ត្បូងឃ្មុំ ដែល​ល្បីរឿងអន្លង់ជ្រៃ ដឹងអត់​ទទួលបាន​ភ្ញៀវទេសចរ​ប៉ុន្មាន​នាក់​ អំឡុងភ្ជុំបិណ្ឌ?

  • 2021-10-08 01:56:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុងឱកាស​ថ្ងៃឈប់សម្រាក​រយៈពេល ៣ថ្ងៃ នៃពិធិបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី៥ ដល់ ៧ តុលា ឆ្នាំ២០២១ ខេត្តត្បូងឃ្មុំ បាន​ទទួលភ្ញៀវទេសចរសរុប​ចំនួន ១២ ៩១៣នាក់។ នេះបើយោងតាមស្ថិតិ​ភ្ញៀវទេសចរផ្ទៃក្នុង របស់ក្រសួង​ទេសចរណ៍។

ខេត្តកំពត​នៅតែមានភ្ញៀវនាំមុខគេ ចំនួន ១០២ ៥៩៣នាក់ បន្ទាប់មកកែប ៩៦ ៤៧១នាក់ និងព្រះសីហនុ ៨០ ៥១៩នាក់។

ក្រសួងបញ្ជាក់​ថា នាថ្ងៃឈប់សម្រាកទី៣នេះ គ្រប់គោលដៅទេសចរណ៍ទាំង២៥រាជធានីខេត្ត បានបើកដំណើរការទទួលភ្ញៀវទេសចរ រាប់ទាំងខេត្តកំពង់ឆ្នាំងដែលកន្លងមកបានផ្អាកដំណើរការរមណីយដ្ឋានាថ្ងៃឈប់សម្រាកទី១ និងទី២ផងដែរ។

ទន្ទឹមនឹងនេះ ចរន្តភ្ញៀវនៅបន្តដើរកម្សាន្តរហូតដល់ចុងសប្តាហ៍ ខណៈដែលការធ្វើដំណើរចូលរាជធានីភ្នំពេញនៅមិនទាន់មានភាពកកកុញនៅឡើយ។ បន្ទប់ស្នាក់នៅនៅតាមគោលដៅទេសចរណ៍សំខាន់ៗ ត្រូវបានភ្ញៀវកក់ពេញស្ទើរទាំងស្រុងនៅថ្ងៃទី១ និងទី២។ ប៉ុន្តែថ្ងៃទី៣នេះ ការកក់មានការថមថយខ្លះដោយសារប្រជាជនមួយចំនួនបានវិលត្រលប់ចូលភ្នំពេញវិញ។

ភ្ញៀវទេសចរភាគច្រើន ជ្រើសរើសការដើរកម្សាន្តជាក្រុមគ្រួសារ ហើយខ្លះទៀតដើរកម្សាន្តច្រើនគោលដៅជាលក្ខណៈរង្វង់ខ្សែទស្សនកិច្ច។ ជានិន្នាការថ្មីនោះ គឺភ្ញៀវទេសចរមួយចំនួនបានជ្រើសរើសកន្លែងស្នាក់នៅដែលមានចង្រ្កានបាយ ឬកន្លែងចម្អិនអាហារភ្ជាប់ជាមួយ ខណៈដែលភ្ញៀវខ្លះទៀតជ្រើសរើសការទទួលទានអាហារជាលក្ខណៈសាច់អាំងគ្រួសាររៀបចំដោយខ្លួនឯង ហើយខ្លះទៀតក៏រៀបចំម្ហូបអាហារ ឬចង្រ្កានអាំងសាច់ និងប្រដាប់ប្រដាធ្វើម្ហូបផ្ទាល់ខ្លួនដាក់ក្នុងរថយន្តក្នុងពេលធ្វើដំណើរកម្សាន្តផងដែរ ដើម្បីកាត់បន្ថយការជួបជុំក្រុមភ្ញៀវផ្សេង និងសន្សំសំចៃថវិកាបានខ្លះ។

