អាជ្ញាធរ​ក្រុង​សៀមរាប បង្ហាញពី​បញ្ហា​ប្រឈម​១ ដែល​ប៉ះពាល់​ដល់​សោភណ្ឌភាព​ក្រុង

  • 2017-06-23 13:33:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក សូ ប្លាតុង អភិបាល​ក្រុង​សៀមរាប អះអាង​ថា សំរាម​គឺ​នៅតែ​ជា​បញ្ហា​ប្រឈម​ធ្វើឱ្យ​ប៉ះពាល់​ដល់​សោភណ្ឌភាព​ក្រុង​ទេសចរណ៍​១នេះ។ លោក​លើកឡើង​ដូច្នេះ នៅព្រឹក​ថ្ងៃទី២៣​មិថុនា ក្នុង​ឱកាស​ប្រារព្ធ​ទិវា​បរិស្ថាន​ជាតិ និង​បរិស្ថាន​ពិភពលោក​ថ្ងៃទី៥​មិថុនា ២០១៧។

លោក សូ ប្លាតុង (រូបកណ្តាល) ក្នុងទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ព្រឹកថ្ងៃទី២៣មិថុនា

លោក​បញ្ជាក់​ថា កន្លងមក​នេះ អាជ្ញាធរ​ខេត្ត ក្រុង បាន​ខិតខំ​ធ្វើយុទ្ធនាការ​សម្អាត​បរិស្ថាន និង​ផ្សព្វផ្សាយ​អប់រំ​ឱ្យ​ប្រជាពលរដ្ឋ មានការ​យល់ដឹង​ពី​បញ្ហា​សំរាម និង​ឱ្យមាន​ការ​ចូលរួម សម្អាត​ឱ្យបាន​ជា​ប្រចំា ប៉ុន្តែ​រហូត​មកដល់​ពេលនេះ ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​នៅ មាន​កម្រិត​នៅឡើយ។ ប្រជាពលរដ្ឋ​មួយចំនួន​នៅតែ​បោះចោល សំរាម​តាមទី​សាធារណៈ ពាសវាល​ពាសកាល ដោយ​មិនបាន​វេចខ្ចប់​ឱ្យបាន​ត្រឹមត្រូវ យក​ទៅដាក់​ក្នុង​ធុង​សំរាម​តាម ការណែនំា​របស់​អាជ្ញាធរ​នោះទេ។

របាយការណ៍​របស់​មន្ទីរ​បរិស្ថាន​ខេត្ត​សៀមរាប​បាន​ឱ្យដឹង​ថា នៅក្នុង​ក្រុង​សៀមរាប ក្នុង១ថ្ងៃ មាន​សំរាម​ប្រមាណ​ពី ៣០០ ទៅ ៣៥០​តោន ហើយ​សំរាម​ទំាងនេះ ក្រុមហ៊ុន​ប្រមូល​សំរាម បាន​ប្រមូល​និង​ដឹកជញ្ជូន​ចេញ​បាន តែ៦០ ទៅ៧០% ប៉ុណ្ណោះ។ ចំណែក​សំរាម​ដែលនៅសល់​ ត្រូវ​ប្រជាពលរដ្ឋ​យកទៅ​ដុត​កប់​បោះចោល នៅតាម​ដងផ្លូវ​ក្នុង​ប្រឡាយ​ទឹក ដែល​កំពុងតែ​ធ្វើឱ្យ​មាន​ហានិភ័យ​ដល់​បរិស្ថាន សុខភាព និងការ​រស់នៅ​របស់​ប្រជាពលរដ្ឋ៕

ប្រភព៖ AKP ប្រែ​សម្រួល៖ សំភី

;