យាន រស្មី៖ ជន្នៈបើកវិចិត្រសាលឡើងវិញ ខណៈវីរុសបំប្លែងថ្មីអូមីក្រុងរីកចូលក្នុងសហគមន៍

  • 2022-01-11 09:38:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វិចិត្រសាលសិល្បៈត្រជាក់ភ្នែក ត្រូវបានស្ថាបនាឡើងក្នុងឆ្នាំ២០១៩ បើកសាកល្បងនៅថ្ងៃទី១៧ ខែកុម្ភៈ ២០២១ និងត្រូវបិទទ្វារនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ មានន័យថាបើកបានរយៈពេលតែ៣ថ្ងៃ ហើយត្រូវបង្ខំចិត្តបិទទ្វារវិញដោយសារព្រឹត្តិការណ៍២០កុម្ភៈ ជាព្រឹត្តិការណ៍ជំងឺកូវីដ-១៩រីករាលដាលក្នុងសហគមន៍កម្ពុជា។

វិចិត្រសាលសិល្បៈត្រជាក់ភ្នែកក្នុងថ្ងៃបើកសម្ពោធកាលពីល្ងាចថ្ងៃចន្ទ ទី១០ ខែមករា ឆ្នាំ២០២២

គិតត្រឹមថ្ងៃចន្ទ ទី១០ ខែមករា ឆ្នាំ២០២២ គឺមានរយៈពេលជិត១ឆ្នាំដែលវិចិត្រសាលសិល្បៈត្រជាក់ភ្នែកបើកទ្រវាសារជាថ្មីម្តងទៀត។ ក្នុងថ្ងៃបើទ្វារ និងដាក់សម្ពោធពិពរណ៌របស់សិល្បករជនជាតិខ្មែរ ប៉ែន រូប៊ីត នាយកគ្រប់គ្រងកម្មវិធីលោក យាន រស្មី បានបញ្ជាក់ពីមូលហេតុនៃការបើទ្វារវិចិត្រសាលរបស់ខ្លួនថា «ខ្ញុំអត់ចង់ឲ្យដល់ខែ២ ព្រោះវាជារយៈពេល១ឆ្នាំពេញ អ៊ីចឹងខ្ញុំត្រូវបើកមុននេះជាហេតុផលទី១ ហេតុផលទី២គឺដោយសារតែខែ២ ថ្ងៃទី១០ហ្នឹង យើងមានពិពរណ៌ថ្មីមួយទៀត ហើយស្នាដៃរបស់សិល្បៈករដែលតាំងថ្ងៃនេះគឺបង្កើតតាំង២០២០ ដូចនេះហើយទើបសម្រេចចិត្តបើកនៅពេលនេះ»។

វិចិត្រសាលសិល្បៈត្រជាក់ភ្នែក អំឡុងពេកជួសជុលរៀបចំ

លោក រស្មី បន្ត «ខ្ញុំគិតថាសិល្បកររបស់យើងជួបការលំបាកច្រើនដោយសារតែកម្មវិធីផ្សេងៗត្រូវបានលុបចោល ឬគាត់មិនអាចធ្វើដំណើរទៅក្រៅបាន សិល្បករមួយចំនួនគឺគាត់ពឹងផ្អែកទៅលើទីផ្សារនៅក្រៅប្រទេសគឺមានផលលំបាកបាត់បង់ចំណូល ប៉ុន្តែខ្ញុំឃើញថា យើងដូចជាមានភាពសុំាក្នុងសង្គមវិស័យណាក៏ដូចវិស័យណា វាឃើញឲ្យដួលតែម្តងគឺអត់ឃើញអ៊ីចឹង សិល្បករនៅបន្តធ្វើការមានកម្មវិធីពិពរណ៌ជាបន្តបន្ទាប់ទៅដែរ»