ចំពោះតម្លៃសេវា ពិសេសតម្លៃបន្ទប់ស្នាក់នៅ និងម្ហូបអាហារ ពុំមានការតំឡើងថ្ងៃហួសហេតុទេ គឺស្ថិតក្នុងកម្រិតសមរម្យ ដោយពុំមានបាតុភាពគួរកត់សម្គាល់ណាមួយកើតឡើងទេ។

ប្រជាពលរដ្ឋភាគច្រើនបានចូលរួមអនុវត្តវិធានការទប់ស្កាត់កូវីដ-១៩ ពិសេសការពាក់ម៉ាស់ស្ទើរគ្រប់ ១០០%។ ប៉ុន្តែការរក្សាគម្លាតនៅតែជាកត្តាចម្បងដែលចាំបាច់ត្រូវមានការយកចិត្តទុកដាក់អប់រំណែនាំ និងក្រើនរំលឹកបន្ថែមទៀត ពិសេសនៅតាមគោលដៅទេសចរណ៍មួយចំនួនដែលមានការទាក់ទាញខ្លាំង។ នៅតាមគោលដៅទេសចរណ៍ទាំងអស់ ក្រុមការងារររដ្ឋបាលរាជធានី-ខេត្ត និងមន្ទីរទេសចរណ៍ បានខិតខំប្រឹងប្រែងចុះពិនិត្យ អប់រំណែនាំការអនុវត្តវិធានការ “៣កុំ និង ៣ការពារ” វិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP)។

វិស័យឯកជន រាប់ចាប់ពីប្រតិបត្តិទេសចរណ៍ធំៗ ដូចជាសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងរមណីយដ្ឋានទេសចរណ៍ និងប្រជាពលរដ្ឋ អាជីវករលក់ដូរនៅមូលដ្ឋានផ្ទាល់ ពិសេសនៅគោលដៅទេសចរណ៍ និងសហគមន៍ទេសចរណ៍ មានភាពរីករាយក្នុងការដែលសម្តេចតេជោនាយករដ្ឋមន្រ្តីបានអនុញ្ញាតឲ្យមានការដើរកម្សាន្តក្នុងពិធីបុណ្យភ្ជុំនេះ។ ទាំងនេះបង្កើតជាក្តីសង្ឃឺមសម្រាប់ពួកគាត់ក្នុងការបន្តអាជីវកម្ម មុខរបរ និងត្រៀមខ្លួនក្នុងការទទួលស្វាគមន៍ភ្ញៀវបន្តទៀតនាឱកាសឈប់សម្រាកនានា។

គណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ដែលមានសមាសភាពចម្រុះពីអង្គភាពជំនាញពាក់ព័ន្ធនៅថ្នាក់មូលដ្ឋាន បានខិតខំប្រឹងប្រែងក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធា្នប់ សុវត្ថិភាព ចរាចរណ៍ ការគ្រប់គ្រងលំហូរភ្ញៀវទេសចរដែលមានចំនួនច្រើន និងការអនុវត្តវិធានការទប់ស្កាត់កូវីដ-១៩ ក្រោមស្ថានភាពភ្លៀងធ្លាក់ជោគជាំនៅតាមតំបន់មួយចំនួន។

សូមជម្រាបថា ភ្ញៀវសរុបសម្រាប់ថ្ងៃទី៣នេះ មានចំនួន ២៤៤ ២៥៦ នាក់ (ថយចុះប្រមាណ ១០,០១% ធៀបនឹងថ្ងៃទី២ ប៉ុន្តែបើធៀបនឹងថ្ងៃទី១ គឺកើនឡើងប្រមាណ ៦៣,៩២%) ក្នុងនោះភ្ញៀវជាតិ ២៤២ ៨៨១ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១ ៣៧៥ នាក់៕

អត្ថបទថ្មី
;