អគារមន្ទីរពេទ្យខេត្តសៀមរាបតម្លៃជិត ១៩លានដុល្លារ ដែលជាជំនួយរបស់ជប៉ុនចាប់ផ្តើមសាងសង់

  • 2021-12-08 04:20:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អគារមន្ទីរពេទ្យខេត្តសៀមរាបដែលមានតម្លៃជិត១៩លានដុល្លារដែលជាជំនួយហិរញ្ញប្បទានឥតសំណងរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេស​​ជប៉ុន (JICA) បានការបើកដំណើរការសាងសង់ជាផ្លូវការហើយ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ JACA ដែលចេញផ្សាយថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញនេះ។

គំរូប្លង់អគារមន្ទីរពេទ្យថ្មីដែលកំពុងចាប់ផ្តើមសាងសង់
ការសាងសង់មន្ទីរពេទ្យខេត្តសៀមរាប ដែលស្ថិតក្រោមហិរញ្ញប្បទានឥតសំណង **«គម្រោងកែលម្អមន្ទីរពេទ្យបង្អែកខេត្តសៀមរាប»** ត្រូវបានបើកដំណើរការជាផ្លូវការ ក្រោមវត្តមានរបស់ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប និង លោកស្រី កាមេយ ហារូកុ ប្រធានតំណាងការិយាល័យ JICA ប្រចាំនៅកម្ពុជា។

សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា គោលបំណងនៃគម្រោងនេះគឺដើម្បីកែលម្អគុណភាពសេវាថែទាំសុខភាពនៅមន្ទីរពេទ្យខេត្តសៀមរាប និងមន្ទីរពេទ្យបង្អែកស្រុកចំនួនបួនផ្សេងទៀតដោយការសាងសង់អាគារមន្ទីរពេទ្យ និងការផ្តល់ជូននូវគ្រឿងបរិក្ខារពេទ្យ ព្រមទាំងចូលរួមពង្រីកការគ្របដណ្តប់លើសេវាថែទាំសុខភាពនៅក្នុងខេត្ត។

គម្រោងនឹងធ្វើការសាងសង់អាគារថ្មីមួយ ដែលមានទំហំប្រហែល ៧,២៦០ម៉ែត្រការ៉េ នៅក្នុងបរិវេណមន្ទីរពេទ្យខេត្តសៀមរាប ដែលនឹងបំពាក់ដោយគ្រែអ្នកជំងឺចំនួន ២១២គ្រែនៅក្នុងអាគារផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកវះកាត់ និងផ្នែកផ្សេងទៀត។ លើសពីនេះទៅទៀត គម្រោងនឹងផ្តល់ជូននូវឧបករណ៍វេជ្ជសាស្រ្តមួយចំនួនទៀតរួមមាន៖ ឧបករណ៍ថតកាំរស្មី និងឧបករណ៍អេកូសាស្រ្ត ក៏ដូចជាសម្ភារប្រើប្រាស់សម្រាប់សាលអាគារនៅក្នុងមន្ទីរពេទ្យខេត្តផ្ទាល់ និងនៅតាមមន្ទីរពេទ្យស្រុកចំនួនបួនផ្សេងទៀត។

គំរូប្លង់អគារមន្ទីរពេទ្យថ្មីដែលកំពុងចាប់ផ្តើមសាងសង់

កិច្ចព្រមព្រៀងលើគម្រោងហិរញ្ញប្បទានឥតសំណងមួយនេះ បានចុះហត្ថលេខាកាលពីខែតុលា ឆ្នាំ២០២០ រវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA) ក្នុងទឹកប្រាក់សរុបចំនួន ២,១៥៣លានយ៉េន (ប្រមាណជា ១៨.៩៥ លានដុល្លាអាមេរិក)៕

រូបថត៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេស​​ជប៉ុន (JICA)

អត្ថបទថ្មី
;