អារម្មណ៍ពិតម្ចាស់រូប«Left 3 Days ឬចាកចេញ៣ថ្ងៃ»លោក ម៉ក់ រ៉េមីស្សា ក្រោយមិនជាប់ជ័យលាភីពានលំដាប់ពិភពលោក

  • 2021-12-16 04:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រូបថតសិល្បៈស៊េរី «Left 3 Days ឬចាកចេញ៣ថ្ងៃ» របស់អ្នកថតរូបអាជីពលោក ម៉ក់ រ៉េមីស្សា មិនទទួលបានជ័យលាភីនៃពានរង្វាន់ពិភពលោកផ្នែកថតរូប និងនិរន្តរភាព The Prix Pictet ប្រធានបទ «ភ្លើង Fire» ឆ្នាំ២០២១ឡើយ។

ម្ចាស់ជ័យលាភីនៃពានរង្វាន់ពិភពលោកផ្នែកថតរូប និងនិរន្តរភាព របស់ស្ថាប័នធំមួយនៅលើពិភពលោក The Prix Pictet ប្រធានបទ «ភ្លើង Fire» ដែលបានប្រកាសលទ្ធផលផ្តាច់ព្រ័ត្រក្នុងកាលពីយប់ថ្ងៃ១៥ ធ្នូ ២០២១ ដែលជ័យលាភីនៃពានរង្វាន់នេះគឺបានទៅលើអ្នកថតរូបស្ត្រីជនជាតិអាមេរិកSally Mann

រូបថតជាស៊េរីដែលមានចំណងជើងថា «Left 3 Days ឬចាកចេញ៣ថ្ងៃ» របស់អ្នកថតរូបជនជាតិខ្មែរលោក ម៉ក់ រ៉េមីស្សា រូបថត៖ លោក ម៉ក់ រ៉េមីស្សា
ម្ចាស់រូបសិល្បៈស៊េរីស-ខ្មៅដែលនិយាយពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលមានចំណងជើងថា [«Left 3 Days ឬចាកចេញ៣ថ្ងៃ»](https://news.sabay.com.kh/article/1290120) លោក [ម៉ក់ រ៉េមីស្សា](https://entertainment.sabay.com.kh/index.php/article/1192749) ដែលជាបេក្ខភាពជាប់ក្នុងបញ្ជីសម្រាំងរូបថតល្អបំផុតទាំង១២ក្នុងប្រធានបទ «ភ្លើង Fire» របស់ពានរង្វាន់ពិភពលោកនេះបានបង្ហាញពីអារម្មណ៍ពិតថា **«សម្រាប់ខ្ញុំគឺរីករាយណាស់បើទោះជាខ្ញុំមិនបានជាប់ជ័យលាភីយ៉ាងណាក៏ដោយ ខ្ញុំសប្បាយចិត្ត និងមានមោទនភាពដែលស្នាដៃរបស់យើងចូលទៅក្នុងបញ្ជីបេក្ខភាពសម្រាំងទាំង១២ក្នុងប្រធានបទ «ភ្លើង Fire» ក្នុងចំណោយបេក្ខភាពសរុបជាង៣០០នាក់មកពីជុំវិញពិភពលោក ហើយមួយទៀតនេះក៏ជាមុខមាត់របស់ប្រទេសយើងដែរ រូបថតស្នាដៃរបស់យើងគេនឹងយកទៅដាក់តាំងបង្ហាញក្នុងសារមន្ទីរល្បីៗនាននៅជុំវិញពិភពលោករយៈពេល២ឆ្នាំ ហើយនេះជាអ្វីដែលខ្ញុំរីករាយ និងចង់បានព្រោះថាវានឹងជួយឲ្យស្នាដៃរបស់យើងធ្វើឲ្យគេទទួលស្គាល់ និងល្បីកាន់តែខ្លាំងថែមទៀត។ បច្ចុប្បន្នរូបស៊េរីរបស់ខ្ញុំត្រូវបានដាក់តាំងនៅប្រទេស២ ជប៉ុន និងអង់គ្លេស និងប្រទេសស្វីសនៅខែកុម្ភៈឆ្នាំ២០២២»**។

