ត្រឹម​ជាង ៣០ឆ្នាំ វៀតណាម ប្រែ​ក្លាយ​ជា​ប្រទេស​ផលិត​កាហ្វេ​យក្ស

  • 2017-05-04 05:21:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វៀតណាម បាន​ប្រែ​ក្លាយ​ពី​ប្រទេស​ដែល​ស្ទើរ​តែ​គ្មាន​កាហ្វេ ក្លាយ​ជា​ប្រទេស​នាំចេញ​កាហ្វេ​ធំ​បំផុត​មួយ​ក្នុង​លោក​នា​ពេល​បច្ចុប្បន្ន។ ត្រឹម​រយៈពេល​ជាង ៣០ឆ្នាំ ចំណែក​ទីផ្សារ​កាហ្វេ​របស់​វៀតណាម បាន​កើន​ពី ០,១% ដល់ ២០% ដែល​ជា​បម្រែបម្រួល​មួយ​យ៉ាង​លឿន​មិន​គួរ​ឲ្យ​ជឿ។

កាហ្វេ​ក្លាយ​ជាតួអង្គ​សំខាន់​ក្នុង​សេដ្ឋកិច្ច​វៀតណាម

នៅ​ពេល​សង្គ្រាម​បាន​បញ្ចប់​នៅ​ឆ្នាំ ១៩៧៥ សេដ្ឋកិច្ច​វៀតណាម​បាន​ធ្លាក់​ដល់​បាត ប៉ុន្តែ​នៅ​ឆ្នាំ ១៩៨៦ គណបក្ស​កុម្មុយនិស្ត​វៀតណាម បាន​ចាប់ផ្ដើម​យក​កាហ្វេ​ជា​អាទិភាព។ ចាប់តាំង​ពី​ទសវត្ស​ឆ្នាំ២៩៩០​មក ផលិតកម្ម​កាហ្វេ បាន​កើន​ឡើង​ពី ២០% ទៅ ៣០% ជា​រៀងរាល់​ឆ្នាំ។ មក​ទល់​ឆ្នាំ២០១៤ ឧស្សាហកម្ម​កាហ្វេ​បាន​បង្កើត​ការងារ​ឲ្យ​ប្រជាជន ប្រហែល ២,៦លាន​នាក់។ កាហ្វេ​បាន​ជួយ​បន្ថយ​អត្រា​ភាព​ក្រីក្រ​របស់​ប្រជាជន​វៀតណាម ពី ៦០% មក​សល់​ក្រោម ១០%។

វៀតណាម​ក្លាយ​ជា​ប្រទេស​នាំ​ចេញ​កាហ្វេ​ធំបំផុត​មួយ

ត្រឹម​ឆ្នាំ២០១៥ វៀតណាម ឈរ​លេខរៀង​ទី​៣ ក្នុង​នាម​ជា​ប្រទេស​នាំ​ចេញ​កាហ្វេ​ច្រើន​ជាង​គេ​បំផុត​ក្នុង​លោក ស្មើ​នឹង​ទឹកប្រាក់ ២,៤ប៊ីលាន​ដុល្លារ ឬ ៧,៩% នៃ​កាហ្វេ​នាំចេញ​សរុប​ក្នុង​លោក។ ចំណាត់ថ្នាក់​កំពូល​ទាំង ១០ រួម​មាន៖

១. ប្រេស៊ីល ៥,៦ប៊ីលាន​ដុល្លារ (១៨,២%) ២. កូឡុំប៊ី ២,៦ប៊ីលាន​ដុល្លារ (៨,៤%) ៣. វៀតណាម ២,៤ប៊ីលាន​ដុល្លារ (៧,៩%) ៤. អាល្លឺម៉ង់ ២,២ប៊ីលាន​ដុល្លារ (៧,៣%) ៥. ស្វីស ២ប៊ីលាន​ដុល្លារ (៦,៧%) ៦. អ៊ីតាលី ១,៤ប៊ីលាន​ដុល្លារ (៤,៦%) ​៧. ឥណ្ឌូណេស៊ី ១,២ប៊ីលាន​ដុល្លារ (៤,១%) ៨. បែលហ្សិក ១,១ប៊ីលាន​ដុល្លារ (៣,៥%) ៩. ហុងឌុយរ៉ាស់ ១ប៊ីលាន​ដុល្លារ (៣,៤%) ១០. អេត្យូពី ១ប៊ីលាន​ដុល្លារ (៣,៣%) ​​

បញ្ជាក់៖ បច្ចុប្បន្ន វៀតណាម ឡើង​លេខ២ បន្ទាប់​ពី​ប្រេស៊ីល

ប្រទេស​ណា​ខ្លះ ទិញ​កាហ្វេ​ពី​វៀតណាម?

