុនអះអាងថា គ្រោងនឹងចំណាយថវិកា១៥០០លានដុល្លារអាមេរិក ដែលមិនទាន់គិតបញ្ចូលតម្លៃដីនៅឡើយនោះទេ ដែលអាចនឹងទទួលភ្ញៀវទេសចរបានចំនួន ១៣លាននាក់ក្នុង១ឆ្នាំ ហើយដំណាក់កាលទី២ នឹងបញ្ចប់នៅឆ្នាំ២០៣០ ដែលអាចទទួលភ្ញៀវ ទេសចរបានចំនួន៣០លាននាក់ក្នុង១ឆ្នាំ និងដំណាក់កាលទី៣ នឹងបញ្ចប់នៅឆ្នាំ២០៥០ អាចទទួលភ្ញៀវទេសចរបានចំនួន៥០លាននាក់ក្នុង១ឆ្នាំ៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ ក្រសួងព័ត៌មាន

អត្ថបទថ្មី
;