អ្នក​វិនិយោគ​ថៃ ងាក​ទៅ​ដាក់​ទុន​វិនិយោគ​នៅ​ក្រៅ​ប្រទេស​យ៉ាង​គំហុក

  • 2017-06-20 06:03:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​វិនិយោគ​ថៃ បាន​បោះ​ទុន​វិនិយោគ ១៣​ពាន់​លាន​ដុល្លារ នៅ​ក្រៅ​ប្រទេស កាលពី​ឆ្នាំ​២០១៦ និង​ទទួល​បាន​ការ​បោះ​ទុន​វិនិយោគ​ពី​បរទេស​ចូល​មក​វិញ ត្រឹម​តែ ១,៦​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ។ នេះ​បើ​តាម​សន្និសីទ​អង្គការ​សហប្រជាជាតិ​ស្ដីពី​ពាណិជ្ជកម្ម និង​ការ​អភិវឌ្ឍ។ ចំណែក​ពី​ខែ​មករា ដល់​មេសា ២០១៧ ការ​បោះ​ទុក​វិនិយោគ​របស់​ថៃ នៅ​ក្រៅ​ប្រទេស​មាន​ចំនួន ២,៩​លាន​ដុល្លារ។

ស្ថិតិរបស់សន្និសីទ​អង្គការ​សហប្រជាជាតិ​ស្ដីពី​ពាណិជ្ជកម្ម និង​ការ​អភិវឌ្ឍ
ក្នុង​នោះ ក្រុមហ៊ុន​ផលិត​ស៊ីម៉ង់​របស់​ថៃ ដ៏​ធំជាងគេ​នៅ​អាស៊ី Siam Cement បាន​បោះ​ទុន ៤៤០​លាន​ដុល្លារ បង្កើត​រោងចក្រ​ផលិត​ស៊ីម៉ង់​នៅ​ក្នុង​ប្រទេស​វៀតណាម កាលពី​ខែ​មីនា ២០១៧។ ចំណែក​ក្រុមហ៊ុន​ដ៏​ធំ​របស់​ថៃ​មួយ​ទៀត BCPG Pcl បាន​បោះ​ទុន​វិនិយោគ ៣៥៨​លាន​ដុល្លារ នៅ​ក្នុង​ប្រទេស​សិង្ហបុរី ដោយ​សហការ​ជាមួយ​សិង្ហបុរី Star Energy Group Holdings លើ​គម្រោង​ថាមពល​ស្អាត។

ការ​កើនឡើងនូវ​ការ​បោះ​ទុន​វិនិយោគ​របស់​ក្រុមហ៊ុន​ថៃ នៅ​ក្រៅ​ប្រទេស​នេះ គឺ​ក្រោយ​រដ្ឋាភិបាល​យោធា​ថៃ​បាន​គ្រប់គ្រង​អំណាច ហើយ​សេដ្ឋកិច្ច​របស់​ថៃ​បាន​ធ្លាក់​ចុះ។ ជាង​នេះ​ទៀត គឺ​ប្រជាជន​ថៃ​បាន​កាត់​បន្ថយ​ការ​ចំណាយ​របស់​ខ្លួន ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​របស់​ថៃ បាន​ងាក​ទៅ​រក​ទីផ្សារ​នៅ​ក្រៅ​ប្រទេស​ជំនួស​វិញ។

ប៉ុន្តែ​បើ​តាម​លោក Eugene Gong អ្នក​ធនាគារ Deutsche Bank AG ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ បាន​បញ្ជាក់​ថា ការ​បោះ​ទុន​វិនិយោគ​របស់​ក្រុមហ៊ុន​ថៃ​នៅ​ក្រៅ​ប្រទេស​នេះ គឺ​ជា​មហិច្ឆតា​បន្ថែម​ទៀត​របស់​ក្រុមហ៊ុន​ទាំង​នោះ ក្នុង​ការស្វែងរក​​ជោគជ័យ​នៅ​ក្នុង​តំបន់ និង​សកលលោក។

សូម​បញ្ជាក់​ថា ចរន្ត​ពាណិជ្ជកម្ម​របស់​ថៃ​ គឺ​ផ្ទុយ​ពី​ប្រទេស​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង​សិង្ហបុរី​ដែល​បាន​កាត់​បន្ថយ​ការ​បោះ​ទុន​វិនិយោគ​របស់​ខ្លួន ទៅ​ក្រៅ​ប្រទេស កាលពី​ឆ្នាំ​២០១៦៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;