សម្តេចតេជោ និយាយអ្វីខ្លះជាអតីតមេ UN លោក បាន គីមូន នៅកូរ៉េ
- 2022-02-11 07:24:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេចតេជោ និយាយអ្វីខ្លះជាអតីតមេ UN លោក បាន គីមូន នៅកូរ៉េ
ចន្លោះមិនឃើញ
នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ និងជាសហប្រធាននៃកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២។
ក្នុងជំនួបនេះ លោក Ban Ki-moon បានមានប្រសាសន៍ថា លោកសង្ឃឹមថា សម្ដេចនឹងមានជំនួបល្អប្រសើរជាមួយនឹងលោកប្រធានាធិបតី Moon Jae-In នៅថ្ងៃរសៀលនេះ ជាពិសេស លោកសង្ឃឹមថាទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងកូរ៉េ នឹងមានភាពល្អប្រសើរ និងរីកចម្រើន និងទំនាក់ទំនងកាន់តែល្អប្រសើរបន្ថែមទៀតរវាងកូរ៉េ និងអាស៊ាន។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអរគុណចំពោះការលើកឡើងរបស់លោក បាន គីមូន និងពិតជារីករាយដែលបានធ្វើជាសហប្រធាន ជាមួយ លោក នៅក្នុងកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ នេះ។ សម្ដេចតេជោបានមានប្រសាសន៍ថាអង្គការ UPF ពិតជាបានធ្វើការងារនេះដ៏ល្អ និងសំខាន់ ដែលជាយន្តការមួយសម្រាប់ការស្វែងរកសន្តិភាពនៅឧបទ្វីបកូរ៉េ។ សម្ដេចតេជោក៏បានមានប្រសាសន៍ទៀតថា អង្គការ UPF បានយកចិត្តទុកដាក់ ក្នុងការប្រមូលយកថ្នាក់ដឹកនាំពិភពលោក បច្ចុប្បន្ន និងអតីតមេដឹកនាំ មកជួបជុំនាពេលនេះគឺជារឿងដែលប្រសើរបំផុត ។ សម្ដេចតេជោ បានមានប្រសាសន៍ទៀតថា យើងគួរតែបន្តធ្វើការរួមគ្នាដើម្បីគាំទ្រ ក្នុងការពង្រឹងសកម្មភាពរបស់អង្គការ UPF នេះ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការស្វែងរកសន្តិភាពនេះ។
នៅក្នុងជំនួបនេះផងដែរ លោក បាន គីមូន ក៏មានការផ្លាស់ប្ដូរមតិយោបល់ ក៏ដូចជាការរួមចំណែកក្នុងការស្វែងរកដំណោះស្រាយក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ ។ ឯកឧត្តមបានមានប្រសាសន៍ថា ឯកឧត្តមពិតជាមានការគាំទ្រ នូវតួនាទីដ៏សំខាន់សម្រាប់អាស៊ាន ជាពិសេសការឯកភាពរបស់អាស៊ាន ហើយឯកឧត្តមក៏បានគាំទ្រចំពោះសម្តេចតេជោជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ នេះ ។ លោកបន្ថែមថា ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅកាន់ប្រទេសមីយ៉ាម៉ាកន្លងទៅនេះ គឺជារឿងដ៏សំខាន់ ក្នុងការស្វែងរកដំណោះស្រាយ បញ្ចប់ជម្លោះនៅប្រទេសមីយ៉ាន់ម៉ា ជាពិសេស លោកគាំទ្រចំពោះការបង្កើតឲ្យមានប្រេសិតពិសេសរបស់ប្រធានអាស៊ានក្នុងការរកដំណោះស្រាយនៅមីយ៉ាន់ម៉ានេះ៕
ប្រភព និងរូបថត៖ ហ្វេសបុកផេកសម្តេចតេជោ ហ៊ុន សែន