ក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូន ​ពន្យារ​ពេល​ដល់​ហាង​លក់​យានយន្ត ក្នុង​ការ​ចុះ​បញ្ជី​ជូន​អ្នក​ទិញ

  • 2017-07-04 13:22:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូន ​បាន​សម្រេច​ពន្យារ​ពេល ក្នុង​ការ​អនុញ្ញាត​ឲ្យ​គ្រប់​ហាង​លក់​យានយន្ត​ទាំង​អស់ ចុះ​បញ្ជី​យានយន្ត​ជូន​ប្រជា​ពលរដ្ឋ ​ដែល​ជា​អ្នក​ទិញ។ ​ពី​មុន ​ក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន ធ្លាប់​បាន​កំណត់​យក​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០១៧ ​ដើម្បី​ឲ្យ​ម្ចាស់​ហាង​លក់​យានយន្ត​ទាំង​អស់ ​ត្រូវ​ចុះ​បញ្ជី​យានយន្ត ឬ​ធ្វើ​ប័ណ្ណ​សម្គាល់​យានយន្ត ​ស្លាក​លេខ ឬ​កាតគ្រី ​ជូន​ដល់​អ្នក​ទិញ។

សេចក្តី​ជូន​ដំណឹង​ចុះ​ថ្ងៃ​ទី​៣០ ​ខែ​មិថុនា ​ឆ្នាំ​២០១៧ ​របស់​ក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូន ​បង្ហាញ​ថា ការ​សម្រេច​ពន្យារ​ពេល​ក្នុង​ការ​អនុញ្ញាត​ឲ្យ​គ្រប់​ហាង​លក់​យានយន្ត​ទាំង​អស់ ចុះ​បញ្ជី​យានយន្ត​ជូន​ប្រជា​ពលរដ្ឋ ដែល​ជា​អ្នក​ទិញ​យានយន្ត​នោះ ​គឺ​ក្រសួង​នឹង​ធ្វើការ​ជូន​ដំណឹង​អំពី​កាល​បរិច្ឆេទ​ថ្មី ​នៅ​ពេល​ក្រោយ។

ចំពោះ​មូលហេតុ​នៃ​ការ​ពន្យារ​ពេល​នេះ ​ត្រូវ​បាន​ក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន ​លើក​ឡើង​ថា ដោយសារ​ចំនួន​ហាង​លក់​យានយន្ត​នៅ​ទូទាំង​ប្រទេស ដែល​មក​ដាក់​ពាក្យ​ស្នើសុំ​សិទ្ធិ​ក្នុង​ការ​ចុះ​បញ្ជី​យានយន្ត ​នៅ​មាន​ចំនួន​តិច។ ម្យ៉ាង​វិញ​ទៀត ​ក្រសួង​ចង់​ផ្តល់​ឱកាស​ដល់​ហាង​លក់​យានយន្ត ​ដែល​មិន​ទាន់​បាន​ដាក់​ពាក្យ​ស្នើសុំ ឲ្យ​ត្រៀម​លក្ខណៈ​ក្នុង​ការ​ចូលរួម​ផ្តល់​សេវា​ចុះ​បញ្ជី​នេះ ​ឲ្យ​បាន​ទូលំទូលាយ​នៅ​ទូទាំង​ប្រទេស។

ក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន ​ក៏​បាន​ជម្រាប​ជូន​ប្រជាពលរដ្ឋ ​ដែល​ជា​ម្ចាស់​រថយន្ត អាច​ធ្វើ​ការ​ចុះ​បញ្ជី​រថយន្ត ដោយ​ខ្លួន​ឯង​ផ្ទាល់ ​តាម​រយៈ ​អាសយដ្ឋាន៖ https:// vechicle.mpwt.gov.kh របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន រួច​យក​ឯកសារ​ច្បាប់​ដើម ទៅ​តម្កល់​នៅ​ទីតាំង​ផ្តល់​សេវា​សាធារណៈ​របស់​ក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូន ដើម្បី​ទទួល​បាន​ស្លាក​លេខ ​និង​ប័ណ្ណ​សម្គាល់​របស់​រថយន្ត៕

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;