អ៊ីរ៉ាក់ ប្រកាស​ពី​ជោគជ័យ​ដណ្ដើម​បាន​ទីក្រុង Mosul ជា​ស្ថាពរ

  • 2017-07-10 23:13:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ Haider al-Abadi បាន​ធ្វើការ​ប្រកាស​ជាផ្លូវ​ការ​អំពី​ភាព​ជោគជ័យ​លើ​ក្រុម IS នៅ​ទីក្រុង Mosul កាលពី​ម្សិលមិញ ។

សង្រ្គាម​នៅ Mosul បាន​អូស​បន្លាយ​អស់​រយៈ​ពេល ៩ខែ បណ្ដាល​ឲ្យ​តំបន់​ជា​ច្រើន​ខូចខាត ស្លាប់​ជន​ស៊ីវិល​រាប់ពាន់​នាក់ ហើយ​ប្រជាជន​លើស​ពី ៩២​ម៉ឺន​នាក់ បាន​ជម្លៀស​ខ្លួន​ពី​លំនៅឋាន​របស់​ពួកគេ​។ តាម​ការ​ប៉ាន់ស្មាន​របស់​អង្គការ​សហប្រជាជាតិ អគារ​ជាង ៥០០០​ខ្នង​ត្រូវ​រង​ការ​ខូចខាត ហើយ ៤៩០​ខ្នង​ទៀត ត្រូវ​បាន​បំផ្លាញ​ទាំង​ស្រុង។

ប្រតិបត្តិការ តទល់​នឹង IS ត្រូវ​បាន​ដឹកនាំ​ដោយ​អាមេរិក ដោយ​ផ្ដល់​ជា​ការ​គាំទ្រ​ផ្លូវ​អាកាស និង​ផ្លូវ​គោក សម្រាប់​កងកម្លាំង​របស់​អ៊ីរ៉ាក់។ បន្ទាប់ពី​ទទួល​បាន​ការ​កាន់កាប់​ទីក្រុង Mosul វិញ​ជាស្ថាព័រ លោក Abadi បាន​លើក​ទង់ជាតិ​អ៊ីរ៉ាក់ គ្រវី​ដើម្បី​បង្ហាញ​ពី​ជ័យជម្នះ​លើ​ក្រុម IS ជាមួយ​យោធា​ជា​ច្រើនរូប​នៅ​ទីក្រុង​ខាងលើ។

មន្ត្រី​យោធា​អ៊ីរ៉ាក់​អះអាង​ថា ក្រុម​សកម្ម​ប្រយុទ្ធ​ទាំង​នោះ បាន​គេច​ខ្លួន​ជាមួយ​ប្រពន្ធ​កូន​របស់​ពួកគេ។ ក្រុម​នេះ បាន​ក្ដោបក្ដាប់​ទីក្រុង Mosul បាន​កាលពី​ឆ្នាំ​២០១៤ មុន​បន្ត​គ្រប់គ្រង​តំបន់​មួយ​ចំនួន​ទៀត​នៅ​ភាគ​ខាង​ជើង និង​ភាគ​ខាង​កើត​ប្រទេស​អ៊ីរ៉ាក់៕

ប្រភព៖ BBC ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;