ឆ្នាំ២០២១-២២ ស្រូវធ្លាក់ថ្លៃ តែតម្លៃផលិតកម្ម ជីគីមី ថ្នាំកសិកម្ម ឡើងថ្លៃ

  • 2022-01-12 09:03:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅពេលដ៏ខ្លីខាងមុខនេះ ការប្រមូលផលស្រូវរដូវប្រាំងនឹងចាប់ផ្តើមហើយប្រជាកសិករមានការព្រួយបារម្ភ ចំពោះតម្លៃស្រូវប្រាំងដែលអាចប្រឈមនឹងការធ្លាក់ចុះតម្លៃ ខណៈដែលតម្លៃផលិតកម្ម និងធាតុចូល កសិកម្មមានការកើនឡើង ដូចជា ប្រេងឥន្ធនៈ ជីគីមី និងថ្នាំកសិកម្ម បានហក់ឡើងថ្លៃ ខ្ពស់ទ្វេដង ដោយសាររោងចក្រកាត់បន្ថយ ការផលិត និងតម្លៃ ដឹកជញ្ជូនកើនឡើងខ្ពស់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចេញផ្សាយនៅព្រឹកថ្ងៃ១២ មករា ឆ្នាំ២០២២​នេះ។

សេចក្តីប្រកាសបានបញ្ជាក់ថា នៅឆ្នាំ២០២១-២០២២នេះ តម្លៃស្រូវ មានការធ្លាក់ចុះបន្តិច បើធៀបនឹងឆ្នាំ២០២០ ដែលតម្លៃធ្លាក់ចុះនេះ មានគម្លាតគ្នាត្រឹមតែ ៥ភាគរយប៉ុណ្ណោះ បើប្រៀបធៀបទៅឆ្នាំ២០១៨ និងឆ្នាំ២០១៩។ ការធ្លាក់ចុះតម្លៃស្រូវ ជាពិសេសស្រូវវស្សា ក្នុងឆ្នាំ២០២១-២០២២នេះ គឺបណ្ដាលមកពីការរាតត្បាត ជាសកលនៃ ជំងឺកូវីដ-១៩ ដែលនាំឱ្យតម្លៃអង្ករលើទីផ្សារអន្តរជាតិធ្លាក់ចុះយ៉ាងគំហុក ជាពិសេសអង្ករ ក្រអូបបាន ធ្លាក់ចុះពី ២០ភាគរយ ទៅ២៥ភាគរយ ព្រមទាំងការកាត់បន្ថយទិញស្រូវពីបណ្ដារោងម៉ាស៊ីន កិនស្រូវមួយចំនួន ដែលរងគ្រោះដោយ ការខាតបង់ដោយសារតម្លៃអង្ករ ក្រអូប នៅទីផ្សារអន្តរជាតិធ្លាក់ចុះ។

នៅឆ្នាំ២០២១-២០២២នេះ ការប្រមូលផលស្រូវនៅកម្ពុជា យើងស្ទើរតែបញ្ចប់ទាំងស្រុងហើយ ដោយទទួលទិន្នផលស្រូវសរុបប្រមាណជាង ១២,២១លានតោន ដែលមានការកើនឡើងប្រមាណ ១១,៦ភាគរយ បើធៀបនឹង ឆ្នាំ២០២០។ ចំពោះការនាំចេញ អង្ករផ្លូវការសម្រេចបានចំនួន ០,៦១៧លានតោន មានការថយចុះប្រមាណ ១០,៦៨ភាគរយ បើធៀបនឹងឆ្នាំ២០២០។ ដោយឡែកការនាំចេញស្រូវទៅ ប្រទេសជិតខាង បានរហូតដល់ចំនួន ៣,៥៣លានតោន មានការកើនឡើងចំនួន ៦១,១៦ភាគរយ បើធៀបនឹង ឆ្នាំ២០២០។

ដើម្បីចូលរួមលើកកម្ពស់ផលិតភាពដំណាំស្រូវ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាត់វិធានការ និងអំពាវនាវដូចជា៖

ទី១. មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ត ត្រូវបន្តចុះណែនាំប្រជាកសិករ ក៏ដូចជាសហគមន៍កសិកម្ម អំពីបច្ចេកទេសផលិត កម្មដំណាំស្រូវឱ្យទទួលបានទិន្នផលខ្ពស់ តាមរយៈការប្រើប្រាស់ធាតុចូលកសិកម្មឱ្យបាន ត្រឹមត្រូវតាមបច្ចេកទេសកាត់បន្ថយការ ចំណាយក្នុងផលិតកម្ម និងធានាបានគុណភាព ស្រូវស្របតាមស្តង់ដារ។

ទី២. អាជ្ញាធរខេត្តត្រូវខិតខំទំនាក់ទំនង និងបង្កលក្ខណៈងាយ ស្រួលជាមួយម្ចាស់ រោងម៉ាស៊ីនកិនស្រូវ វិស័យឯកជននានាក្នុងតំបន់ក្នុងការទទួលទិញ ស្រូវរបស់កសិករ ក្នុងតម្លៃ សមរម្យ និងជួយសម្រួលឱ្យមានជម្រើសច្រើនដល់ កសិករក្នុងការ លក់ស្រូវជាជាងលក់ឱ្យតែ ឈ្មួញដែលមានលក្ខណៈផ្តាច់មុខ។

ទី៣. វិស័យឯកជន ជាពិសេ សម្ចាស់រោង ម៉ាស៊ីន កិនស្រូវ ចូលរួមសហការជាមួយអាជ្ញាធរ គ្រប់ជាន់ថ្នាក់ធ្វើការសម្រប សម្រួលលើការ ទំនាក់ទំនងដោយផ្ទាល់ជាមួយសហគមន៍ កសិកម្មក្នុងតំបន់របស់ខ្លួនក្នុងការ លក់ស្រូវដោយផ្ទាល់ និងឈានដល់ការធ្វើផលិតកម្មតាម កិច្ចសន្យាជាមុន៕

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី
;