ប្រជុំសភាព្រឹកនេះ មិនមានវត្តមានសម្ដេចហ៊ុន សែន និងលោកកឹម សុខានោះទេ
- 2017-06-20 03:17:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រជុំសភាព្រឹកនេះ មិនមានវត្តមានសម្ដេចហ៊ុន សែន និងលោកកឹម សុខានោះទេ
ចន្លោះមិនឃើញ
អ្នកតំណាងរាស្ត្រ ១០៨ រូប មកពីគណបក្សប្រជាជនកម្ពុជា (៦៥ រូប) និងគណបក្សសង្គ្រោះជាតិ (៤៣រូប) បានចូលរួមក្នុងកិច្ចប្រជុំរដ្ឋសភា នាព្រឹកថ្ងៃទី២០ ខែមិថុនានេះ ដើម្បីពិភាក្សា និងអនុម័តលើសេចក្តីស្នើច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។ ក្នុងកិច្ចប្រជុំនេះ មិនមានវត្តមានរបស់សម្តេច ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល និងលោកកឹមសុខា ប្រធានគណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមនោះទេ។
សេចក្តីស្នើច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាថ្មី មាន ១១ ជំពូក ចែកជា ៣២ មាត្រា។ សេចក្តីស្នើច្បាប់នេះ ត្រូវបានធ្វើឡើងស្របតាមកិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ និងវប្បធម៌សន្ទនារវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។
នៅក្នុងសេចក្តីស្នើច្បាប់ថ្មីនេះ មានកំណត់ចំនួនអាសនៈក្នុងព្រឹទ្ធសភា បង្កើនពី ៥៧ ទៅ ៥៨ អាសនៈ (កើន ១អាសនៈ នៅភូមិភាគទី៧) និងការបន្ថយរយៈពេលនៃការឃោសនាបោះឆ្នោត ពី ២១ ថ្ងៃ មកត្រឹម ១៤ ថ្ងៃវិញ។ ចំណែកអង្គបោះឆ្នោត គឺនៅតែជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ និងសមាជិករដ្ឋសភាក្នុងតំណែងដដែល៕