សិល្បករ ប៉ែន រូប៊ីត ជាដែលជាម្ចាស់ស្នាដៃគំនូរតាំងក្នុងថ្ងៃបើកទ្វារនៃវិចិត្រសាលសិល្បៈត្រជាក់ភ្នែកបង្ហាញចំណាប់អារម្មណ៍ថា «ខ្ញុំមានចិត្តសប្បាយរីករាយណាស់ ដែលវិចិត្រសាលនេះបើកឡើងវិញ ព្រោះដោយសារតែកូវីដ យើងរងចាំជាយូរខែហើយ ដើម្បីបើកវិចិត្រសាល និងបើកពិពរណ៌ វាដូចជាមានជីវិតឡើងវិញ»

លោក យាន រស្មី បន្ថែមថា សម្រាប់គោលដៅរបស់យើងរយៈពេល៥ឆ្នាំនេះគឺយើងចង់ធ្វើការសមាគមសិល្ប:ក្នុងស្រុកពិសេសសិល្បករខ្មែរដើម្បីផ្តល់ទីតាំង ឳកាស ហិរញ្ញប្បទាន និងសម្ភារៈ ដើម្បីឲ្យពួកគាត់បង្កើតស្នាដៃសិល្បៈ និងពង្រឹងស្នាដៃសិល្បៈក្នុងស្រុក។ សម្រាប់គោលដៅបន្ទាប់ពី៥ឆ្នាំបើយើងនៅឈរជើងបាន យើងចង់ធ្វើសមាហរណកម្មវិចិត្រសាលយើងទៅតំបន់អាស៊ីអាគ្នេយ៍ និងនាំសិល្បៈអាស៊ីអាគ្នេយ៍មកចូលស្រុកខ្មែរបាន យើងផ្លាស់ប្តូរមុខមាត់វិចិត្រសាលនេះឲ្យទៅជាវិចិត្រសាលមួយដែលនាំប្រជាជនខ្មែរ និងអ្នកគាំទ្រសិល្បៈក្នុងស្រុកនឹងបានស្គាល់ ឃើញស្នាដៃសិល្បៈមកពីតំបន់អាស៊ីអាគ្នេយ៍។

វិចិត្រសាលសិល្បៈត្រជាក់ភ្នែកក្នុងថ្ងៃបើកសម្ពោធកាលពីល្ងាចថ្ងៃចន្ទ ទី១០ ខែមករា ឆ្នាំ២០២២

គួរបញ្ជាក់ថា វិចិត្រសាលសិល្បៈត្រជាក់ភ្នែក គឺជាទីលានសម្រាប់សហគមពិពិធវប្បធម៌របស់កម្ពុជា អាចចាប់យក និងលើកស្ទួយសិល្បៈសហសម័យ។ យើងមានបេសកកម្មផ្សព្វផ្សាយ លើកម្ពស់ និងគាំទ្រស្នាដៃសិល្បៈ ដែលមានភាពជាឯកលក្ខណៈផ្ទាល់ខ្លួន ដកពិសោធន៍ចេញពីទម្រង់សិល្បៈ ចាប់យកគុណភាព ឧត្តមភាព។ ពិពិធកម្មវិធីនៅទីនេះមានដូចជា កិច្ចសហការរវាងសិល្បករ ភាគីពាក់ព័ន្ធជាតិ និងអន្តរជាតិ និងអ្នកធ្វើសមុច្ច័យ, ទស្សនាចរពិពរណ៌ និងកម្មវិធីចែករំលែកចំណេះដឹង វាចាសិល្បករ កិច្ចពិភាក្សាជាក្រុម សិក្ខាសាលាសិល្បៈ និងការសរសេរ បាឋកថាអំពីប្រវត្តិសាស្រ្តសិល្បៈ និងទស្សនៈវិទ្យា៕

វិចិត្រសាលសិល្បៈត្រជាក់ភ្នែកក្នុងថ្ងៃបើកសម្ពោធកាលពីល្ងាចថ្ងៃចន្ទ ទី១០ ខែមករា ឆ្នាំ២០២២

អត្ថបទ៖ លន ហ្សាឌីណា

;