មេភូមិផ្កាត្រកួន ផ្តើមពីសណ្ឋាគារតូចមួយនៅភ្នំពេញ រហូតមានមុខជំនួញ​ច្រើន​ក្នុងដៃ

  • 2021-09-20 07:03:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សហគ្រិនមួយរូបទៀតបានចួលមកចែករំលែកបទពិសោធន៍ទ្រឹស្ដី និងវិធីសាស្ត្របង្កើតមុខជំនួញនៅក្នុងសប្ដាហ៍ថ្មីនៃ កម្មវិធី Starting Up។ វាគ្មិនពិសេសមួយរូបនោះ គឺលោក ឌិន សុមេធារិទ្ធ ស្ថាបនិក​ផ្ទះ​លម្ហែ​បែប​ស្រុក​ស្រែ​ភូមិ​ផ្កា​ត្រកួន​​ ។

លោក ឌិន សុមេធារិទ្ធ ជាប្រធាន​សមាគម​សណ្ឋាគារ​នៅ​កម្ពុជា ជា​អនុប្រធានសមាគម ​សណ្ឋាគារ​អាស៊ាន និង​ជា​សហស្ថាប​និក​របស់​សណ្ឋាគារ Frangipani Villa និង​ជា​ស្ថាបនិក ​ផ្ទះ​លំហែ​បែប​ស្រុកស្រែ​ដ៏​ល្បី​គឺ​ ភូមិ​ផ្កា​ត្រកួន។ មានមុខជំនូញជាច្រើននៅក្នុងដៃ លោក ធារិទ្ធ មានបទពិសោធមិនតិចជាង ២០ឆ្នាំនោះទេក្នុងនាមជាបុគ្គលិកធ្វើការឱ្យគេទម្រាំមានជំនួញផ្ទាល់ខ្លួនដូចសព្វថ្ងៃ។

ជជែកជាមួយអ្នកសម្រួបសម្រួលទាំង២នាក់ គឺលោក សិលា និងកញ្ញា​ ដារី ស្ថាបនិកភូមិផ្កាត្រកួនរូបនេះ បានចែករំលែកបទពិសោទន៍ល្អៗ ក្នុងការចាប់ផ្តើមអាជីវកម្ម។ លោក ឌិន សុមេធារិទ្ធ ជាស្ថាបត្យករខាងគូរប្លង់ ដោយមុនចាប់ផ្តើមអាវីវកម្មផ្ទាល់ខ្លួន លោកធ្លាប់បានធ្វើការឱ្យអង្គការមួយកន្លែង។ លោក ធារិទ្ធ បន្តទៀតថា មូលហេតុដែលចាប់ផ្តើមបង្កើតសណ្ឋាគារ ប៊ូទិច ដំបូងនៅក្រុងភ្នំពេញ គឺលោកមើលឃើញឱកាសច្រើនពីអាជីវកម្មមួយនេះ។ សណ្ឋាគារ ប៊ូទិច ដំបូងរបស់លោក គឺមានតែ៧បន្ទប់ប៉ុណ្ណោះ ប៉ុន្តែមានភ្ញៀវជាហូរហែ ធ្វើឱ្យលោកទទួលបានប្រាក់ចំណេញគួរសមដែរ។ ឆ្នាំបន្ទាប់មកទៀត លោកព្យាយាមពង្រីកសណ្ឋាគារប៊ូទិចរបស់លោក កាន់តែធំជាងមុន។

ដោយសារស្ថានភាពមានការប្រកួតប្រជែងខ្លាំង និងមានមុខជំនួញធំៗផ្សេងទៀត លោកធារិទ្ធ សម្រេចបិទសណ្ឋាគារប៊ូទិច តូចៗរបស់លោក ដោយទុកតែសណ្ឋគារធំៗ២ នៅក្នុងក្រុងភ្នំពេញ។ សហគ្រិន មានបទពិសោធន៍ចាស់វស្សារូបនេះ បានងាកមកបង្កើតភូមិផ្កាត្រកួន រហូតកា្លយជាកន្លែងលម្ហែមួយ កំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរទៅសម្រាកកម្សាន្តនៅថ្ងៃឈប់សម្រាក ។

