បៃឌិន ចង់និយាយលួងចិត្ត ម៉ាក្រុង?
- 2021-09-20 01:52:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បៃឌិន ចង់និយាយលួងចិត្ត ម៉ាក្រុង?
ចន្លោះមិនឃើញ
ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង នឹងនិយាយគ្នាផ្ទាល់ជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន ក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ដោយសារតែប្រទេសទាំងពីរ មានភាពប្រេះឆាការទូតគ្នាយ៉ាងធ្ងន់ធ្ងរ ជុំវិញរឿងនាវាមុជទឹកដែលអាមេរិក ប្រកាសជួយអូស្ត្រាលី។
អ្នកនាំពាក្យរដ្ឋាភិបាលបារាំង លោក Gabriel Attal បានបញ្ជាក់ថា គម្រោងជជែកគ្នាតាមទូរសព្ទនេះ គឺជាការស្នើសុំរបស់លោក បៃឌិន។ លោកបន្ថែមថា ភាគីបារាំង គឺពេលដំបូងនោះមានការភ្ញាក់ផ្អើល និងខឹងយ៉ាងខ្លាំង ប៉ុន្តែពេលនេះ ជាពេលដែលត្រូវបោះជំហានទៅមុខទៀត។
លោក ម៉ាក្រុង នឹងស្វែងរកការពន្យល់របស់លោក បៃឌិន អំពីអ្វីដែលនាំឱ្យមានការបាត់បង់ទំនុកចិត្តដ៏ធំបែបនេះ។
គួររំលឹកថា កាលពីថ្ងៃពុធសប្តាហ៍មុន ក្នុងកិច្ចប្រជុំមួយរវាងមេដឹកនាំកំពូលអាមេរិក អង់គ្លេស និងអូស្ត្រាលី គឺលោក បៃឌិន បានប្រកាសជួយអូស្ត្រាលីឱ្យទទួលបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដែលជាផ្នែកមួយជួយដល់សម្ព័ន្ធមិត្តយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិក។ ប៉ុន្តែទង្វើបែបនេះ បានធ្វើឱ្យអូស្ត្រាលីត្រូវបញ្ចប់កុងត្រា ទិញនាវាមុជទឹកពីបារាំង ១២គ្រឿង តម្លៃ ៦៦ពាន់លានដុល្លារ ដែលធ្វើឡើងកាលពីឆ្នាំ២០១៦។
ក្រោយការប្រកាសនេះ បារាំងបានសម្រេចហៅអគ្គរដ្ឋទូតរបស់ខ្លួនដែលប្រចាំអាមេរិក និងអូស្ត្រាលី ឱ្យត្រលប់មកវិញ៕