ថ្ងៃ​ដឹកនាំ​ដំបូង​របស់ Kiatisak Senamuang ចាញ់​ទក់​សាច់

  • 2017-06-27 01:37:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អតីត​គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ថៃ លោក Kiatisak Senamuang បាន​ទទួល​រងបរាជ័យ ក្នុង​ការ​ដឹកនាំ​ក្រុម Port ប្រកួត​ផ្លូវការ​ជា​លើកដំបូង​នៅ​លីគ​កំពូល​ថៃ ដោយ​ចាញ់​ក្រុម Bangkok United ក្នុង​លទ្ធផល ៣-០ នៅ​កីឡដ្ឋាន PAT Stadium កាលពី​យប់​ថ្ងៃ​អាទិត្យ​កន្លងទៅ។

ក្រុម Port ប៉ះ Bangkok United
លោក Kiatisak Senamuang

បុរស​ដែល​មាន​រហស្សនាម​ថា Zico ខាង​លើ ទើប​តែ​ចូល​ដឹកនាំ​ក្រុម Port កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ ដោយ​ជំនួស​តំណែង​របស់​លោក Jadet Meelarp ដែល​បាន​ដឹកនាំ​ក្រុម​មួយ​នេះ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៨ ត្រឹម​ពាក់​កណ្ដាល​រដូវ​កាល។

ក្រោយ​បរាជ័យ​ក្នុង​នាម​ជា​គ្រូ​បង្វឹក​ក្លឹប​នៅ​លីគ​កំពូល លោក Zico បាន​សរសេរ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ថា៖ «វា​មិនមែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ ក្នុង​នាម​ជា​គ្រូ​បង្វឹក​នៅ​លីគ​កំពូល​ថៃ... ខ្ញុំ​មាន​ពេល​ត្រឹមតែ​២​ថ្ងៃ​ប៉ុណ្ណោះ មុន​ការ​ប្រកួត​នេះ ហើយ​ពួកយើង​មិនទាន់​ត្រៀម​ខ្លួន​រួចរាល់​សម្រាប់​ផែនការ​នៅ​ក្នុង​ការ​ប្រកួត​នៅ​ឡើយ»។

លោក​បាន​សន្យា​ជា​អ្នកគាំទ្រ​ក្រុម Port ថា លោក​នឹង​ព្យាយាម​បង្វឹក​កូន​ក្រុម​ឲ្យ​កាន់តែ​មានការ​វិវឌ្ឍ​ខ្លួន​ប្រសើរ​ឡើង ហើយ​លោក​ពិតជា​រីករាយ នៅ​ពេល​ឃើញ​ការ​លេង​ពួកគេ។

សូម​បញ្ជាក់​ថា ក្រុម Port ទើប​តែ​ឡើង​មកកាន់​លីគ​កំពូល​ថៃ រដូវកាល២០១៧ នេះ​ប៉ុណ្ណោះ។ បច្ចុប្បន្ន ពួកគេ​មាន ២៨​ពិន្ទុ ឈរ​លេខ៩ ក្នុង​តារាង៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;