Messi និង Pogba សុទ្ធតែធ្លាប់សាងប្រវត្តិសាស្ត្រឲ្យក្រុម U20 នៅ World Cup
- 2017-06-12 09:59:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Messi និង Pogba សុទ្ធតែធ្លាប់សាងប្រវត្តិសាស្ត្រឲ្យក្រុម U20 នៅ World Cup
ចន្លោះមិនឃើញ
ការប្រកួតព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ពិភពលោកអាយុក្រោម ២០ឆ្នាំ ឆ្នាំ២០១៧ បានរកឃើញម្ចាស់ជើងឯកហើយ ដោយបានទៅលើក្រុម U20 អង់គ្លេស ដែលបានយកឈ្នះក្រុមវេណេហ្ស៊ុយអេឡា ក្នុងលទ្ធផល ១-០ នៅវគ្គផ្តាច់ព្រ័ត្រ ប្រទេសកូរ៉េខាងត្បូង កាលពីម្សិលមិញ ។
ចំពោះព្រឹត្តិការណ៍នេះ គេសង្កេតឃើញថា អតីតយុវជននៃក្រុមជម្រើសជាតិដែលធ្លាប់ឈ្នះជើងឯកបាល់ទាត់ពិភពលោកអាយុក្រោម ២០ឆ្នាំ បច្ចុប្បន្ន ពួកគេមួយចំនួនបានក្លាយជា តារាបាល់ទាត់ឆ្នើមដែលមានភាពល្បីល្បាញពាសពេញសកលលោក។ កីឡាករទាំងនោះមានដូចជា៖
Diego Maradona
អតីតយុវជនរបស់ក្រុម U20 អាហ្សង់ទីន Diego Maradona ធ្លាប់បានរួមចំណែកជួយក្រុមរបស់ខ្លួន ក្លាយជាម្ចាស់ជើងឯកបាល់ទាត់ពិភពលោកអាយុក្រោម ២០ឆ្នាំ កាលពី១៩៧៩។ គ្រានោះ អាហ្សង់ទីន បានយកឈ្នះសហភាពសូវៀត ក្នុងលទ្ធផល ៣-០ នៅវគ្គផ្តាច់ព្រ័ត្រ ប្រទេសជប៉ុន។ Maradona ជាអ្នកស៊ុតគ្រាប់ទី៣។
Xavi
អតីតខ្សែបម្រើឆ្នើមរបស់ក្រុម Barcelona រូបនេះ ជួយជ្រោមជ្រែងក្រុម U20 អេស្ប៉ាញ យកឈ្នះក្រុមជប៉ុន ក្នុងលទ្ធផល ៤-០ នៅវគ្គផ្តាច់ព្រ័ត្រ U20 World Cup កាលពីឆ្នាំ១៩៩៩ នៅប្រទេសនីហ្សេរីយ៉ា។ ពានរង្វាន់នោះ ជាពានលើកទីមួយរបស់ក្រុម U20 អេស្ប៉ាញ។
Lionel Messi
ក្នុងវ័យ ១៧ឆ្នាំ យុវជនរបស់ក្រុម Barcelona រូបនេះ បានក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកអាយុក្រោម ២០ឆ្នាំ និងបានឈ្នះពានរង្វាន់បាល់មាសផងដែរ ក្នុងព្រឹត្តិការណ៍ U20 World Cup កាលពីឆ្នាំ២០០៥។ ក្នុងនោះ រូបគេបានស៊ុតបាន ២គ្រាប់ ក្នុងវគ្គផ្តាច់ព្រ័ត្រ ជួយឲ្យអាហ្សង់ទីន ឈ្នះនីហ្សេរីយ៉ា ក្នុងលទ្ធផល ២-១ នៅវគ្គផ្តាច់ព្រ័ត្រ ប្រទេសតួកគី។
Paul Pogba
អតីតយុវជនក្រុម U20 បារាំង ដែលបច្ចុប្បន្នជាកីឡាករដែលមានតម្លៃថ្លៃជាងគេលើពិភពលោក Paul Pogba ជាអ្នកស៊ុតបាល់ប៉េណាល់ទីបញ្ចូលទី១គ្រាប់ ទៅលើក្រុមអ៊ុយរុយហ្គាយ ដែលធ្វើឲ្យពួកគេលើកពាន U20 World Cup កាលពីឆ្នាំ២០១៣។ ឆ្លងតាមរយៈទម្រង់លេងដ៏ល្អ Pogba ដែលមានវ័យទើបតែ ២០ឆ្នាំនៅពេលនោះ បានជាប់ក្នុងក្រុមជម្រើសជាតិឈុតធំ ដោយបានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ World Cup នៅប្រេស៊ីល កាលពីឆ្នាំ២០១៤៕