ដំណឹងល្អ! ​កម្ពុជា គ្រោងដំឡើង​ស្ថានីយសាកអាគុយ សម្រាប់​រថយន្តអគ្គិសនីហើយ

  • 2021-11-05 01:44:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដើម្បី​ជំរុញ​ការប្រើប្រាស់​រថយន្ត​អគ្គិសនី​នាពេលអនាគត កម្ពុជា​មានផែនការ​ដំឡើង​ស្ថានីយសាកអាគុយ ខណៈ​ដែល​និន្នាការ​ប្រើប្រាស់​រថយន្ត​ប្រភេទនេះកំពុងកើនឡើង​នៅលើ​ពិភពលោក និង​នៅក្នុងស្រុក ដែល​វា​បាន​ជួយសន្សំសំចៃ និង​កាត់បន្ថយ​ផលប៉ះពាល់​បរិស្ថាន។

រូបតំណាង

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និងដឹកជញ្ជូន បាន​ថ្លែង​​ក្នុងកម្មវិធីមួយ​ក្រោមប្រធានបទ៖ “អគ្គិសនីភាវូបនីយកម្មនៃយានយន្តដើម្បីអនាគតបៃតងសម្រាប់កម្ពុជា” កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ ថា រថយន្តដើរដោយថាមពលអគ្គីសនី ដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនទៅក្នុងបរិយាកាស ធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន និងបានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានចូលរួមក្នុងការជជែកពិភាក្សាអំពីរថយន្តដើរដោយថាមពលអគ្គិសនីដើម្បីផ្ដល់ព័ត៌មានជូនដល់ប្រជាពលរដ្ឋកម្ពុជាថា៖ រថយន្តប្រភេទនេះ មានលក់នៅកម្ពុជាសម្រាប់ជាមធ្យោបាយធ្វើដំណើរសម្រាប់ពលរដ្ឋកម្ពុជាហើយ។

រូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

ឯកឧត្តម​បន្តថា ក្រសួងកំពុងរៀបចំគោលនយោបាយ និងការគាំទ្រសម្រាប់រថយន្តដើរដោយថាមពលអគ្គិសនី (EVs) និងបានបន្ថែមថា យើងត្រូវ​ធានាឱ្យមានហេដ្ឋារចនាសម្ព័ន្ធទាំងមូលសម្រាប់ EVsនៅកម្ពុជា ក្នុងនោះរួមមាន៖ ស្ថានីយសាកអាគុយ កន្លែងផ្តល់សេវា គ្រឿងបន្លាស់ បុគ្គលិកទទួលការបណ្តុះបណ្តាល និងកន្លែងបោះចោលអាគុយ និងធានា ថាEVs ដែលនាំចូលមកកម្ពុជាមានគុណភាពល្អ។

ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងធ្វើការជាមួយក្រសួង និង​ភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីរៀបចំសេចក្តីព្រាងគោលនយោ បាយជាតិស្តីពីការអភិវឌ្ឍន៍វិស័យដឹកជញ្ជូន២០២២-២០៣១ ហើយសេចក្តីព្រាងគោលនយោបាយជាតិនេះត្រូវបានឯកភាពជាគោលការណ៍ដោយភាគីពាក់ព័ន្ធទាំងអស់រួមមាន៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ក្រសួងមហាផ្ទៃ ក្រសួងវិទ្យាសាស្ត្រឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងរ៉ែ និងថាមពល និងក្រសួង-ស្ថាប័ន ពាក់ព័ន្ធមួយចំនួនផ្សេងទៀតផងដែរ៕

អត្ថបទ៖ សំភី

;