ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី នឹង​បើក​ជើង​ហោះហើរ​ត្រង់​មកកាន់​ខេត្ត​ព្រះសីហនុ

  • 2017-05-12 09:31:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន​អាកាសចរណ៍ Air Asia នឹង​បើក​ឲ្យ​មាន​ការ​ហោះហើរ​ត្រង់ ពី​ទីក្រុង​កូឡាឡាំពួរ មក​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី៩ ខែ​សីហា ឆ្នាំ២០១៧។ ការ​សម្រេច​នេះ ធ្វើ​ឡើង​ក្រោយ​ពី​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​មួយ​នេះ មាន​ជើង​ហោះហើរ​របស់​ខ្លួន មក​កាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​សៀមរាប ចំនួន ៦០ដង ក្នុង ១សប្ដាហ៍ និង​មាន​អ្នក​ដំណើរ​សរុប​ប្រមាណ​ជាង ២ម៉ឺននាក់។

លោក Tony Fernandes ប្រធាន​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Air Asia បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត នៅក្រៅ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក ស្តីពី​អាស៊ាន នា​ព្រឹក​ថ្ងៃទី១២ ខែ​ឧសភា​នេះថា ជើង​ហោះហើរ​ត្រង់​ពី​កូឡាឡាំពួរ មក​ខេត្ត​ព្រះសីហនុ នឹង​ត្រូវ​បើក​ដំណើរការ​លក់​សំបុត្រ នៅ​ថ្ងៃទី១៧ ខែ​ឧសភា​នេះ​តទៅ ខណៈ​ដែល​ជើង​ហោះហើរ​លើក​ដំបូង នឹង​ចាប់ផ្ដើម​នៅថ្ងៃទី៩ ខែ​សីហា។

លោក​បន្ត​ទៀតថា ក្នុង​ដំណាក់កាល​ដំបូង ក្រុមហ៊ុន​នឹង​ធ្វើការ​ហោះហើរ​ឲ្យបាន ៤ដង​ក្នុង១សប្ដាហ៍ ហើយ​រំពឹង​ថា នឹង​អាច​បន្ថែម​ជើង​ហោះហើរ​ឲ្យបាន​រហូត​ដល់ ៧ដង ក្នុង​១សប្ដាហ៍ នៅ​ពេល​ខាងមុខ ជាមួយ​នឹងក្ដី​សង្ឃឹម​ថា​នឹង​ទទួល​បាន​ភ្ញៀវ​ធ្វើដំណើរ​ប្រមាណ ១០ម៉ឺន​នាក់​ក្នុងឆ្នាំ។

លោក Tony Fernandes ក្នុង​ជំនួប​ជាមួយ​សម្ដេច​ហ៊ុន សែន

ចំណែក​លោក អេរិក ដែលឡូបែល នាយក​ប្រតិបត្តិ​អាកាសចរណ៍​កម្ពុជា បាន​ថ្លែងថា គិត​ត្រឹម​រយៈពេល​ ជាង ១ទសវត្សរ៍​ចុងក្រោយ មាន​អ្នក​ដំណើរ​ប្រមាណ​ជាង ៤,៥លាន​នាក់ ​បាន​ធ្វើដំណើរ​មក​កម្ពុជា តាម​ជើង​យន្ដហោះ​របស់​ក្រុមហ៊ុន Air Asia។

លោក​បន្តថា គិត​ត្រឹម​ត្រីមាសទី១ ក្នុង​ឆ្នាំនេះ អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ បាន​បំបែក​កំណត់​ត្រាថ្មី ដោយ​ទទួល​បាន​អ្នក​ដំណើរ​ប្រមាណ​ជាង ១០ម៉ឺននាក់ ពោល​គឺមាន​កំណើន​ខ្ពស់ រហូត​ដល់ ២១០%។ អាកាសយានដ្ឋាន​នេះ បាន​និង​កំពុង​សាងសង់​ពង្រីក​បន្ថែម​នូវ​អគារ ទីតាំង ក៏ដូចជា​ហេដ្ឋារចនាសម្ព័ន្ធ ឲ្យ​បានរួចរាល់​នៅដើម​ឆ្នាំក្រោយ ដើម្បី​ទទួល​បាន​អ្នក​ដំណើរ​ប្រមាណ ៥០ម៉ឺននាក់​ក្នុង​មួយឆ្នាំ៕

អាកាសយានដ្ឋាន​ខេត្ត​ព្រះសីហនុ (រូបភាព៖ http://www.kos.aero)

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;