គ្រំចំពុះទា ជាហារសមុទ្រមកពីខេត្តកោះកុង កំពុងមានវត្តមាននៅផ្សារទំនើបម៉ាក្រូ

  • 2021-09-23 03:20:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន មានសុទិដ្ឋិនិយមថាការគាំទ្រម្ហូបច្នៃពីគ្រំចំពុះទាដែលមានប្រភពមកពីកោះកុង គឺគាំទ្រការអភិរក្សដើមកោងកាង និងបង្កើនចំណូលសម្រាប់ប្រជាសហគមន៍។ ការថ្លែងដូចនេះធ្វើឡើង ក្នុងឱកាសនៃការចូលរួមពិធីផ្សព្វផ្សាយផលិតផលគ្រុំចំពុះទារបស់សហគមន៍តំបន់ ការពារធម្មជាតិពាមក្រសោបខេត្តកោះកុងនៅក្នុងផ្សារទំនើបម៉ាក្រូ កាលថ្ងៃទី២២ ខែ កញ្ញា ឆ្នាំ២០២១។

លោករដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា៖ «គ្រំចំពុះទាជាផលិតផលក្នុងស្រុក ដែលសំបូរនៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោបខេត្តកោះកុង និងជានិមិត្តរូប នៃនិរន្តរភាពធនធានធម្មជាតិកើតចេញពីសុខដុមរមណីយកម្មរវាងសកម្មភាពសេដ្ឋកិច្ច និងការអភិរក្ស ជាពិសេសការអភិរក្សព្រៃកោងកាង ចាប់ផ្តើមមានវត្តមាននៅលើទីផ្សារទំនើបម៉ាក្រូដើម្បីចូលរួមជាជម្រើសមុខម្ហូបថ្មីមួយទៀតសម្រាប់អ្នកចូលចិត្តអាហារសមុទ្រ»

លោករដ្ឋលេខាធិការ បានថ្លែងថា គ្រំចំពុះទាដែលជាផលិតផលនៅខេត្តកោះកុង ហើយក៏ជាប្រភេទគ្រំមានរសជាតិយ៉ាងឆ្ងាញ់ពិសានេះត្រូវបានគេនាំយកមកដាក់ចែកចាយលក់នៅផ្សារម៉ាក្រូគឺជាជំហានថ្មីមួយទៀតសម្រាប់ពង្រីកទីផ្សារគ្រុំចំពុះទាលើទីផ្សារក្នុងស្រុក និងជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាននៃក្រសួងបរិស្ថានក្នុងការជួយដល់ជីវភាព និងសេដ្ឋកិច្ចគ្រួសាររបស់សហគមន៍តំបន់ការពារធម្មជាតិឱ្យកាន់តែល្អប្រសើរឡើង។ លោករដ្ឋលេខាធិការបានថ្លែងអំណរគុណដល់ផ្សារស្នាដៃម៉ែ និងផ្សារម៉ាក្រូដែលបានជួយចូលរួមសហការ ជាមួយក្រសួងបរិស្ថាននាំយកនូវផលិតផលក្នុងស្រុកមួយនេះមកលក់នៅលើទីផ្សារ។ នេះគឺជាផ្នែកមួយនៃការចូលរួមរកទីផ្សារជូនផលិតផលក្នុងស្រុក និងក៏ជាផ្នែកមួយនៃការចូលរួមអភិរក្សសមុទ្រជាពិសេសចូលរួមក្នុងការការពារព្រៃកោងកាងនៅក្នុងតំបន់ខេត្តកោះកុងដែលជាប្រភពសុវត្ថិភាពស្បៀងអាហារដ៏សំខាន់ របស់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ។

