ទើប​បាន​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ UEL ឥឡូវ Pogba ជួប​ទុក្ខ​ធំ ឪពុក​ស្លាប់

  • 2017-05-13 06:18:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Fassou Antoine Pogba ដែល​ត្រូវជា​ឪពុក​បង្កើត​របស់​ខ្សែ​បម្រើ​តម្លៃ​ថ្លៃ​បំផុត​លើ​លោក Paul Pogba បាន​ទទួល​មរណភាព កាលពី​ម្សិលមិញ នៅ​អាយុ ៧៩ ឆ្នាំ ដោយសារ​ចាស់​ជរា។ ការ​លាចាក​លោក​របស់​ឪពុក Pogba គឺ​ស្រប​ពេល​ដែល​ក្លឹប​បិសាច​ក្រហម Manchester United ទើបតែ​ឆ្លងផុត​វគ្គ​ពាក់​កណ្ដាល​ផ្តាច់ព្រ័ត្រ ពាន​រង្វាន់ UEFA Europa League ពេល​ប្រកួត​ទល់នឹង Celta Vigo បាន​ប្រហែល ២៤ ម៉ោង​ប៉ុណ្ណោះ។

លោក Fassou Antoine Pogba មាន​ជំងឺ​រ៉ាំរ៉ៃ​ជា​យូរយារ​ណាស់​មក​ហើយ។ លោក​បាន​ចាកចេញ​ពី​ស្រុក​កំណើត​នៅ​ប្រទេស​ហ្គីណេ ក្នុង​អាយុ ៣០ឆ្នាំ ដោយ​ផ្លាស់ទី​លំនៅ​ទៅកាន់​ក្រុង​ប៉ារីស ប្រទេស​បារាំង ដែល​ជា​ទីកន្លែង​កំណើត​របស់ Paul Pogba។ លោក​មាន​កូនប្រុស​ពីរ​នាក់​ទៀត គឺ Florentin និង Mathias ដែល​ជា​កូនភ្លោះ​ដែល​ជ្រើសរើស​យក​សញ្ជាតិ​ហ្គីណេ ខុស​ពី Pogba ដែល​មាន​សញ្ជាតិ​បារាំង។

កាលពី​ព្រឹត្តិការណ៍ EURO 2016 លោក Fassou ក៏​បាន​ទៅ​ចូល​រួម​ទស្សនា​ការ​ប្រកួត​របស់ Pogba ពេល​រូបគេ​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​បារាំង បាន​ជើងឯក​រង​ផង​ដែរ។

ការ​ចាកចេញ​របស់​លោក បាន​បន្សល់​ទុក្ខ​ដ៏​​ក្រៀមក្រំ​មួយ​សម្រាប់ Pogba ដែល​ទើបតែ​អបអរ​ជ័យជម្នះ ដែល​ខ្លួន​បាន​ជួយ​ក្រុម​បិសាច​ក្រហម ឈាន​ទៅ​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ ពាន​រង្វាន់ Europa League ដែល​នឹង​ធ្វើឡើង​នា​ថ្ងៃ​ទី២៥ ខែ​ឧសភា​ខាងមុខ​នេះ ទល់នឹង​ក្រុម Ajax៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;