ប្រធាន​មន្ទីរ​ធម្មការ​ខេត្ត​ចុះ​ផ្សព្វផ្សាយ​មិន​ឲ្យ​ព្រះសង្ឃ​ធ្វើ​សកម្មភាព​បម្រើ​បក្ស​នយោបាយ

  • 2017-06-20 03:00:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​បន្ទាយមានជ័យ លោក យឹម យឿន និង អភិបាល​រង​ក្រុង​សិរីសោភ័ណ លោក ម៉ៅ វណ្ណា បាន​ធ្វើការ​អំពាវនាវ និង​អប់រំ​ផ្សព្វផ្សាយ​ប្រគេន​ដល់​ព្រះសង្ឃ​ជាង ១០០​អង្គ គង់​នៅ​ក្នុង​វត្ត​ព្រះពន្លា ស្ថិត​ក្នុង​សង្កាត់​ព្រះពន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ កុំ​ឲ្យ​ចូលរួម​ធ្វើ​សកម្មភាព​អ្វី​ដែល​ខុស​នឹង​វិន័យ​សង្ឃ ប៉ះពាល់​សង្គម និង​វិស័យ​ព្រះពុទ្ធសាសនា ជា​ពិសេស កុំ​ឲ្យ​ទៅ​ចូលរួម​ធ្វើ​សកម្មភាព​បម្រើ​បក្ស​នយោបាយ ឬ​អង្គការ​សង្គម​ស៊ីវិល​ណាមួយ​ខុស​ច្បាប់ ដោយ​ទៅ​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល ឬ​ចូលរួម​ក្នុង​សកម្មភាព​ញុះញង់ ដែល​បង្ក​ឲ្យ​ប៉ះពាល់​សង្គម និង​វិស័យ​ព្រះ​ពុទ្ធសាសនា​យ៉ាង​ធ្ងន់ធ្ងរ​នោះ។

លោក​លើក​ឡើង​ទៀត​ថា សកម្មភាព​ទៅ​ចូលរួម​បម្រើ​គណបក្ស​នយោបាយ​របស់​ព្រះសង្ឃ​បែប​នោះ គឺ​ជា​ការ​អនុវត្ត​ខុស​នឹង​វិន័យសង្ឃ ហើយ​វា​នាំ​បង្ក​ឲ្យ​មាន​ការ​បែកបាក់​ដល់​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត និង​ប្រជាជន ធ្វើ​ឲ្យ​ប្រជាជន​ខ្វះ​ជំនឿ និង​ថែម​ទាំង​ប៉ះពាល់​ដល់​វិស័យ​ព្រះពុទ្ធ​សាសនា​ជា​ខ្លាំង​តែ​ម្តង។

ការ​លើក​ឡើង​ខាង​លើ​ពី​សំណាក់​ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​បន្ទាយមានជ័យ និង​អាជ្ញាធរ​ក្រុង​សិរីសោភ័ណ ធ្វើឡើង​កាលពី​រសៀល​ថ្ងៃ​ទី១៩ មិថុនា ២០១៧ ក្នុង​ឱកាស​ពិធី​សំណេះសំណាល​ពង្រឹង​ការ​អនុវត្ត​វិន័យ​របស់​ព្រះសង្ឃ និង​គណៈកម្មការ​វត្ត​នៅ​ក្នុង​វត្ត​ព្រះពន្លា។

លោក​ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​បន្ទាយមានជ័យ បាន​លើកឡើង​ទៀត​ថា ព្រះសង្ឃ គឺ​ជា​តួអង្គ​សំខាន់​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​គោរព​ប្រតិបត្តិ និង​មាន​ការ​ប្រៀន​ប្រដៅ​ប្រជាពលរដ្ឋ​ឱ្យ​ធ្វើ​អ្វី​ជា​អំពើ​ល្អ។ បញ្ហា​នយោបាយ​ព្រះសង្ឃ​ត្រូវតែ​នៅ​ជា​អព្យាក្រឹត ជា​ការ​ល្អ​ប្រសើរ​បំផុត ។ ព្រះសង្ឃ​មាន​សិទ្ធិ​បោះឆ្នោត និង​ចូល​ជា​សមាជិក​បក្ស​នយោបាយ​ដែល​ខ្លួន​ស្រលាញ់ ប៉ុន្តែ​មិន​ឲ្យ​ទៅ​ចូលរួម​ធ្វើ​សកម្មភាព​នោះ​ឡើយ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;