គួរបញ្ជាក់ថាការនាំយកគ្រំចំពុះទាមដាក់លក់នៅផ្សារម៉ាក្រូនេះធ្វើឡើងក្រោមកិច្ចសហការរបស់គម្រោងនិរន្តរភាពទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា នៃក្រសួងបរិស្ថាន ជាមួយផ្សារម៉ាក្រូទាំងនៅភ្នំពេញ និងខេត្តសៀមរាប បានរៀបចំបើកលក់ផលិតផលគ្រំចំពុះទាកោះកុងក្នុងតម្លៃពិសេសចាប់ពីថ្ងៃទី២២ ខែកញ្ញា ដល់ថ្ងៃទី ០៥ ខែតុលាឆ្នាំ២០២១។ លោកនេត្រ ភក្រ្តា បានបន្តថា គ្រំចំពុះទាល្បីល្បាញឈ្មោះនៅបរទេសដោយសារវាមានរសជាតិឆ្ងាញ់ពិសា ប៉ុន្តែសម្រាប់កម្ពុជាវិញប្រជាពលរដ្ឋហាក់មិនសូវស្គាល់គ្រំប្រភេទនេះច្រើនប៉ុន្មាននៅឡើយទេ។ សម្រាប់ការដាក់លក់គ្រំចំពុះទាខេត្តកោះកុងនៅផ្សារម៉ាក្រូនាពេលនេះគឺជាការបង្ហាញឱ្យឃើញពីការពង្រីកកាន់តែទូលាយនូវទីផ្សារផលិតផលរបស់សហគមន៍ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក និងសេដ្ឋកិច្ចគ្រួសារសហគមន៍ ក៏ដូចជាចូលរួមក្នុងកិច្ចការការពារ និងអភិរក្សធនធានធម្មជាតិ។

លោករដ្ឋលេខាធិការ ក៏បានបញ្ជាក់ថា៖ «កាលដែលបងប្អូនចូលរួមគាំផលិតផលទាំងអស់នេះមានន័យថាបងប្អូនចូលរួមក្រសួងបរិស្ថានក្នុងការការពារនូវធនធានធម្មជាតិរបស់យើង ការបង្កើនការងារទៅប្រជាពលរដ្ឋនៅមូលដ្ឋាន នៅសហគមន៍ ដែលមានន័យថាសហគមន៍គាត់មានការងារ គាត់មានចំណូល ហើយមួយផ្នែកទៀតចូលរួមក្នុងការការពារដើមកោងកាងផង»

លោកបានមានប្រសាសន៍បញ្ជាក់បន្ថែមថា ការប្រកាសផ្សព្វផ្សាយលក់គ្រំចំពុះទារបស់ខេត្តកោះកុងនៅផ្សារម៉ាក្រូនេះក៏ជាផ្នែកមួយក្នុងគោលបំណងធ្វើឱ្យផលិតផលគ្រំចំពុះទាកោះកុងទទួលបានការគាំទ្រផលិតផលរបស់សហគមន៍ពីសំណាក់ម្ចាស់ភោជនីយដ្ឋាន សណ្ឋាគារនិងប្រជាពលរដ្ឋទូទៅផងដែរ។ លើសពីនេះក៏ជាការលើកទឹកចឹត្តសហគមន៍ប្រមូលគ្រំចំពុះទា ក្នុងការចូលរួមសកម្មភាពផ្សព្វផ្សាយ និងបង្កើនចំនេះដឹងលើការអភិវឌ្ឍផលិតផល និងកែច្នៃអាហារផង។ ក្រៅពីនេះតាមរយៈការដាក់លក់ផ្សព្វផ្សាយលក់គ្រំចំពុះទានៅផ្សារម៉ាក្រូនេះ លោកសង្ឃឹមថានឹងជួយផ្សព្វផ្សាយពីផលិតផលអាហារសមុទ្រនេះឱ្យបានកាន់តែជ្រួតជ្រាបដល់ពលរដ្ឋកម្ពុជា ហើយងាកមកបរិភោគអាហារមួយនេះកាន់តែច្រើនឡើង។

សូមបញ្ជាក់ថាកន្លងមកក្រសួងបរិស្ថានបានលើកទឹកចិត្តដល់សហគមន៍បង្កើនការចិញ្ចឹមគ្រំចំពុះទា ស្របពេលដែលតម្រូវការទីផ្សារខ្ពស់ អាចជួយដល់ជីវភាព និង សេដ្ឋកិច្ចគ្រួសារកាន់តែល្អប្រសើរឡើង៕

អត្ថបទថ្មី
;