ការពិត នាយករដ្ឋមន្រ្តី​អូស្ត្រាលី ខ្លាច​នាវាមុជទឹក​បារាំង​ប្រើមិនកើត ទើប​ងាកទៅទិញ​ពី​អាមេរិក​វិញ

  • 2021-09-20 02:41:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ស្កុត មូរីសុន នាយករដ្ឋមន្រ្តី​អូស្ត្រាលី បាន​បញ្ជាក់ថា មូលហេតុ​ដែល​អូស្រ្តាលីសម្រេចចិត្តងាកទៅទិញ​នាវាមុជទឹកអាមេរិក ហើយ​បញ្ឈប់កុងត្រាជាមួយបារាំងនោះ គឺដោយសារខ្លាចនាវាមុជទឹកបារាំង មានសមត្ថភាពមិនគ្រប់គ្រាន់​ក្នុងការការពារ​ទឹកដី និង​ផលប្រយោជន៍​របស់ខ្លួន។

ថ្លែងទៅកាន់អ្នកកាសែតកាលពីថ្ងៃទី១៩ កញ្ញា ២០២១ លោក ស្កុត មូរីសុន លើកឡើង​យ៉ាងដូច្នេះថា៖ «នេះ​គឺជាការសម្រេចិត្ត​អំពី​ថាតើ​នាវាមុជទឹក​ដែលត្រូវបាន​សាងសង់​ក្នុងការ​ចំណាយដ៏ខ្ពស់របស់​អ្នកបង់ពន្ធអូស្ត្រាលី អាចបំពេញ​ការងារ​តាមដែលយើងចង់បានឬអត់។ ពួកគេ (បារាំង) នឹងដឹងពីមូលហេតុនូវ​អ្វី​ដែល​យើងបារម្ភខ្លាំងថា សមត្ថភាព​របស់​នាវាមុជទឹកនោះ (បារាំង) នឹង​មិនឆ្លើយតប​គ្រប់គ្រាន់​ចំពោះ​ផលប្រយោជន៍​យុទ្ធសាស្រ្ត​របស់យើងឡើយ»។

លោក​បន្តថា ផលប្រយោជន៍​របស់​អូស្ត្រាលី គឺ​ធ្វើឡើង​ដោយ​ដៃគូត្រីភាគី ដែល​លោក​បានបង្កើតជាមួយ​ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន និង​នាយករដ្ឋមន្រ្តី បូរីស ចនសុន ឬហៅថា AUKUS។ «នោះ​ជាអ្វីដែលខ្ញុំបានគិតគូរដើម្បីធានាថាយើងអាច​ចូលរួម​ចំណែក​កាន់តែច្រើន​ក្នុងការ​រក្សាសន្តិភាព និង​សន្តិសុខ​ក្នុងតំបន់​ប៉ាស៊ីហ្វិក»។

គួររំលឹក​ថា កាលពីថ្ងៃពុធសប្តាហ៍មុន ក្នុងកិច្ចប្រជុំមួយរវាងមេដឹកនាំកំពូល​អាមេរិក អង់គ្លេស និងអូស្ត្រាលី គឺ​លោក បៃឌិន បាន​ប្រកាស​ជួយអូស្ត្រាលីឱ្យទទួលបាន​នាវាមុជទឹក​ដើរដោយថាមពលនុយក្លេអ៊ែរ ដែល​ជាផ្នែកមួយ​ជួយដល់សម្ព័ន្ធមិត្ត​យុទ្ធសាស្រ្ត​ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ប៉ុន្តែទង្វើបែបនេះ បានធ្វើឱ្យអូស្ត្រាលី​ត្រូវបញ្ចប់កុងត្រា ទិញ​នាវាមុជទឹកពីបារាំង ១២គ្រឿងដើរដោយម៉ាស៊ូត-អគ្គិសនី តម្លៃ ៦៦ពាន់លានដុល្លារ ដែលធ្វើឡើងកាលពីឆ្នាំ២០១៦៕

ប្រភព៖ Bloomberg ប្រែសម្រួល៖ នៅ សំភី

អត្ថបទថ្មី
;