ចាន់ រតនា កាន់តែចាស់កាន់តែខ្លាំង ផ្ដួលថៃឲ្យសន្លប់ ៣នាក់ផ្ទួនៗ
- 2017-07-10 08:08:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាន់ រតនា កាន់តែចាស់កាន់តែខ្លាំង ផ្ដួលថៃឲ្យសន្លប់ ៣នាក់ផ្ទួនៗ
ចន្លោះមិនឃើញ
អ្នកប្រដាល់ចាស់វស្សា ចាន់ រតនា ពិតជាមិនធម្មតាទេ សម្រាប់ការវិលចូលសង្វៀនសាជាថ្មីលើកនេះ ដោយរូបគេហាក់បង្ហាញពីទម្រង់ប្រកួតបានយ៉ាងល្អ ក្នុងនោះ ៣ប្រកួត បានផ្ដួលដៃគូឲ្យសន្លប់ទាំង ៣ប្រកួតនាពេលថ្មីៗនេះ។
សម្រាប់ការវិលមករកសង្វៀនគុនខ្មែររបស់ ចាន់ រតនា ក្នុងពេលថ្មីៗនេះបានធ្វើឲ្យអ្នកនិយមវិស័យប្រដាល់មានការកោតសរសើរជាខ្លាំង តាមរយៈលទ្ធផលនៃការប្រកួតទាំង៣លើកនេះ។ ចំពោះការប្រកួតមិត្តភាពទាំងពីរលើកដំបូងរបស់អ្នកប្រដាល់ក្បាច់គុនចម្រុះខាងលើ ទី១ផ្ដួល Vasdangsit (ថៃ) ដោយក្បាច់ទាត់ផ្កាប់ចានឲ្យសន្លប់នៅទឹកទី៣ កាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០១៧ លើកទី២ ផ្ដួល Kaophong Chaipum (ថៃ) ដោយក្បាច់ទាត់ផ្កាប់ចាននៅទឹកទី៣ កាលពីថ្ងៃទី២៣ ខែមិថុនា ២០១៧។
ដោយឡែកចំពោះការប្រកួតលើកទី៣ ដែលជាការប្រកួតសន្សំពិន្ទុខ្សែក្រវាត់ស្រាបៀ លីអូ កាលពីថ្ងៃអាទិត្យ ទី៩ កក្កដា ម្សិលមិញនេះ រតនា នៅតែធ្វើបានល្អដដែលដោយផ្ដួលជើងខ្លាំងថៃ Waifai Lukmuenpetch ឲ្យសន្លប់នៅទឹកទី២ ដោយប្រើក្បាច់ បង្វិលខ្លួនហើយធាក់ចូលពោះ។ ចំពោះអ្នកកីឡាករថៃចុងក្រោយនេះ ជាកីឡាកររឹងមាំ និងមានសមត្ថភាពម្នាក់ ព្រោះ២ប្រកួតរបស់ Waifai Lukmuenpetch សូម្បី ឡៅ ចិន្រ្ទា និង ផល សោភ័ណ្ឌ ខំប្រឹងវ៉ៃយ៉ាងណា ក៏បានត្រឹមឈ្នះដោយពិន្ទុប៉ុណ្ណោះនាពេលកន្លងមក។
ចាន់ រតនា ជាកីឡាករជើងចាស់ម្នាក់ដែលធ្លាប់ប្រកួតទម្ងន់ធ្ងន់ និងប៉ះជើងខ្លាំងជាច្រើនរូប រួមទាំង កែវ រំចង់ និង ឡៅ ស៊ីណាត ផងដែរ។ សម្រាប់ការវិលត្រលប់មកកាន់សង្វៀនគុនខ្មែរនេះ គេទើបប្រកួតបាន៣លើកទេ ក្រោយឈប់ឡើងសង្វៀនគុនខ្មែរប្រហែល ៣-៤ ឆ្នាំកន្លងមក៕