កម្ពុជា ស្នើ​ឲ្យ FBI អាមេរិក ជួយ​បណ្ដុះ​បណ្ដាល​មន្ត្រី​នគរបាល​របស់​ខ្លួន

  • 2017-06-20 03:48:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្ដេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ស្នើ​ឲ្យ​ស្ថាប័ន FBI របស់​សហរដ្ឋ​អាមេរិក ជួយ​បណ្ដុះ​បណ្ដាល​មន្ត្រី​នគរបាល​កម្ពុជា ឲ្យ​បាន​ចំនួន២​រូប​ក្នុង​១ឆ្នាំ។ ការ​ស្នើ​នេះ ធ្វើ​ឡើង​ក្នុង​សន្និសីទ​អតីត​សិក្ខាកាម​បណ្ឌិត​សភា FBI ប្រចាំ​អាស៊ី​ប៉ាស៊ីហ្វិក​លើក​ទី២០ ដែល​ប្រារព្ធ​នៅ​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី១៩ ខែ​មិថុនា ឆ្នាំ​២០១៧។ ឆ្លើយ​តប​នឹង​សំណើ​ខាង​លើ លោក Paul Delacourt តំណាង​ស្ថាប័ន FBI បាន​និយាយ​ថា សម្រាប់​សំណើ​របស់​កម្ពុជា លោក​នឹង​រាយការណ៍​ទៅ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ដើម្បី​ពិនិត្យ និង​សម្រេច។

សម្ដេច ស ខេង បាន​ថ្លែង​ថា បច្ចុប្បន្ន អំពើ​ភេរវកម្ម​អន្តរជាតិ កំពុង​កើត​ឡើង​ជា​បន្ត​បន្ទាប់ ក្រោម​រូបភាព​ផ្សេងៗ​គ្នា ដូចជា ការ​បើក​រថយន្ត​បុក​ហ្វូង​មនុស្ស ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត និង​ការ​បាញ់​រះ ជា​ដើម។ ហេតុដូច្នេះ​ហើយ កម្ពុជា ត្រូវ​ត្រៀម​សមត្ថភាព​ឲ្យ​បាន​គ្រប់គ្រាន់ ជាពិសេស​មាន​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ជិត​ស្និទ្ធ​ជាមួយ​នឹង​បណ្ដា​ប្រទេស​នៅ​ក្នុង​ពិភពលោក ដើម្បី​រួម​គ្នា​ទប់ស្កាត់ និង​បង្ក្រាប​បទ​ល្មើស​ឲ្យ​បាន​ទាន់​ពេល​វេលា។

បន្ថែម​ពី​នេះ សម្ដេច​ក្រឡាហោម បាន​បញ្ជាក់​ថា សព្វ​ថ្ងៃ កម្ពុជា មាន​មន្ត្រី​ជា​អតីត​សិក្ខាកាម​បណ្ឌិត​សភា FBI ចំនួន​៨នាក់ និង​ត្រៀម​ចូល​ទៅ​បណ្ដុះ​បណ្ដាល​ម្នាក់​ទៀត ក្នុង​ខែ​កក្កដា​ខាង​មុខ៕

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;