ឆ្នាំ២០១២/២០១៣ វៀតណាម​ផលិត​កាហ្វេ​បាន ២២លាន​បាវ (១បាវ ទម្ងន់ ៦០គីឡូក្រាម)។ ក្នុង​នោះ អាល្លឺម៉ង់ និង​សហរដ្ឋ​អាមេរិក ទិញ​យក​ច្រើន​ជាង​គេ (២លាន​បាវ) អេស្ប៉ាញ អ៊ីតាលី បែលហ្សិក លុចហ្សំបួរ (១,២លាន​បាវ) ជប៉ុន កូរ៉េខាងត្បូង ប៉ូឡូញ បារាំង អង់គ្លេស (០,៥លាន​ដុល្លារ)។

សេដ្ឋី​វៀតណាម មាន​មហិច្ឆតា​ធ្វើ​ឲ្យ​វៀតណាម​កាន់កាប់​ទីផ្សារ​កាហ្វេ​ពិភពលោក

ប្រជាជន​វៀតណាម​ភាគច្រើន រស់នៅ​ដោយសារ​កាហ្វេ ប៉ុន្តែ​មាន​មនុស្ស​មិន​ច្រើន​ទេ ដែល​ក្លាយ​ជា​កំពូល​អ្នក​មាន​ដោយ​សារ​កាហ្វេ។ លោក Dang Le Nguyen Vu ជា​មហាសេដ្ឋី​កំពូល​ម្នាក់​របស់​វៀតណាម ដែល​មាន​ទ្រព្យ​សម្បត្តិ ១០០លាន​ដុល្លារ (យោង​តាម​ទស្សនាវដ្ដី Forbes)។ ក្រោយ​ជោគជ័យ​ក្នុង​ជំនួញ​ហាង​កាហ្វេ​ក្នុងស្រុក លោក​មាន​ផែនការ​បង្កើត​ហាង​កាហ្វេ​អន្តរជាតិ​ដែល​មាន​លក្ខណៈ​ជា​របៀប​ហាង​កាហ្វេ​វៀតណាម ដើម្បី​ប្រជែង​ជាមួយ​ហាង​ធំៗ ដូចជា Starbucks ជាដើម។ លោក​និយាយថា៖ "ប្រសិន​បើ​យើង​អាច​ធ្វើបាន ហើយ​វាយ​លុក​ទីផ្សារ​អាមេរិក​បាន យើង​នឹង​កាន់កាប់​ទីផ្សារ​កាហ្វេ​ពិភពលោក​ទាំង​មូល"។

ផល​ប៉ះពាល់​នៃ​ការ​ដាំ​កាហ្វេ​ច្រើន​ហួស​ប្រមាណ

អង្គការ WWF បាន​ប៉ាន់ស្មាន​ថា ព្រៃឈើ ១០ម៉ឺន​គីឡូម៉ែត្រ​ការ៉េ ត្រូវ​បាន​កាប់ ចាប់​តាំង​ពី​ឆ្នាំ១៩៧៣មក ដែល​ភាគច្រើន​គឺ​ដើម្បី​យក​ដី​ដាំ​កាហ្វេ។ អ្នក​ជំនាញ បាន​រក​ឃើញ​ថា ដី​ដែល​ដាំ​កាហ្វេ​ហើយ នឹង​ក្លាយ​ជា​ដី​ដែល​ខ្សោះ​ជីជាតិ ដោយសារ​កសិករ​វៀតណាម ប្រើប្រាស់​ទឹក និង​ជី​គីមី​ច្រើន​ហួស​ប្រមាណ៕

​​

ប្រភព៖ BBC ប្រែ​សម្រួល៖ សុខ សុវត្ថិ

អត្ថបទថ្មី
;