៣ថ្ងៃចុងសប្តាហ៍កន្លងទៅ ខេត្ត​ដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេ មិនមែន​កំពតកែប ឬសៀមរាបនោះទេ

  • 2021-10-18 04:09:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ក្នុងរយៈពេល៣ថ្ងៃ គឺថ្ងៃទី១៥-១៧ ខែតុលា ឆ្នាំ២០២១ ដែលជាថ្ងៃចុងសប្តាហ៍នោះ ភ្ញៀវទេសចរ​ដែលបានចេញ​ដើរទស្សនា​កម្សាន្តមានចំនួនសរុប ១៣៨ ០៩៩នាក់ ក្នុងនោះមានភ្ញៀវជាតិ ១៣៥ ០៦៦នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៣ ០៣៣នាក់។

លោក​រដ្ឋមន្ត្រីបានបន្តថា គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖

-ខេត្តព្រះសីហនុ ២៨ ៧២៨នាក់

-រាជធានីភ្នំពេញ ២៥ ៦៩៨នាក់

-ខេត្តកំពត ១៨ ៤៣៧នាក់

-ខេត្តកំពង់ស្ពឺ ៨ ៥៥៥នាក់

-ខេត្តសៀមរាប ៧ ៦៨៧នាក់

-ខេត្តពោធិ៍សាត់ ៧ ៤៥៩នាក់

-ខេត្តកែប ៧ ១៣៦នាក់។

បើទោះបីថ្ងៃឈប់សម្រាករយៈពេលយូរនៃពិធិបុណ្យភ្ជុំបិណ្ឌបានកន្លងផុត ចរន្តភ្ញៀវទេសចរផ្ទៃក្នុងទៅកាន់គោលដៅទេសចរណ៍នានានៅតែមានសកម្មភាពគួរកត់សម្គាល់ ទោះបីមានការថមថយចំនួនខ្លះក៏ដោយ។ ជាក់ស្តែង តួលេខចុងសប្តាហ៍ (៣ថ្ងៃ) ខាងលើ មានការថយចុះប្រមាណ ៤៣,៤៦% ធៀបនឹងចុងសប្តាហ៍កន្លងមកក្រោយពិធីបុណ្យភ្ជុំ ប៉ុន្តែបើធៀបនឹងចុងសប្តាហ៍មុនពិធីបុណ្យភ្ជុំ គឺមានការកើនឡើងប្រមាណ ១៨,២១%។

មន្ទីរទេសចរណ៍រាជធានី-ខេត្ត នៅតែបន្តខិតខំផ្សព្វផ្សាយ និងចុះវាយតម្លៃមូលដ្ឋានអាជីវកម្មស្របតាមវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) សម្រាប់សេវានានាដែលក្រសួងទេសចរណ៍បានដាក់ចេញកន្លងមក ខណៈដែលការចូលរួម និងយល់ដឹងរបស់ភ្ញៀវទេសចរក្នុងការទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ កាន់តែមានភាពល្អប្រសើរ ពិសេសតាមរយៈការបង្ហាញកាតចាក់វ៉ាក់សាំងនៅពេលចូលរមណីយដ្ឋានជាដើម។

ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍ក៏បានកំពុងរៀបចំ និងដាក់ចេញនាពេលឆាប់ៗនេះនូវវិធានសុវត្ថិភាពទេសចរណ៍ និង SOP សម្រាប់សេវាសំខាន់ៗផ្សេងទៀតផងដែរ៕

អត្ថបទថ្មី
;