លោក ឌិន សុមេធារិទ្ធ បានធ្វើការបកស្រាយពីដំណើរដើមទងនាំឱ្យលោកឈានទៅបង្កើតភូមិផ្កាត្រកួន ដោយសារតែលោកមើលឃើញនៅប្រទេសក្រៅដែលលោកធ្លាប់ បានទៅមានដូចជាប្រទេសថៃ និងម៉ាឡេសុី ជាដើម គឺមានឧទ្យានដ៏ធំដែលបង្កភាពស្រស់ស្អាត និងអាចឱ្យភ្ញៀវទេសចរទៅកម្សាន្ត ងាកចេញពីភាពតប់ប្រមល់នៅក្នុងទីក្រុង។ កត្តាចម្បងមួយទៀតដែលលោកសម្រេចបង្កើតភូមិផ្កាត្រកួននេះ គឺដោយសារលោកចង់កសាងអ្វីមួយទុកជាស្នាដៃឱ្យកូនខ្មែរ និងសម្រាប់បងប្អូនដែលចូលចិត្តរស់នៅក្នុងបរិយាកាស បែបស្ងប់ស្ងាត់ គេចចេញពីភាពតប់ប្រមល់អាប់អួរនៅក្នុងទីក្រុង។

ក្នុងពេលបច្ចុប្បន្ននេះ លោក ធារិទ្ធ បានបញ្ជាក់ថា ផ្ទះនៅភូមិផ្កាត្រកួន មានចំនួនប្រមាណជិត ១០០ផ្ទះហើយ ដោយមានបងប្អូនគាំទ្រច្រើន។ ស្ថាបនិកភូមិផ្កាត្រកួនរូបនេះ ថាលោកនឹងអភិវឌ្ឍន៍ភូមិផ្កាត្រកួន ឱ្យកាន់តែមានភាពសម្បូរបែបជាងពេលបច្ចុប្បន្ននេះទៀត។ អ្នកសម្របសម្រួលទាំង២ នៅក្នុងកម្មវិធី Starting Up គឺលោក សិលា និងអ្នកនាង ដារី ក៏បានសួរសំណួរមួយទៅកាន់លោក ធារិទ្ធ អំពីអ្នកចង់ចាប់ផ្តើមអាវីកម្មដំបូង បើសិនមិនមានដើមទុន តើគួរធ្វើបែបណា? ឆ្លើយតបនឹងសំណួររបស់អ្នកសម្របសម្រួលទាំង២ សហគ្រិនជើងចាស់រូបនេះ បានតបវិញថា អ្នកចង់ចាប់ផ្តើមអាជីវកម្មដំបូង ត្រូវប្រាកដខ្លួនឯង អំពីអាជីវកម្មដែលចង់ធ្វើ និងត្រូវសួរខ្លួនឯងថា មានជំនាញក្នុងអាជីវកម្មនោះ ឫ អត់។ លោក ធារិទ្ធ បន្តទៀតថា អ្នកចាប់អាជីវកម្មដំបូង តែងជួបប្រទះបញ្ហាមួយគឺ ការខ្វះខាតដើមទុន។ ដូច្នេះអ្នកខ្វះខាតដើមទុន ត្រូវមានភាពក្លាហានក្នុងការខ្ចីលុយគេ ដើម្បីមកបើកអាជីវកម្ម។ បន្ថែមលើនោះ លោកបន្តថា ការខ្ចីលុយគេនេះទៀតសោត ត្រូវមានភាពបុិនប្រសព្វ និងប្រាកដថាលុយដែលខ្ចីបានត្រូវយកមកប្រកបអាជីវកម្មដែលខ្លួនប៉ងទុក៕

ទស្សនាវីដេអូខាងក្រោមនេះ៖

អត្ថបទថ្មី
;