គិតត្រឹមខែកុម្ភៈ ក្រសួងកើបលុយពីការលក់លេខពិសេសបានលុយជាង ៧០លានដុល្លារ
- 2022-03-24 06:27:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គិតត្រឹមខែកុម្ភៈ ក្រសួងកើបលុយពីការលក់លេខពិសេសបានលុយជាង ៧០លានដុល្លារ
ចន្លោះមិនឃើញ
លេខចុះបញ្ជីរថយន្ត (លេខចុះបញ្ជីពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន) លក់បានចំនួន ២០១,៩៨០ លេខ ទទួលបានចំណូលសរុប ចំនួន ២៨០ ៧២៨ ២២៨ ៨០០ រៀល គិតចាប់តាំងពីខែ កញ្ញា ឆ្នាំ២០១៦ ដល់ខែកុម្ភៈ ឆ្នាំ២០២២នេះ ស្មើនឹង ៧០ ១៨២ ០៥៧ ដុល្លារអាមេរិក។ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មការអន្តរក្រសួងប្រកាសចេញថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ម្សិលមិញក្នុងកិច្ចប្រជុំពិភាក្សាលើរបាយការណ៍វឌ្ឍនភាពនៃការលក់លេខចុះបញ្ជីរថយន្ត វឌ្ឍនភាពការងាររបស់អនុគណៈកម្មការកំណត់តម្លៃ និងរៀបចំការលក់ ឬដេញថ្លៃ និងអនុគណៈកម្មការផ្សព្វផ្សាយ និងផ្ដល់ជំនួយបច្ចេកទេស នៅទីស្តីការក្រសួង។
លោកស្រី កុយ សុដានី ប្រធានគណៈកម្មការរអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត បានលើកឡើងថា គណៈកម្មការនឹងពិនិត្យលទ្ធភាពជួបប្រជុំជាមួយនឹងក្រុមហ៊ុននានា ដូចជា៖ ក្រុមហ៊ុនកូកាកូឡា ក្រុមហ៊ុនសូគីមិច និងក្រុមហ៊ុនជាច្រើនទៀត ដើម្បីធ្វើការផ្សព្វផ្សាយឱ្យក្រុមហ៊ុនទាំងនោះបានដឹងអំពីជម្រើស និងគោលការណ៍រួមដែលត្រូវផ្តល់ជូនទាក់ទងនឹងការទិញលេខចុះ បញ្ជីពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន។
កិច្ចប្រជុំបានជជែកពិភាក្សាអំពីរបាយការណ៍សកម្មភាពការងារលក់លេខចុះបញ្ជីរថយន្ត ការជ្រើសរើស ក្រុមហ៊ុនគោលដៅចំនួន១៤ក្រុមហ៊ុន ដើម្បីជំរុញការលក់លេខពិសេសផ្ទាល់ខ្លួនក្នុងតម្លៃឯកភាព ព្រមព្រៀងណាមួយ ការពិនិត្យលើបញ្ជីឈ្មោះម៉ាកកម្មសិទ្ធិបញ្ញាដែលទទួលបានពីក្រសួងពាណិជ្ជកម្មមានជាង ៦ម៉ឺន ដើម្បីដាក់បញ្ចូលទៅក្នុងប្រព័ន្ធ និងការសហការរវាងអនុគណៈកម្មការបច្ចេកទេសរៀបចំបញ្ចូលទៅក្នុងប្រព័ន្ធគោលការណ៍ក្នុងការចាប់សញ្ញាចុច (DOT) ក្នុងការគណនាតម្លៃលេខទាំងឡាយ ណាដែលមានតួរលេខ១៦៨ ការកែសម្រួលអត្រារូបមន្តដែលទើបបង្កើតថ្មីចំនួនជាង៦០០រូបមន្ត និងបញ្ជី ឈ្មោះក្រុមហ៊ុនពីក្រសួងពាណិជ្ជកម្ម។
លោកស្រី កុយ សុដានី បានរំលឹកអំពីអនុសាសន៍ណែនាំរបស់រដ្ឋមន្ត្រីលោក ស៊ុន ចាន់ថុល ដែលបានលើកឡើងនៅក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការងារបន្តឆ្នាំ២០២២ ឱ្យរៀបចំរូបមន្តសម្រាប់ការគណនាថ្លៃបន្ថែមទៀតសម្រាប់ផ្លាកលេខពិសេសផ្ទាល់ខ្លួន ដោយឃើញថាផ្លាកលេខប្រភេទនេះកាន់តែមានប្រជាប្រិយភាព ពេញនិយមខ្លាំងឡើងៗ និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយទៅកាន់ក្រុមហ៊ុន សហគ្រាស និងប្រជាពលរដ្ឋឱ្យមានការយល់ដឹងកាន់តែប្រសើរឡើងអំពីលេខចុះបញ្ជីពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន ដើម្បីបង្កើនប្រាក់ចំណូលជាតិឱ្យកាន់តែប្រសើរឡើងថែមទៀត។
របាយការណ៍របស់គណៈកម្មការអន្តរក្រសួងបញ្ជាក់ថា៖ លេខចុះបញ្ជីរថយន្ត (លេខចុះបញ្ជី ពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន) លក់បានចំនួន ២០១ ៩៨០ លេខ ទទួលបានចំណូលសរុប ចំនួន ២៨០ ៧២៨ ២២៨ ៨០០ រៀល គិតចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៦ ដល់ខែកុម្ភៈ ឆ្នាំ២០២២នេះ ស្មើនឹង ៧០ ១៨២ ០៥៧ ដុល្លារអាមេរិក។ ដោយឡែកចំណូលពីការលក់លេខចុះបញ្ជីពិសេស និងលេខ ចុះបញ្ជីពិសេសផ្ទាល់ខ្លួនក្នុងឆ្នាំ២០២១ ទទួលបានចំណូលថវិកាសរុបចំនួន ៦៨ ៦៤៦ ៣៤២ ៣០០ រៀល កើនឡើងប្រមាណ ៩% ធៀបនឹងឆ្នាំ២០២០៕