ផ្លូវចំនួន៣៨ខ្សែ ខេត្តសៀមរាបសម្រេចបានជាង៩០ភាគរយហើយ
- 2021-12-07 10:05:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លូវចំនួន៣៨ខ្សែ ខេត្តសៀមរាបសម្រេចបានជាង៩០ភាគរយហើយ
ចន្លោះមិនឃើញ
ផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១ ដែលសម្រេចបាន ៩២,៧២%ហើយ។ នេះបើតាមយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន។
គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ខេត្តសៀមរាបចំនួន៣៨ ខ្សែ នេះ មានប្រវែងសរុប ១០៦,៤២ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤៩លានដុល្លារអាមេរិក ដោយក្នុងនោះចំនួន ៩លានដុល្លារអាមេរិកចំណាយលើការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ឋិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ។ ផ្លូវទាំង៣៨ខ្សែនេះចំណាយពេលសាងសង់ចំនួន ១៣ខែ ដោយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១នេះ។
គម្រោងនេះអនុវត្តដោយអង្គភាពសាងសង់ចំនួន០៨ រួមមាន៖ ១.កងវិស្វកម្មលេខ១៧៨ស្ពាន-ថ្នល់ នៃនាយកដ្ឋានវិស្វកម្ម ២.កងវិស្វកម្មសម្តេចតេជោ ខេត្តសៀមរាប ៣.កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ៤.អគ្គនាយកដ្ឋាន សាធារណការ ៥.អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ៦.នាយកដ្ឋាន គ្រឿងចក្រ និងស្ថាបនាផ្លូវ ៧.នាយកដ្ឋាន ជួសជុល និងថែទាំផ្លូវថ្នល់ និង ៨.មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តសៀមរាប និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមការងារអន្តរក្រសួងចំនួន៩ក្រុមដើម្បីធានាបាននូវគុណភាពជាប់រឹងមាំ ប្រើប្រាស់បានយូរអង្វែងតាមអាយុកាលមាន និងសម្រេចការងារឱ្យបានទាន់ពេលវេលា។
ថ្លែងក្នុងពេលចុះពិនិត្យវឌ្ឍនភាពគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែនៅក្រុងសៀមរាប រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានប្រាប់ដល់ក្រុមការងារជំនាញបច្ចេកទេសរបស់អង្គភាពសាងសង់ទាំងអស់ជិះកង់ ឬដើរត្រួតពិនិត្យគុណភាពផ្លូវដែលបានអ៊ុតកៅស៊ូរួច ដើម្បីធានាបាននូវគុណភាពរឹងមាំប្រើប្រាស់ជាប់បានយូរអង្វែង។ ក្រុមការងារជំនាញបច្ចេកទេសពាក់ព័ន្ធពិនិត្យលទ្ធភាពដាំផ្កាមុខផ្លូវចូលទៅកាន់ប្រាសាទអង្គរវត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ស័ក្តិសមជាមជ្ឈមណ្ឌលវប្បធម៌ ប្រវត្តិសាស្រ្ត ក៏ដូចជាជួយបង្កើនសោភ័ណភាពថែមមួយកម្រិតទៀត និងត្រូវយកចិត្តទុកដាក់លើការដឹកជញ្ជូនកៅស៊ូស្រោចផ្លូវឱ្យបានហ្មត់ចត់ទៅកាន់ការដ្ឋាន ជៀសវាងកុំឱ្យស្រក់នៅតាមដងផ្លូវ ធ្វើឱ្យបាត់បង់សោភ័ណភាពផ្លូវ ដែលបានស្ថាបនារួច។
បើយោងតាមក្រសួងសាធារណការ និងដឹងជញ្ជូនបញ្ជាក់ថា ការសាងសង់ត្រូវបានបែងចែកជាបួនប្រភេទរួមមាន៖
១.ផ្លូវជួសជុលដោយអ៊ុតបេតុងកៅស៊ូ (AC) បន្ថែមពីលើ កម្រាស់៥សង់ទីម៉ែត្រ ប្រវែងសរុប៣១,៧៧គីឡូម៉ែត្រ
២.ផ្លូវស្ថាបនាដោយក្រាលបេតុង សរសៃដែក កម្រាស់២០សង់ទីម៉ែត្រ រួចអ៊ុតក្រាលបេតុងកៅស៊ូ(AC)ពីលើ កម្រាស់ ៥ ទៅ ៧ សង់ទីម៉ែត្រ ប្រវែងសរុប ៧,៨៦ គីឡូម៉ែត្រ
៣.ផ្លូវជួសជុលដោយក្រាលថ្មម៉ិច រួចអ៊ុតបេតុងកៅស៊ូ(AC) ពីលើ កម្រាស់៥ ទៅ ៧ សង់ទីម៉ែត្រ ប្រវែងសរុប១៣,៧៣ គីឡូម៉ែត្រ
៤.ផ្លូវស្ថាបនាដោយក្រាលបេតុង សរសៃដែក កម្រាស់ ២០ ទៅ ២៥ សង់ទីម៉ែត្រ ប្រវែងសរុប៥០,៨៦ គីឡូម៉ែត្រ និងការរៀបចំចិញ្ចើមផ្លូវ EN-០៣ ប្រវែង២,១៩គីឡូម៉ែត្រផងដែរ
ការងារសាងសង់ប្រព័ន្ធបណ្ដាញបង្ហូរទឹកមានប្រវែងសរុប ២៤៨,៧២ គីឡូម៉ែត្រ ការងារ សាងសង់ប្រព័ន្ធបណ្ដាញលូទឹកភ្លៀងប្រវែងសរុប១៤៧,០០ គីឡូម៉ែត្រ និងការងារសាងសង់ប្រព័ន្ធ បណ្ដាញលូទឹកកខ្វក់មានប្រវែង១០១,៧១គីឡូម៉ែត្រ និងការងារដំឡើងបរិក្ខារផ្លូវថ្នល់រួមមាន៖ ការងារ បំពាក់កាមេរ៉ាសុវត្ថិភាព ដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវ ការងារបំពាក់បរិក្ខារចរាចរណ៍ ការងារដំឡើងភ្លើងសញ្ញាចរាចរណ៍ ការងារដាំដើមឈើលើខ្សែផ្លូវដែលស្ថិតក្នុងគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៨ ខ្សែ។
គម្រោងសាងសង់ផ្លូវចំនួន៣៨ខ្សែក្នុងទីរួមខេត្តសៀមរាប ខេត្តសៀមរាបនេះ មានគោលដៅប្រែក្លាយក្រុងសៀមរាប ខេត្តសៀមរាបឱ្យក្លាយជាទីក្រុងដ៏ទំនើបពោរពេញដោយសោភ័ណភាព បរិស្ថានល្អសម្រាប់ការរស់នៅ ឱ្យសក្តិសមជាទីក្រុងទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រ អាចទាក់ទាញភ្ញៀវទេសចរណ៍បានកាន់តែច្រើនសំដៅលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យកាន់តែមានការរីកចម្រើន ព្រមទាំងធ្វើឱ្យប្រសើរឡើងដល់តភ្ជាប់ពីទីប្រជុំជនក្រុងសៀមរាបទៅកាន់តំបន់ដាច់ស្រយាលផងដែរ៕
រូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន