ព្រះវិហារវត្តប្រជុំសាគរជាព្រះវិហារជំនាន់សម្តេចព្រះមហាសង្ឃរាជទី១កម្ពុជា និល ទៀង
- 2021-12-03 09:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រះវិហារវត្តប្រជុំសាគរជាព្រះវិហារជំនាន់សម្តេចព្រះមហាសង្ឃរាជទី១កម្ពុជា និល ទៀង
ចន្លោះមិនឃើញ
ស្ថិតក្នុងទឹកដីខណ្ឌជ្រោយចង្វាត្រោយខាងកើត វត្តប្រជុំសាគរ គឺជាវត្តមួយដែលមានសំណង់ព្រះវិហារបុរាណ និងដើមពោធិមួួយដើមធំដែលមានប្រភពពីប្រទេសស្រីលង្កា តាំងពីសម័យសម្តេចព្រះមហាសង្ឃរាជទី១នៃគណៈមហានិកាយនៃប្រទេសកម្ពុជា និល ទៀង (១៨២៤-១៩១៣)។
យោងតាមសង្ឃដីកាព្រះចៅអធិការវត្តប្រជុំសាគរ ព្រះនាម ជា សុខស៊ីណាត និងហោជាងផ្នែកខាងមុខបញ្ជាក់ថា ព្រះវិហារនេះត្រូវបានកសាងនៅសម័យសម្តេច និល ទៀង ដែលជាសម្តេចព្រះមហាសង្ឃរាជទី១ នៃគណៈមហានិកាយនៃប្រទេសកម្ពុជា។ ក្រៅពីកសាងសំណង់ក្នុងវត្ត និងព្រះវិហារ វត្តនេះក៏នៅមាន ព្រះអង្គព្រះពោធិ (ដើមពោធិ) ដែលមានអាយុប្រហាក់ប្រហែលនឹឹងព្រះវិហារផងដែរ ដោយដើមពោធិនេះជាដើមពោធិដែល សម្តេច និល ទៀង បាននិមន្តយកពី ប្រទេសស្រីលង្កា មកដាំនៅទីនេះ។
នៅជាប់នឹងជញ្ជាំងផ្នែកខាងមុខនៃព្រះវិហារបានចារឹកសរសេរអក្សរថា «វត្តប្រជុំសាគរកសាងឡើងក្នុងឆ្នាំ មមី ចត្វាស័ក ព.ស. ២៤២៤(គ.ស.១៨៨០) និងជួសជុលផ្នែកដំបូល និងជុំវិញខាងក្រោមនៅគ.ស. ឆ្នាំ២០០៤»។
ព្រះវិហារនេះមានទ្វា៨ និងបង្អួច១០ សាងពីឈើលាបពណ៌ស ជណ្តើរមាន៦ ខាងជើង និងត្បូងនៅចំកណ្តាល និងខាងមុខ និងខាងក្រោយព្រះវិហារមានជណ្តើរ៤ នៅផ្នែកជ្រុងនៃព្រះវិហារទៅវិញ ត្រង់កន្លែងនេះហាក់វាមានលក្ខណៈប្លែកពីព្រះវិហារបុរាណផ្សេងទៀតផងដែរ។ ផ្នែកខាងក្នុងមានសសរចំនួន១០ កម្រាលឥដ្ឋ បុរាណ និងនៅជញ្ជាំងមិនបន្សល់ទុកនៅគំនូរបុរាណនោះទេ។