ក្រុមគ្រួសារបណ្ឌិត កែម ឡី គ្រោងរៀបចំពិធីបុណ្យខួប១ឆ្នាំនៅខេត្តតាកែវ
- 2017-06-11 03:05:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមគ្រួសារបណ្ឌិត កែម ឡី គ្រោងរៀបចំពិធីបុណ្យខួប១ឆ្នាំនៅខេត្តតាកែវ
ចន្លោះមិនឃើញ
ក្រុមគ្រួសារលោកបណ្ឌិត កែម ឡី អំពាវនាវដល់ប្រជាពលរដ្ឋដែលគោរពស្រលាញ់លោកបណ្ឌិត កែម ឡី ឲ្យចូលរួមបុណ្យខួប ១ឆ្នាំដែលគ្រោងនឹងរៀបចំនៅទីតាំងតម្កល់សពនៅស្រុកកំណើតតែម្ដង។
គណៈកម្មការរៀបចំចេតិយតម្កល់សពលោកបណ្ឌិត កែម ឡី កំពុងតែពិគ្រោះយោបល់គ្នាពីការរៀបចំពិធីបុណ្យនេះ ហើយលទ្ធផលពិតប្រាកដនឹងចេញក្នុងពេលឆាប់ៗនេះ។ គិតមកដល់ពេលនេះ មានរយៈពេល ១១ខែគត់នៃឃាតកម្មលើអ្នកស្រាវជ្រាវពីបញ្ហាសង្គម និងនយោបាយដ៏មានប្រជាប្រិយភាព ប៉ុន្តែក្រុមគ្រួសារចាត់ទុកថា យុត្តិធម៌ដែលទទួលបានតាមរយៈការជំនុំជម្រះនៅតុលាការ គឺមិនទាន់ឃើញពន្លឺនៅឡើយទេ។
ម្ដាយរបស់លោកបណ្ឌិត កែម ឡី គឺលោកស្រី ភោគ សេ ឲ្យដឹងនៅថ្ងៃទី១០ ខែមិថុនា ថា ពិធីបុណ្យដែលគ្រោងរៀបចំឡើងទៅតាមការគ្រោងទុកនៅពេលខាងមុខនេះ គឺពុំមានគណៈកម្មការរៀបចំបុណ្យចាត់ចែងដូចមុនទៀតទេ។
ស្ថិតក្នុងវ័យ ៧៨ឆ្នាំ លោកស្រីបន្តថា ពិធីបុណ្យគម្រប់ខួប១ឆ្នាំនៃឃាតកម្មលើលោកបណ្ឌិត កែម ឡី នេះនឹងរៀបចំក្នុងទ្រង់ទ្រាយធំ ដោយចាប់ប្រារព្ធពិធីនៅថ្ងៃទី៩ និងបញ្ចប់ទៅវិញនៅថ្ងៃទី១០ ខែកក្កដា៖ ធ្វើតាមស្រុកស្រែទេ។ ប៉ុន្តែបើភ្ញៀវអត់បានប្រាប់ទេ ជួយប្រកាសតាមវិទ្យុផង។
ការអំពាវនាវនេះ ស្របពេលនៅថ្ងៃទី១០ ខែមិថុនា នេះ គឺជារយៈពេល ១១ខែគត់ដែលឃាតកម្មបាញ់ប្រហារលោកបណ្ឌិត កែម ឡី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ទាំងព្រឹកព្រលឹម កណ្ដាលទីក្រុងភ្នំពេញ៕