ស្ថានទូតបារាំង និងអង្គការក្រៅរដ្ឋាភិបាលបារាំងជួបគ្នានិយាយរឿងការអភិវឌ្ឍប្រទេសកម្ពុជា

  • 2022-02-11 07:46:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាលពីថ្ងៃពុធ ទី៩ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថានទូតបារាំងប្រចាំកម្ពុជាបានទទួលស្វាគមន៍តំណាងអង្គការក្រៅរដ្ឋាភិបាលបារាំងនានាដែលដំណើរការនៅប្រទេសកម្ពុជា។ ជំនួបខាងលើបានប្រព្រឹត្តទៅដោយមានការចូលរួមពីតំណាងអង្គការក្រៅរដ្ឋាភិបាលបារាំងជាង៥០នាក់ ក៏ដូចជាតំណាងស្ថាប័នបារាំង និងអឺរ៉ុបជាច្រើននាក់ទៀត ដែលជាឱកាសពិភាក្សាគ្នាអំពីការបំពេញបេសសកម្មឆ្ពោះទៅសម្រេចគោលដៅរួម គឺការរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។ នេះជាការបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងប្រចាំនៅកម្ពុជាដែលខ្លីៗទទួលបាន។

សេចក្តីប្រកាសព័ត៌មាននេះបានបញ្ជាក់ថា ប្រតិបត្តិករនៃក្រសួងអឺរ៉ុប និងការបរទេសបារាំង បានបង្ហាញនូវសកម្មភាពរបស់ខ្លួននៅកម្ពុជា។ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) ដែលប្រារព្ធខួប៣០ឆ្នាំរបស់ខ្លួននៅឆ្នាំនេះ បានផ្តល់ហិរញ្ញប្បទានជាង៨៨០លានអឺរ៉ូដល់កម្ពុជា ចាប់តាំងពីការបង្កើតការិយាល័យនៃស្ថាប័ននេះនៅកម្ពុជា។ មួយផ្នែកនៃហិរញ្ញប្បទាននេះត្រូវបានផ្តល់ទៅអង្គការក្រៅរដ្ឋាភិបាល។ អង្គការបារាំង ហ្វ្រង់វ៉ូឡុងទែរ ដែលជាបណ្តាញអ្នកស្ម័គ្រចិត្តអន្តរជាតិមួយ មានវត្តមាននៅកម្ពុជាចាប់តាំងពីឆ្នាំ២០០២។ អង្គការនេះជួយជ្រោមជ្រែង និងដឹកនាំបណ្តាញអ្នកស្ម័គ្រចិត្តនៅកម្ពុជាដើម្បីលើកកម្ពស់ និងអភិវឌ្ឍ ការងារស្ម័គ្រចិត្តប្រកបដោយគុណភាព បើកទូលាយដល់មនុស្សគ្រប់រូប និងផ្លាស់ប្តូរទៅវិញទៅមក។

លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា

លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានកោតសរសើរដល់អង្គការក្រៅរដ្ឋាភិបាលបារាំងជាច្រើនដែលបំពេញការងារនៅប្រទេសកម្ពុជា ដោយមួយចំនួនបានដំណើរការជាច្រើនឆ្នាំមកហើយ។ អង្គការបារាំងខ្លះបំពេញការងារពីប្រទេសបារាំងក្នុងភាពជាដៃគូជាមួយអង្គការក្នុងស្រុក រីឯមួយខ្លះទៀតមានការិយាល័យតំណាងនៅប្រទេសកម្ពុជា។ អង្គការបារាំងផ្តោតសកម្មភាពច្រើននៅក្នុងវិស័យអប់រំ សុខាភិបាល និងសមភាពយែនឌ័រ។ ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច និងសង្គមនៃវិបត្តិកូវីដ១៩បានជំរុញឱ្យអង្គការបារាំងជាច្រើនបែងចែកមួយផ្នែកនៃថវិការបស់ខ្លួនដើម្បីផ្តល់ជំនួយបន្ទាន់ដល់ប្រជាជនដែលជួបការលំបាកបំផុត។

លោកឯកអគ្គរដ្ឋទូតបារាំងរំលឹកថា គោលនយោបាយអភិវឌ្ឍន៍គឺជាសសរស្តម្ភនៃគោលនយោបាយការបរទេសបារាំង។ ក្នុងន័យនេះ ច្បាប់បារាំងមួយដែលត្រូវបានអនុម័តថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ ស្តីពីកម្មវិធីពាក់ព័ន្ធនឹងការអភិវឌ្ឍប្រកបដោយសាមគ្គីភាព បានផ្តល់ឱ្យប្រទេសបារាំងនូវមធ្យោបាយកាន់តែមានប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងវិសមភាពពិភពលោក និងដើម្បីការពារសម្បត្តិសាធារណៈពិភពលោក។ ក្នុងន័យនេះប្រទេសបារាំងប្រើប្រាស់០,៥៥%នៃប្រាក់ចំណូលជាតិដុលរបស់ខ្លួនសម្រាប់ជំនួយសាធារណៈសម្រាប់ការអភិវឌ្ឍក្នុងឆ្នាំ២០២២។ អង្គការក្រៅរដ្ឋាភិបាលនឹងនៅតែជាតួអង្គសំខាន់ ដោយហេតុថា ចំនួនទឹកប្រាក់នៃជំនួយសាធារណៈសម្រាប់ការអភិវឌ្ឍផ្តល់ឱ្យគម្រោងនានា ដែលត្រូវបានដាក់ឱ្យដំណើរការដោយអង្គការសង្គមស៊ីវិលសកម្មក្នុងវិស័យអភិវឌ្ឍន៍អន្តរជាតិ នឹងមានការកើនឡើងពីរដងនៅឆ្នាំ២០២២ ធៀបនឹងចំនួនទឹកប្រាក់នៃជំនួយសាធារណៈសម្រាប់ការអភិវឌ្ឍឆ្នាំ២០១៧។

ពិធីជួបជុំខាងលើបានប្រព្រឹត្តទៅជាមួយការពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាងផុសផុល និងបានចូលរួមចំណែកក្នុងការបង្កើតឱ្យមានភាពជាដៃគូថ្មីៗ ក៏ដូចជាពង្រឹងនូវប្រសិទ្ធភាពនៃជំនួយបារាំងសម្រាប់ការអភិវឌ្ឍនៅកម្ពុជា៕

រូបថត៖ ស្ថានទូតបារាំងប្រចាំនៅកម្ពុជា

អត្ថបទថ្មី
;