មកស្គាល់លោក លាង សុីកន កូនខ្មែរដំបូងគេលក់ស្នាដៃគំនូរមួយៗ បានរាប់មុឺនដុល្លារ

  • 2021-11-02 09:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កម្មវិធីជជែកពិភាក្សាពីមុខជំនួញគ្រប់វិស័យ Starting Up សប្ដាហ៍ថ្មីនេះ កាន់តែជក់ចិត្តជាមួយបទពិសោធថ្មីៗ ល្អៗ ពីសិល្បករផ្នែកគំនូរសហសម័យ មានបទពិសោធន៍២០ឆ្នាំនៅក្នុងផ្នែកនេះ។ Starting Up នឹងនាំលោកអ្នកទៅស្តាប់បទពិសោធពីភ្ញៀវកិត្តិយសមួយរូបគឺ លោក លាង សុីកន ម្ចាស់ស្នាដៃគំនូរសហសម័យដែលល្បីពេញពិភពលោក។

លោក លាង សុីកន គឺជាសិល្បករផ្នែកគំនូរសហសម័យ ដ៏ឆ្នើមមួយរូប ដែលស្នាដៃសិល្បៈគំនូររបស់លោកត្រូវបានដាក់បង្ហាញនៅប្រទេសជាច្រើននៅលើពិភពលោក។ កើតក្នុងត្រកូលកសិករ ក្នុងខេត្តព្រៃវែង លោក សុីកន មិនបានបណ្តែតបណ្តោយខ្លួនទៅតាមព្រេងវាសនាទេ ផ្ទុយទៅវិញ លោកខំតស៊ូសព្វគ្រប់បែបយ៉ាង ដើម្បីបានមកសិក្សាក្រេបយកចំណេះវិជ្ជានៅសាលាក្នុងទីក្រុងភ្នំពេញ។

សិល្បករផ្នែកសហសម័យមានបទពិសោធន៍ ២០ឆ្នាំរូបនេះ មានទេពកោសល្យផ្នែកគំនូរពីកំណើត ដោយលោកចេះគូរគំនូរតាំងពីនៅតូចមកម្លេះ។ ក្រោយមកលោក សុីកន បានចូលសិក្សាក្រេបយកចំណេះវិជ្ជានៅសាលារចនា ក្នុងទីក្រុងភ្នំពេញ។ វេលាចេះតែកន្លងផុតទៅ លោក សុីកន បានប្រែវាសនាពីក្មេងគង្វាលគោ នៅតាមស្រុកស្រែជនបទ ក្លាយជាសិល្បករផ្នែកគំនូរសហសម័យ ដែលជាក្តីស្រម៉ៃរបស់លោកប៉ងទុកតាំងពីនៅវ័យកុមារភាព។

ស្នាដៃគំនូរសហសម័យរបស់លោក លាង សុីកន ដំបូងបំផុតគឺជារូបព្រះពុទ្ធ ដែលមានបណ្តាញសារព័ត៌មានក្នុងស្រុកជាច្រើនបានចុះផ្សាយ ធ្វើឱ្យមានគេស្គាល់លោកកាន់តែច្រើនឡើងចាប់តាំងពីពេលនោះមក។ ក្នុងឆ្នាំ២០០០ លោក សុីកន បានធ្វើឱ្យអន្តរជាតិស្គាល់លោក តាមរយៈស្នាដៃគំនូរ ដែលលោកប្រឡងបានលេខ ១ នៅអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូយ៉ក សហរដ្ឋអាមេរិក។

ក្រៅពីគូរគំនូរបែបសហសម័យ លោក លាង សុីកន មានសមត្ថភាពអាចនិពន្ធបទចម្រៀងបានថែមទៀតផង ដោយមកទល់ពេលនេះលោកនិពន្ធបានជិត ២០០បទហើយ។ និយាយទៅដល់ស្នាដៃគំនូររបស់លោកវិញ លោកសុីកន បានទម្លាយឱ្យដឹងពីតម្លៃនៃគំនូរដែលលោក បានលក់ទៅក្រៅប្រទេសគឺរូបខ្លះ មានតម្លៃ ២មុឺនដុល្លារ និងរូបខ្លះទៀតមានតម្លៃរហូតដល់ទៅ ៥មុឺនដុល្លារក៏មានដែរ៕

សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទថ្មី
;