ផ្លូវភ្ជាប់បាត់ដំបង-កោះកុង បើមិនប្តូរទិសផ្លូវទេ នឹងត្រូវកាត់វះភ្នំក្រវាញជាពីរ
- 2021-10-04 05:17:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លូវភ្ជាប់បាត់ដំបង-កោះកុង បើមិនប្តូរទិសផ្លូវទេ នឹងត្រូវកាត់វះភ្នំក្រវាញជាពីរ
ចន្លោះមិនឃើញ
ការសាងសង់ផ្លូវជាតិលេខ១០ ភ្ជាប់ពីបាត់ដំបង-ពោធិ៍សាត់-កោះកុង នឹងត្រូវប្តូរទិសផ្លូវ ព្រោះវាត្រូវកាត់លើភ្នំក្រវាញ បើមិនប្តូរទិសទេ គឺនឹងត្រូវវះភ្នំនេះជាពីរតែម្តង ដែលនាំដល់ការខូចខាតបរិស្ថានយ៉ាងធ្ងន់ធ្ងរ។ នេះបើតាមការបញ្ជាក់របស់លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២១។
លោកទេសរដ្ឋមន្រ្តីឱ្យដឹងថា លោកបានជិះឧទ្ធម្ភាគចក្រជាមួយរដ្ឋមន្រ្តីបរិស្ថាន លោក សាយ សំអាល់ ដោយពិនិត្យឃើញថាមិនគួរធ្វើត្រង់មកកាត់លើភ្នំក្រវាញទេ។ ចំពោះការប្តូរទិសផ្លូវនេះ គឺត្រូវថែមថវិកាជិត ៦០លានដុល្លារឯណោះ។
គម្រោងសាងសង់ផ្លូវជាតិលេខ១០ មានប្រវែងសរុប ១៩៧,៣៦គីឡូម៉ែត្រ និងទទឹងតួផ្លូវ ៩ម៉ែត្រ តភ្ជាប់ពីសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់វាលវែង អូរសោម ខេត្តពោធិ៍សាត់ ភ្ជាប់ទៅខេត្តកោះកុង។ ក្នុងនោះមានការសាងសង់ស្ពានចំនួន ៣៣កន្លែងប្រវែងសរុប ២៣៦១ម៉ែត្រ។ ផ្លូវនេះគ្រោងចំណាយប្រមាណជាង ១៨៨លានដុល្លារ ជាហិរញ្ញប្បទានរបស់ប្រទេសចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា៕