អាមេរិក​ផ្ដល់​នាវា​ល្បាត ៦គ្រឿង​ដល់​វៀតណាម

  • 2017-05-23 04:52:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សហរដ្ឋ​អាមេរិក បាន​បញ្ជូន​នាវា​ល្បាត ៦គ្រឿង ទៅ​កាន់​ប្រទេស​វៀតណាម ដើម្បី​ពង្រីក​ទំនាក់ទំនង​សន្តិសុខ​នៃ​ប្រទេស​ទាំងពីរ ចំ​ពេល​ដែល​​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​នៅ​តែ​តានតឹង។

នាវា​​ឈ្មោះ ឆ្លាម​ដែក ឬ Metal Shark ដែល​មាន​ប្រវែង​ជាង ១៣ម៉ែត្រ​ទាំង ៦គ្រឿង​នេះ ត្រូវ​បាន​ធ្វើ​ពិធី​ផ្ទេរ​ជា​ផ្លូវការ ដោយ​លោក Ted Osius អគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​ប្រទេស​វៀតណាម នា​ព្រឹក​ថ្ងៃ​អង្គារ​នេះ។

ទូក​ល្បាត​ទាំងនេះ នឹង​ត្រូវ​បាន​កង​ល្បាត​វៀតណាម ប្រើប្រាស់​ដើម្បី​ទប់ស្កាប់​ការ​រត់ពន្ធ​តាម​ដែនទឹក ការ​ប្លន់​កប៉ាល់ និង​ការ​នេសាទ​ខុសច្បាប់​ជាដើម។

លោក Ted Osius ឯកអគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​ប្រទេស​វៀតណាម ប្រគល់​នាវា​ល្បាត​ទាំង៦គ្រឿង ដល់​វៀតណាម នា​ព្រឹក​ថ្ងៃទី២២ ឧសភា​នេះ នៅ​ខេត្ត Quang Nam
ការ​ផ្ដល់​ជូន​របស់​អាមេរិក​នេះ គឺ​ចំពេល​ដែល​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​កំពុង​តានតឹង។ ចិន វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ប្រ៊ុយណេ និង​តៃវ៉ាន់ សុទ្ធ​តែ​ទាមទារ​ចង់បាន​ប្រជុំ​កោះ Spratly ដែល​សម្បូរ​ទៅ​ដោយ​ធនធាន​ធម្មជាតិ​ដ៏​ក្រាស់ក្រែល។

គួរបញ្ជាក់ផង​ដែរថា វៀតណាម និង​អាមេរិក បាន​បង្កើន​កិច្ច​សហប្រតិបត្តិការ​ផ្នែក​សន្តិសុខ និង​ការពារជាតិ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ បន្ថែម​លើ​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម និង​វិនិយោគ ក្រោយពី​ប្រទេស​ទាំង​ពីរ ភ្ជាប់​ទំនាក់ទំនង​ការទូត​នឹង​គ្នា​វិញ កាល​ពី​ជាង ២០ឆ្នាំ​មុន៕​​

ប្រភព៖ Washingtonpost ប្រែ​សម្រួល៖ សុខ សុវត្ថិ

អត្ថបទថ្មី
;