តែ១១ខែសោះរកឃើញឡានកុងតឺន័រខុសបច្ចេកទេសរាប់រយគ្រឿង

  • 2021-12-13 06:18:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ បានត្រួតពិនិត្យយានយន្តសរុបចំនួន១៤៩៣៧ គ្រឿង ក្នុងនោះបានរកឃើញយានយន្តមានកំហុសសរុបចំនួន៤៦៤គ្រឿង និងយានយន្តត្រឹមត្រូវមានចំនួន ១៤៤៧៣គ្រឿង ទឹកប្រាក់ពិន័យបានចំនួន ២៨៥ ២២៥ ០០០រៀល (ពីររយប៉ែតសិបប្រាំលាន ពីររយម្ភៃប្រាំពាន់រៀល)​។ នេះជាការបញ្ជាក់របស់ក្រុមការងារត្រួតពិនិត្យរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចណ៍ផ្លូវគោកប្រកាសកាលពីថ្ងៃសៅរ៍ ទី១១ ធ្នូ ឆ្នាំ២០២១នេះ។

សកម្មភាពក្រុមការងារចុះត្រួតពិនិត្យបច្ចេកទេសឡានកុងតឺន័រនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ រូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
បើយោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ការរកឃើញរថយន្តកុងតឺន័រខុសបច្ចេកទេស ៤៦៤គ្រឿង នេះធ្វើឡើងនៅគោលដៅដើមទីក្នុងកំពង់ផែស្វយ័តខេត្តព្រះសីហនុតែមួយកន្លែងតែប៉ុណ្ណោះទេ ហើយការចុះត្រួតពិនិត្យនេះ មានគោលបំណងពង្រឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យ​លក្ខណៈបច្ចេកទេសយានយន្តដឹកជញ្ជូនទំនិញកុងតឺន័រ ត្រួតពិនិត្យសុវត្ថិភាពយានយន្ត នៅគោល​ដៅ​ដើមទីកំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាពិសេសអប់រំអ្នកបើកបរយានយន្តដឹកទំនិញកុងតឺន័រ​ឱ្យមានការ​ភ្ញាក់រលឹកចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដើម្បីរួមចំណែកទប់ស្កាត់ និងកាត់បន្ថយគ្រោះ​ថ្នាក់​ចរាចរណ៍ ដែលបង្កមកពីយានយន្តដឹកកុងតឺន័រ។

ប្រធានក្រុមការងារ​ត្រួតពិនិត្យ​រឹត​បន្តឹង​ការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៅគោលដៅដើមទី លោក សេង ឈួន បញ្ជាក់ថា យានយន្តកុងតឺន័រមួយចំនួនត្រូវបានរកឃើញមានបញ្ហាបច្ចេកទេស និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវដែលក្នុងនោះរួមមានដូចជា គន្លឹះកុងតឺន័រខូច ឬមិនដំណើរការ សម្បកកង់រថយន្តសឹកខ្លាំង ការប្រើប្រាស់​បណ្ណបើកបរខុសប្រភេទយាន និងវិញ្ញាបនបត្រត្រួតលក្ខណៈបច្ចេកទេស​របស់រថយន្ត​ហួស​សុពលភាព​។

សកម្មភាពក្រុមការងារចុះត្រួតពិនិត្យបច្ចេកទេសឡានកុងតឺន័រនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ រូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

ក្រុមការងារត្រួតពិនិត្យរឹត​បន្តឹងការ​អនុវត្ត​ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៅគោលដៅដើមទី នេះដឹកនាំដោយ លោក សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារ​ និងមានការចូលរួមពី អគ្គស្នងការរងនគរបាលជាតិ ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ និងមន្ត្រីជំនាញ ចុះ​ត្រួត​ពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត និងបណ្ណបើកបររបស់អ្នកបើករថយន្តដឹកទំនិញចេញ-ចូល​កំពង់ផែស្វយ័តក្រុងព្រះសីហនុ៕

អត្ថបទថ្មី
;