សត្វត្រដក់តូច ជាសត្វកម្រនៅលើពិភពលោក កំពុងមានវត្តមាននៅកម្ពុជា
- 2021-09-23 03:54:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សត្វត្រដក់តូច ជាសត្វកម្រនៅលើពិភពលោក កំពុងមានវត្តមាននៅកម្ពុជា
ចន្លោះមិនឃើញ
ថ្មីៗកន្លងទៅនេះ ក្រុមការងារស្រាវជ្រាវសត្វព្រៃនៃអង្គការ WCS បានរកឃើញសម្បុករបស់សត្វត្រដក់តូច (Lesser adjutant) ចំនួនពីរហ្វូង ដែលហ្វូងទី ១មានសម្បុកចំនួន ៥សម្បុក និងហ្វូងទី២មាន ២សម្បុក។
ក្រុមការងារបានចាប់ផ្តើមស្វែងរកសម្បុកសត្វត្រដក់តូច កាលពីដើមខែកញ្ញាកន្លងទៅបន្ទាប់ពីក្រុមការពារសម្បុកសហគមន៍បានយាមការពារសម្បុកសត្វត្រយងយក្សមួយសម្បុករហូតដល់កូនញាស់ហើរចេញដោយសុវត្ថិភាពកាលពីពីរបីសប្តាហ៍កន្លងទៅ។ រដូវពងកូនរបស់សត្វត្រដក់តូចចាប់ផ្តើមពីខែកញ្ញាដល់ខែវិច្ឆិកា។ សត្វត្រដក់តូច ត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទងាយរងគ្រោះជាសាកល។
បច្ចុប្បន្ន ក្រុមការងារស្រាវជ្រាវសត្វព្រៃនៃអង្គការ WCS បានចាត់តាំងក្រុមការពារសម្បុកសហគមន៍ឱ្យយាមការពារសម្បុកសត្វត្រដក់តូចទាំងអស់ ហើយក្រុមស្រាវជ្រាវសត្វព្រៃកំពុងស្វែងរកសម្បុកសត្វត្រដក់តូចបន្តទៀតដើម្បីការពារ។
តាមការប៉ាន់ស្មាន ចំនួនសត្វត្រដក់តូចកំពុងតែថយចុះយ៉ាងខ្លាំងបណ្តាលមកពីកត្តាគំរាមកំហែងផ្សេងៗ ជាពិសេសដោយសារមានការលួចប្រមូលយកពងនិងកូនត្រដក់តូចពីហ្វូងរបស់វា ការបាត់បង់ទីជម្រកសម្រាប់ធ្វើសម្បុកពងកូន ការផ្លាស់ប្តូរនិងការបាត់បង់តំបន់ដីសើម និងការផ្លាស់ប្តូរទៅរកការធ្វើកសិកម្មតាមបែបប្រពលវប្បកម្ម។
ត្រដក់តូចក៏ទទួលរងការគំរាមកំហែងផងដែរតាមរយៈសកម្មភាពដាក់ថ្នាំបំពុលក្នុងទឹកដើម្បីចាប់ត្រី។ កាលពីរដូវពងកូនឆ្នាំ ២០២០ ក្រុមការងារស្រាវជ្រាវសត្វព្រៃបានរកឃើញសម្បុកត្រដក់តូចចំនួន ៤សម្បុក ក៏ប៉ុន្តែពងនៅក្នុងសម្បុកទាំងអស់មិនបានញាស់ទេ ដោយសារតែមានការរំខានពីមនុស្ស។
ប្រទេសកម្ពុជាគឺជាទីជម្រកមួយរបស់សត្វត្រដក់តូចដែលនៅលើពិភពលោកមានចំនួនសរុបប្រហែល ៣ ០០០ក្បាល ហើយចំនួននេះកំពុងថយចុះ ទោះបីជាមានវិធានការទប់ស្កាត់មិនឱ្យចំនួននេះថយចុះនៅក្នុងតំបន់មួយចំនួនក្តី៕