ក្រៅពីទទួលបានកិត្តិយសសម្រាប់ខ្លួនឯង និងសម្រាប់កម្ពុជាក្នុងឆាកអន្តរជាតិ ម្ចាស់ស្នាដៃរូបនេះនៅទទួលបានជាថវិកាមួយចំនួនប្រមាណជា ៨ពាន់ដុល្លារ អំឡុងពេលស្នាដៃរបស់លោកបានជាប់ក្នុងក្នុងបញ្ជីសម្រាំងទាំង១២នៃកម្មវិធីកាលពីថ្ងៃទី៨ ខែកក្កដា ២០១៩កន្លងទៅ។ ក្រៅពីថវិកានេះតាមអ្វីដែលគណកម្មការនៃកម្មវិធីបញ្ជាក់គឺស្ថាប័នរៀបចំកម្មវិធីនឹងជាវស្នាដៃចំនួន២បន្ថែមទៀតផងដែរ។ នេះបើតាមលោក ម៉ក់ រ៉េមីស្សា បង្ហើបប្រាប់។

បើយោងតាមគេហទំព័រស្ថាប័នរៀបចំ prixpictet.com បានបញ្ជាក់ថា អ្នកដែលទទួលបានជ័យលាភីក្នុងការប្រកួតនេះនឹងត្រូវបានប្រាក់រង្វាន់ជាង១សែនដុល្លារសហរដ្ឋអាមេរិក។ បេក្ខភាពអ្នកចូលរួមក្នុងការប្រកួតនេះមានចំនួន ៤៧០០នាក់ មានប្រធានបទក្នុងការប្រកួតមាន៩ រួមមាន ទឹក, ផែនដី, កំណើន, ថាមពល, ការប្រើប្រាស់,វិបល្លាស, អវកាស, ក្តីសង្ឃឹម និងភ្លើង។

រូបថតជាស៊េរីដែលមានចំណងជើងថា «Left 3 Days ឬចាកចេញ៣ថ្ងៃ» របស់អ្នកថតរូបជនជាតិខ្មែរលោក ម៉ក់ រ៉េមីស្សា រូបថត៖ លោក ម៉ក់ រ៉េមីស្សា

រូបថតជាស៊េរី «Left 3 Days ឬចាកចេញ៣ថ្ងៃ» នេះជាស្នាដៃរបស់លោក ម៉ក់ រ៉េមីស្សា ដែលផលិតនៅឆ្នាំ ២០១៤ ដែលនិយាយពីការជន្លាសប្រជាជនកម្ពុជាក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ស្នាដៃរបស់ «Left 3 Days ឬចាកចេញ៣ថ្ងៃ» ត្រូវបានសារមន្ទីរបារាំង (Musée Guimet), សារមន្ទីរអូស្រ្តាលី (The National Gallery of Victoria (NGV) និងសារមន្ទីរប្រទេសស្វីស (Musée de L'Elysée) ជ្រើសរើសជាស្នាដៃរូបថតសិល្បៈឆ្នើមសម្រាប់សារៈមន្ទីរ។ ហើយស្នាដែរូបថតសិល្បៈ (ត្រី និងស្រមោច) ត្រូវបានជ្រើសតាំងបង្ហាញជាអចិន្ត្រៃយ៍នៅឯសារមន្ទីរសិល្បៈក្នុង ប្រទេសសាំងហ្គាពួរ (Singapore Art Museum)។ ដែរូបថតផ្នែកសារពត៌មាន និង សិល្បៈរបស់លោកធ្លាប់តាំងបង្ហាញជាច្រើនកន្លែងនៅរាជធានីភ្នំពេញចាប់តាំងពីឆ្នាំ ១៩៩៦ និងនៅក្រៅប្រទេសដូចជា៖ សហរដ្ឋអាមេរិក បារាំង កាណាដា អូស្រ្តាលី ស្វីស អេស្បាញ ស៊ុយអែត ចិន ជប៉ុន សឹង្ហបុរី និងប្រទេសភូមា ដងដែរ។

លោក ម៉ក់ រ៉េមីស្សា គឺជា អ្នកថតរូបឲ្យទីភ្នាក់ងាររូបថតសារព័ត៌មានអន្តរជាតិ European Press photo Agency (EPA) ប្រចាំប្រទេសកម្ពុជាចាប់ពីឆ្នាំ២០០៦ រហូត មកដល់បច្ចុប្បន្ន៕

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី
;