គន្លឹះ ៤យ៉ាង ដែល​លោក កែវ ឡង់ឌី វិវត្តខ្លួន​ពីបុគ្គលិកធម្មតាម្នាក់ រហូតដល់ក្លាយ​ជាអគ្គនាយកក្រុមហ៊ុន

  • 2021-09-20 09:38:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មុនក្លាយជាអ្នកជំនួញជោគជ័យម្នាក់នៅក្នុងប្រទេសកម្ពុជា លោក កែវ ឡង់ឌី ក៏ធ្លាប់បម្រើការងារនៅក្នុងស្ថាប័នអប់រំមួយកន្លែង និងទទួលបានជោគជ័យយ៉ាងត្រចៈត្រចង់ មុនលោកបញ្ចប់អាជីពជាអ្នកធ្វើការឱ្យគេ មកបង្កើតអាជីវកម្មដោយខ្លួនឯង ។

ឆ្លើយឆ្លងជាមួយអ្នកសម្របសម្រួលនៅក្នុងកម្មវិធី Starting Up ​លោក កែវ ឡង់ឌី បានលាតត្រដាងពីប្រវត្តិរបស់លោកមុននឹងក្លាយជាសហគ្រិនឆ្នើមម្នាក់ ។ យុវជនកើតឆ្នាំ ១៩៨៣ រូបនេះ បានបញ្ចប់ការសិក្សាជំនាញអក្សរសាស្ត្រអង់គ្លេសពីវិទ្យាស្ថានភាសាបរទេស IFL ​នៅឆ្នាំ ២០០៥ និងបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ឆ្នាំ ២០១២ ។

បើនិយាយពីជីវិតជាអ្នកធ្វើការវិញ លោកចាប់ផ្ដើមចេញធ្វើការរកលុយតាំងពីនៅរៀនថ្នាក់ទី ១១ ពេលនោះលោកបង្រៀនភាសាអង់គ្លេសក្រៅម៉ោងតាមផ្ទះ រៀនបណ្ដើរ ធ្វើការបណ្ដើរ ។ នៅឆ្នាំ ២០០៥ លោកបានចូលបម្រើការងារនៅសាលាអន្តរទ្វីបអាមេរិកកាំងរបស់លោកឧកញ៉ា គួច ម៉េងលី ក្នុងតួនាទីជាគ្រូបង្រៀនភាសាអង់គ្លេសក្រៅម៉ោងម្នាក់ ។ ក្នុងពេលបំពេញការងារនៅក្នុងស្ថាប័នអប់រំមួយនេះ លោកបានវិវត្តន៍ខ្លួនពីគ្រូក្រៅម៉ោងម្នាក់ ក្លាយជាគ្រូពេញម៉ោង ជាអ្នកគ្រប់គ្រងបង្រៀនផ្នែកភាសាអង់គ្លេង និងក្រោយមកទៀតគ្រប់គ្រងគ្រូភាសាខ្មែរ រហូតដល់ក្លាយជាអ្នកគ្រប់គ្រងស្ថាប័នទាំងមូលក្នុងតួនាទីជាអគ្គនាយក ។

មកដល់ត្រង់ចំណុចនេះ សហស្ថាបនិក និងអគ្គនាយកអភិវឌ្ឍធុរកិច្ច ហាងឯកទេសទំនិញ កុមារ Baby Outlet ក៏បានប្រាប់ពីគន្លឹះសំខាន់ៗ ៤ ចំណុច នាំឱ្យលោកត្រូវបានថ្នាក់គ្រប់គ្រងក្រុមហ៊ុន សម្រេចដំឡើងតំណែងលោកពីមួយថ្នាក់ទៅមួយថ្នាក់បែបនេះ ។ ក្នុងនោះមាន៖

១.ភាពស្មោះត្រង់៖ លោកថាសំខាន់ណាស់សម្រាប់អ្នកធ្វើការ និងអ្នករកស៊ី លោកមានចំណុចមួយនេះច្រើននៅក្នុងខ្លួន ជាភាពស្មោះត្រង់ ចំពោះការងារនេះ ទើបលោកត្រូវបានជ្រើសរើស ។

២.ភាពទទួលខុសត្រូវ​៖ មានភាពទទួលខុសត្រូវលើកិច្ចការរបស់ខ្លួន កុំទម្លាក់ឱ្យអ្នកដទៃ ត្រូវចេះទទួលខុសប្រសិនបើបង្កើតកំហុស ។

៣.ភាពសាច់ការ៖ ភាពសាច់ការត្រង់ចំណុចនេះ លោក កែវ ឡង់ឌី លើកឡើងថា បើគេប្រាប់ម្ដងគឺធ្វើបាន មិនមែនប្រាប់ពីរបីដងហើយ នៅតែធ្វើមិនបាន នោះគេហៅមនុស្សមិនបានការ យកជាសាច់ការមិនបាន។

៤.ធ្វើអ្វីមួយធ្វើឱ្យបានល្អបំផុតជាមួយតួនាទី​របស់ខ្លួន៖ «បើធ្វើគ្រូ Part Time ត្រូវធ្វើឱ្យល្អជាមួយតួនាទី បើគ្រូពេញម៉ោង ត្រូវធ្វើឱ្យបានល្អក្នុងនាមជាគ្រូពេញម៉ោង ហើយបើធ្វើជាអ្នកគ្រប់គ្រងគ្រូត្រូវធ្វើឱ្យបានល្អបំផុត បើធ្វើបានល្អទើបអាចក្លាយជាអ្នកគ្រប់គ្រងស្ថាប័ន បើធ្វើអ្នកគ្រប់គ្រងស្ថាប័នល្អ ទើបអាចក្លាយជាម្ចាស់អាជីវកម្មដ៏ល្អម្នាក់» ។ លោក កែវ ឡង់ឌី ថ្លែង ។

លោក កែវ ឡង់ឌី បានបញ្ចប់តួនាទីនៅក្នុងវិស័យអប់រំ ឆ្នាំ ២០១៧ ក្នុងវ័យ ៣៤ ឆ្នាំ ដើម្បីប្រឡូកក្នុងវិស័យជំនួញពេញលេញ ដែលចូលហ៊ុនគ្នាជាមួយគ្រួសារ និងទទួលបានជោគជ័យជាខ្លាំង ដោយបច្ចុប្បន្ននេះ ហាងឯកទេសទំនិញ កុមារ Baby Outlet មាន ១១ សាខា និងត្រៀមបើកមួយសាខាទៀតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល ៕

ទស្សនាវីដេអូសម្ភាសខាងក្រោម៖

អត្ថបទថ្មី
;