តោះទៅមើល និងថតរូបជាមួយ ឥន្ទធនូ២០២១របស់សិល្បករសហសម័យខ្មែរ វុធ លីណូ
- 2021-12-15 04:37:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តោះទៅមើល និងថតរូបជាមួយ ឥន្ទធនូ២០២១របស់សិល្បករសហសម័យខ្មែរ វុធ លីណូ
ចន្លោះមិនឃើញ
សិល្បករសហសម័យលោក វុធ លីណូ ដែលជាសិល្បករមានកេរ្តិ៍ឈ្មោះក្នុងឆាកអន្តរជាតិមួយរូបរបស់កម្ពុជាខាងផ្នែកមីក្រូប្រវត្តិសាស្ត្រ និងប្រវត្តិសាស្ត្រ បានបង្កើតស្នាដៃថ្មីមួយមានឈ្មោះ «Indadhanu-ឥន្ទធនូ» ដែលបានដាក់តាំងបង្ហាញឲ្យចូលទស្សនាជាសាធារណៈនៅ «សួនឧត្តម- Odom Garden » ដែលមានទីតាំងនៅបណ្តោយមហាវិថីព្រះនរោត្តម ក្នុងសង្កាត់បឹងកេងកងទី១ រាជធានីភ្នំពេញចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៩មករា ឆ្នាំ២០២២។
«ឥន្ទធនូ» គឺជាស្នាដៃសិល្បៈបង្គុំដែលបង្ហាញនូវបាតុភូត និងបទពិសោធន៍ដ៏អស្ចារ្យមួយ លេចឡើងនៅក្នុងបរិយាកាសខាងក្រៅ។ ឥន្ទធនូ មិនមែននៅលើមេឃទេ ប៉ុន្តែវានៅជិតកៀកនឹងយើងតែម្តង។
ម្ចាស់ស្នាដៃលោក វុធ លីណូបានបញ្ជាក់ប្រាប់ពីគំនិតដំបូងក្នុងការបង្តើតគម្រោងនេះថា «តាមពិតទៅគំនិតដំបូងនៃការបង្កើតគម្រោងឥន្ទធនូឡើងគឺនៅពេលដែលខ្ញុំអង្គុយក្នុងសួនច្បារហើយគិតពីបាតុភូតធម្មជាតិផ្សេងៗ ពេលនោះក៏នឹកឃើញបាតុភូតឥន្ទនៅលើមេឃ ហើយមានគំនិតចង់យកវាមកនៅជិត បន្ទាប់់មកក៏បង្កើតគំនិតនេះឡើងតែម្តង»។ សម្រាប់អត្ថន័យនៃគម្រោង «ឥន្ទធនូ» នេះសិល្បកររូបនេះបញ្ជាក់ថា ឥន្ទធនូគឺតំណាងឲ្យភាពចម្រុះនៃលក្ខណៈសម្បត្តិរបស់មនុស្សជាតិគ្រប់ៗរូប។ វាតំណាងឲ្យភាពសុខដុរមនានៃភាពចម្រុះ មានភាពស្រស់ស្អាត ប្លែកៗពីគ្នា និងសាមគ្កីភាព។ មួយទៀត ឥន្ទធនូ គេស្រឡាញ់ និងកោតសរសើរដោយវិសាលភាពនៃពណ៌របស់វា ហើយគេប្រើរូបភាពឥន្ទធនូនៅទូទាំងពិភពលោកគឺតំណាងឲ្យសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាផងដែរ។ លោកបន្តថា ការបង្កើតគម្រោងនេះឡើងក៏ដើម្បីគាំទ្រដល់យុទ្ធនាការ «ខ្ញុំទទួលយក» របស់សហគមន៍ឥន្ទធនូកម្ពុជា និងស្ថានទូតកាណាដាប្រចាំនៅកម្ពុជា។
សម្រាប់ប្រិយមិត្តទស្សនិជនដែលមានបំណងចង់ទៅទស្សនា ឥន្ទធនូ និងចង់ថតរូបផ្ទាល់ជាមួយឥន្ទធនូបានសូមអញ្ជើញទៅទស្សនាផ្ទាល់នៅសួនឧត្តមចន្លោះម៉ោង ៣រសៀលរហូតដល់យប់៕
រូបថត៖ ផ្តល់ដោយ លោក វុធ លីណូ